(ភ្នំពេញ)៖ សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក និងជាព្រះមេគណរាជធានីភ្នំពេញ តំណាងសម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយកស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ បាននិមន្តព្រះមន្រ្តីសង្ឃ ដើម្បីជួបសំណេះសំណាល សួរសុខទុក្ខព្រះមន្រ្តីសង្ឃ និងភិក្ខុ សាមណេរ ដែលគង់នៅតាមបណ្ដាវត្តនានាក្នុងរាជធានីភ្នំពេញ។
ក្នុងពិធីនេះមានការនិមន្ត-អញ្ជើញចូលរួមពីព្រះមន្រ្តីសង្ឃសាលាគណ សាលាអនុគណខណ្ឌទាំង១៤ និងព្រះចៅអធិការទូទាំងរាជធានីភ្នំពេញ ព្រមទាំងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងមន្ត្រីរាជការនៃក្រសួងធម្មការនិងសាសនា សរុបប្រមាណ២០០អង្គ/នាក់។
នៅក្នុងឱកាសនោះ សម្តេចព្រះពុទ្ធជ័យមុនី បានមានថេរដីការំលឹកដល់ព្រះមន្រ្តីសង្ឃគ្រប់ព្រះអង្គថា សូមព្រះមន្រ្តីសង្ឃគ្រប់ព្រះអង្គត្រូវប្រកាន់ខ្ជាប់នូវការបដិបត្តិវិន័យតាមសិក្ខាបទទាំង២២៧របស់ព្រះភិក្ខុសង្ឃ ព្រមទាំងបានក្រើនរំលឹកដល់ព្រះសង្ឃគ្រប់អង្គ ជាពិសេសព្រះមន្រ្តីសង្ឃដែលជាថ្នាក់ដឹកនាំវត្តទាំងអស់ ឱ្យយកព្រះទ័យទុកដាក់ចំពោះ៖
* ការពង្រឹងការគ្រប់គ្រងព្រះសង្ឃ សីលវន្ត សីលវតីក្នុងវត្ត ត្រួតពិនិត្យ តាមដានជាប្រចាំសកម្មភាពរបស់ភិក្ខុ សាមណេរក្នុងវត្ត ត្រូវព្យាយាមរង្ងាប់អធិការណ៍ និងត្រូវពង្រឹងក្រមសីលធម៌ក្នុងការប្រើប្រាស់បណ្តាញសង្គមទំនាក់ទំនងផ្សេងៗ ឲ្យសក្តិសមជាភេទបព្វជិត ដើម្បីលើកតម្លៃព្រះពុទ្ធសាសនា។
* ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ត្រូវចូលរួមពង្រឹងវិស័យពុទ្ធិកសិក្សាឲ្យបានល្អ និងជួយឧបត្ថម្ភ គាំទ្រ ជំរុញលើកទឹកចិត្តដល់សមណសិស្ស-និស្សិតពុទ្ធិកសិក្សា ដើម្បីក្លាយជាធនធាន និងបញ្ញវន្តក្នុងព្រះពុទ្ធសាសនា និងសង្គមជាតិ។
* គប្បីធ្វើកិច្ចការសង្គមតាមរយៈការទេសនាអប់រំ ឬសកម្មភាពផ្សេងៗដែលផ្តល់ផលវិជ្ជមាន និងណែនាំពុទ្ធបរិស័ទ ក្នុងការអប់រំចិត្តមិនឱ្យធ្វើអំពើហិង្សា មិនឱ្យធ្វើអំពើខុសឆ្គងផ្សេងៗឱ្យរក្សាសីល ធ្វើទានឱ្យចេះស្រឡាញ់រាប់អានគ្នា សាមគ្គីគ្នា និងចេះជួយគ្នាជាដើម។
