(បាងកក, ថៃ)៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញទៅចូលរួមអបអរសាទរលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីថ្មីនៃព្រះរាជាណាចក្រថៃ ជាលក្ខណ:គ្រួសារ និងក្រៅផ្លូវការ។ នេះបើតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក។
នៅលើ Facebook, លោក ហ៊ុន ម៉ានី បានថ្លែងថា ការជួបជុំ និងទទួលទានអាហារជាលក្ខណៈគ្រួសារដ៏កក់ក្តៅ។ ចំណងគ្រួសារយើងទាំងពីរនៅតែរឹងមាំជានិច្ច។
នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបង្ហាញការអបអរសាទរដល់ថាក់ស៊ីន ស៊ីណាវ៉ាត្រា សូមឱ្យមានសំណាងល្អ និងអបអរសាទរប្អូនស្រី Ong Ing ដែលសំដៅលើលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រាដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីថ្មីនៃព្រះរាជាណាចក្រថៃ។
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបន្តថា ការជួបជុំថ្ងៃនេះ គ្រាន់តែជាបែបលក្ខណៈគ្រួសារប៉ុណ្ណោះ នៅពេលដែលកាលៈទេសៈផ្លូវការមកដល់ វានឹងក្លាយជារឿងមួយផ្សេងទៀត៕