(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ ក៏ដូចជាក្រុមហ៊ុននានាចូលរួមប្រើប្រាស់សេវាដឹកជញ្ជូនទំនិញ និងធ្វើដំណើរតាមផ្លូវដែកកម្ពុជាឱ្យបានជាអតិបរមា ដោយហេតុផលចំណេញថវិកាជាមួយនឹងតម្លៃទាបក្នុងការដឹកជញ្ជូន និងធ្វើដំណើរ។
លោក ប៉េង ពោធិ៍នា បានថ្លែងយ៉ាងដូចនេះនាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤នេះ នាឱកាសជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការ មជ្ឈមណ្ឌលបទពិសោធអតិថិជនសែលកាត រ៉ូយ៉ាល់រេលវេ ដោយមានការចូលរួមពីអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប (Royal Group) និងលោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។
លោក ប៉េង ពោធិ៍នា ក៏បានស្នើដល់ក្រុមហ៊ុន Royal Railway ធ្វើទំនើបកម្មដោយបំពាក់បរិក្ខារ ឧបករណ៍សុវត្ថិភាពនានា ដើម្បីបង្កើនប្រសិទ្ធភាពដឹកជញ្ជូន ឆ្លើយតបនឹងរបត់ដ៏សំខាន់ក្នុងការប្រតិបត្តិវិស័យដឹកជញ្ជូនតាមផ្លូវដែក ក៏ដូចជាដើម្បីលើកស្ទួយវិស័យផ្លូវដែកនៅកម្ពុជា។
មជ្ឈមណ្ឌលបទពិសោធអតិថិជនសែលកាត រ៉ូយ៉ាល់រេលវេ នឹងក្លាយជាកន្លែងពហុមុខងារ សម្រាប់បម្រើសេវាអតិថិជន លើផ្នែកទូរគមនាគមន៍ និងសេវាកម្មធនាគារ ដែលអាចទាញសេវាទាំងអស់មកក្នុងទីតាំងតែមួយ បង្កភាពងាយស្រួលដល់អ្នកប្រើប្រាស់ និងសាធារណជន មានដូចជាហាងកាហ្វេ សេវាកម្មធនាគារ កន្លែងលក់សំបុត្ររថភ្លើង និងសេវាកម្មអតិថិជនយ៉ាងពេញលេញមានដូចជា ទិញស៊ីមកាត eSim និងលេខពិសេស បើកស៊ីមកាតឡើងវិញ ប្តូរកម្មសិទ្ធិស៊ីមកាត ភ្ជាប់សេវាកម្ម ឬ កញ្ចប់ផ្សេងៗ សេវាកម្មអ៊ីនធឺណិតគេហដ្ឋាន និងទូរស័ព្ទទំនើបៗជាច្រើន។
បន្ថែមពីនេះ លោករដ្ឋមន្រ្តី បានសម្តែងការចូលរួមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប (Royal Group) ក្នុងពិធីសម្ពោធជាផ្លូវការ មជ្ឈមណ្ឌលបទពិសោធអតិថិជនសែលកាត រ៉ូយ៉ាល់រេលវេផងដែរ៕