* សម្ដេចព្រះពុទ្ធជ័យមុនី មានថេរដីកាបន្ថែមទៀតថា បើព្រះមន្ត្រីសង្ឃគ្រប់វត្តអារាម បានដាសតឿនគ្នា ខ្ញុំព្រះករុណាជឿជាក់ថា យើងនឹងមានសតិមិនភ្លេចខ្លួនថាខ្លួនឯងជាអ្នកបួស ដូចនេះនឹងមិនប្រព្រឹត្តធ្វើអ្វីឱ្យខុសឆ្គង ប្រាសចាកធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធ ហើយច្បាស់ណាស់យើងនឹងកើតមានធម៌សាមគ្គីគ្នានិងគ្នា ដោយមិនភ្លេងសតិឡើយ។
សម្ដេចព្រះពុទ្ធជ័យមុនីក៏បានផ្ដាំផ្ញើដល់ព្រះសង្ឃគ្រប់ព្រះអង្គថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោ បន្តដល់ សម្ដេចធិបតីជានាយករដ្ឋមន្ត្រី ដែលជាពុទ្ធសាសនិកដ៏ឆ្នើម តែងតែលើកតម្កើង និងឧបត្ថម្ភព្រះពុទ្ធសាសនា ដូចនេះសូមព្រះករុណាគ្រប់អង្គជឿគាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សូមព្រះសង្ឃគ្រប់អង្គនិមន្តចូលរួម ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិឲ្យបានរីកចម្រើនបន្តទៅមុខទៀត និងកុំធ្វើសកម្មភាពណាមួយនាំឱ្យបង្កចលាចល បង្កផលលំបាកដល់រាជរដ្ឋាភិបាលកម្ពុជាឡើយ។
លោក ចាយ បូរិន បានឲ្យដឹងថា ចំពោះកិច្ចការពង្រឹងនូវព្រះធម៌វិន័យដល់ ភិក្ខុ សាមណេរ ក្រសួងធម្មការនិងសាសនា សូមឯកភាពនិងគណៈសង្ឃនាយក និងសូមថ្វាយបង្គំស្នើរដល់គណៈសង្ឃនាយក ណែនាំដល់ព្រះចៅអធិការ ពង្រឹងនូវធម៌វិន័យ ដល់ភិក្ខុ សាមណេរ សមទៅនឹងអភិក្រម ៥ របស់ព្រះពុទ្ធសាសនា រួមមាន៖
១.បព្វជ្ជា (ការបួស)
២.បរិយត្តិ (ការសិក្សា)
៣.បដិបត្តិ ( ការប្រតិបត្តិ)
៤.បដិវេធ (លទ្ធផល)
៥.បព្វាជនីយកម្ម (ការដាក់ទោស ឬបញ្ចប់ភារកិច្ច) ។
លោករដ្ឋមន្រ្តីបានបន្តថា ចំពោះព្រះមន្រ្តីសង្ឃ ដែលប្រើប្រាស់បណ្ដាញសង្គម ប្រើប្រាស់ឱ្យបានត្រឹមត្រូវ ដើម្បីជាឧត្តមប្រយោជន៍ព្រះពុទ្ធសាសនា ព្រមទាំងបានណែនាំឱ្យវត្តអារាមរៀបចំសោភ័ណភាពវត្ត ដើម្បីត្រៀមរៀបចំបុណ្យភ្ជុំបិណ្ឌ និងកឋិនទាន។
នាឱកាសនោះដែរ លោក ចាយ បូរិន បានថ្វាយបង្គំប្រគេនផងដែរ តាមរយៈគណៈសង្ឃនាយក ចំពោះព្រះមន្រ្តីសង្ឃដែលចង់និមន្តទៅដល់ខេត្តភូមិឦសាន្ត ក្រសួងធម្មការនិងសាសនា នឹងរៀបចំរថយន្តនិមន្តទៅដល់ទីតាំង ដើម្បីស្វែងយល់ពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ ដែលជាផ្នែកមួយនៃគម្រោងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា៕