(ឧត្តរមានជ័យ)៖ អតីតសមាជិក សមាជិកា និងជាសកម្មជនស្ម័គ្រស្មោះប្តូរផ្តាច់មកពីគណបក្សនយោបាយ ក្នុងខេត្តឧត្តរមានជ័យ សរុប២៦៤រូប បានផ្លាស់ប្តូរចិត្តមកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងដឹកនាំរាជរដ្ឋាភិបាល បន្ទាប់ពីពួកគេបានមើលឃើញថាបក្សនេះបានធ្វើសកម្មភាព និងពលីកម្មជាច្រើនក្នុងបុព្វហេតុជាតិ និងប្រជាជន។
ពិធីសំណេះសំណាល និងបញ្ចូលសមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ បានធ្វើឡើងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្ត
និងលោក ភឺន ផល្លា សមាជិកគណៈកម្មាធិការកណ្តាល អមដោយលោក ផៃ ប៊ុនវណ្ណៈ សមាជិកអចិន្ត្រៃយ៍គណបក្សខេត្តឧត្តរមានជ័យ។
បើតាមមតិចំណាប់អារម្មណ៍ និងការប្តេជ្ញាចិត្ត របស់សមាជិកគណបក្សថ្មី បានលើកឡើងថា ការសម្រេចចាកចេញរបស់សមាជិក សមាជិកា និងជាសកម្មជនសរុប២៦៤រូប គឺដោយសារបានចាញ់ការឃោសនា បោកប្រាស់របស់គណបក្សផ្សេង ដែលបង្ខូចមួលបង្កាច់គណបក្សប្រជាជនកម្ពុជាគ្រប់រូបភាព។
ទង្វើរបស់ពួកគេនឹងនាំឱ្យប្រជាជនរងនូវវិនាសកម្ម បែកបាក់ មានគំនុំគំគួនរវាងខ្មែរគ្នាឯង នាំប្រទេសទៅរកជម្លោះ និងសង្គ្រាម បង្កជាវិនាសកម្មព្រាត់ប្រាស់ជាបន្តទៀត។ ផ្ទុយពីគណបក្សប្រជាជន ដែលបានរំដោះប្រជាជនឱ្យរួចផុតពីបនប្រល័យពូជសាសន៍ ហើយបន្តរួបរួមសាមគ្គីឯកភាពគ្នា កសាង ការពារជាតិ មាតុភូមិឱ្យរីកចម្រើនលូតលាស់ជាបន្តបន្ទាប់ នាំមកនូវសន្តិភាព និងការអភិវឌ្ឍជូនជាតិមាតុភូមិ និងប្រជាជនឥតឈប់ឈរ។
សមាជិកគណបក្សថ្មីបានសម្តែងនូវការដឹងគុណចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដឹកនាំនាវាកម្ពុជាទៅរកសុខសន្តិភាព និងការអភិវឌ្ឍ ធ្វើឱ្យប្រជាជនកម្ពុជាទាំងក្នុង និងក្រៅប្រទេស អបអរសាទរ និងគាំទ្រជារៀងរហូត៕