(ពោធិ៍សាត់)៖ លោក ហៀម ឃួន និងលោក ហេង សុភាណា អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ នាល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះព្រះវត្តមានដំណើរនិមន្តទស្សកិច្ច របស់ព្រះអង្គធម្មវនវាសី ចន្ទ មុន្នី ឆ្លងកាត់ខេត្តពោធិ៍សាត់ ក្រោយព្រះអង្គទើបនឹងបញ្ចប់ដំណើរទស្សនកិច្ចតាមព្រំដែន នៃខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តរតនគីរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ។
ព្រះវត្តមានរបស់ព្រះអង្គធម្មវនវាសី ចន្ទ មុនី ឆ្លងកាត់ខេត្តពោធិ៍សាត់ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្ត ពិសេសមានការទទួលស្វាគមន៍តាមដងផ្លូវជាតិលេខ៥ នៃការនិមន្តរបស់ព្រះអង្គ ចាប់ពីព្រំប្រទល់ឃុំស្វាយដូនកែវ រហូតមកដល់ឃុំអន្សាចំបក់។
សូមបញ្ជាក់ថាការទទួលដំណើរនិមន្តទស្សនកិច្ច របស់ព្រះអង្គធម្មវនវាសី ចន្ទ មុន្នី បានបង្ហាញឱ្យឃើញពីតម្លៃសុខសន្តិភាពដែលមានពេញផ្ទៃប្រទេស ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាឃើញការរស់នៅយ៉ាងសុខសាន្ត របស់ប្រជាពលរដ្ឋ ក្រោមម្លប់នៃសន្តិភាព ដែលកំពុងមានសព្វថ្ងៃ និងបន្តចង់បាន ពីសំណាក់បងប្អូនប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ដូចគ្នាជាមួយប្រជាពលរដ្ឋរស់នៅខេត្តជាប់ព្រំដែន ជាពិសេសខេត្តជាប់ព្រំដែនទាំង៤ ក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី នៃតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម CLV-DTA៕