(ភ្នំពេញ)៖ លោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនាអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ការណែនាំអំពីការប្រតិបត្តិធម៌វិន័យ ការគ្រប់គ្រងអប់រំព្រះសង្ឃ ក្នុងវត្តអារាមការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមឌីជីថល និងពង្រឹងតួនាទីភារកិច្ចរបស់មន្ត្រីសង្ឃសាលាគណ សាលាអនុគណ និងមន្ត្រីសង្ឃវត្តនៃសាលាគណរាជធានីភ្នំពេញ ជាមួយគណៈសង្ឃនាយកព្រះនៃរាជាណាចក្រកម្ពុជា និមន្តដឹកនាំដោយ សម្ដេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះពោធិវ័ង្ស អំ លីមហេង សម្ដេចព្រះសង្ឃនាយកស្ដីទី នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា នាទីស្តីការក្រសួង រសៀលថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៤ ។
ក្នុងពិធីនេះមានការនិមន្តចូលរួម ព្រះមន្រ្តីសង្ឃ ជាព្រះចៅអធិការទូទាំងរាជធានីភ្នំពេញទាំង១៥១អង្គ និងសាលាមានបុណ្យចំនួន៥អង្គ ទាំងពីរគណៈ គឺគណៈមហានិកាយនិងធម្មយុតិកនិកាយ ព្រមទាំងមានការអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំ មន្រ្តីជំនាញក្រសួងធម្មការនិងសាសនា ។
សម្ដេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន មានថេរដីកាថា អ្នកបួស ត្រូវរៀននូវធម៌វិន័យ និងប្រតិបត្តិធម៌វិន័យ ទៅតាមសមគួរដល់ធម៌វិន័យ ហើយត្រូវយកធម៌វិន័យទាំងនោះ ទៅអប់រំដល់ប្រជាពុទ្ធបរិស័ទគ្រប់ៗរូប។ សម្តេច ព្រះពុទ្ធជ័យមុនីបណ្ឌិត បានបន្ថែមថា តាមរយៈនេះសូមព្រះចៅអធិការគ្រប់វត្តអារាមទាំងអស់ ធ្វើការណែនាំ ពង្រឹងធម៌វិន័យ និងជំរុញការសិក្សារៀនសូត្រ ដល់ភិក្ខុ សាមណេរ ឲ្បបានតឹងរឹង។ សម្ដេចព្រះពុទ្ធជ័យមុនី ក៏បានបន្ថែមទៀតថា ព្រះករុណាគ្រប់អង្គត្រូវចូលរួមគាំទ្រជាមួយរាជរដ្ឋាភិបាល ដើម្បីការអភិវឌ្ឍន៍ជាតិ ដែលមានសន្តិភាពស្រាប់ឲ្យកាន់តែរីកចម្រើនថែមទៀត ។
លោកចាយ បូរិន បានមានប្រសាសន៍ថា ចំពោះកិច្ចការពង្រឹងនូវព្រះធម៌វិន័យដល់ ភិក្ខុ សាមណេរ ក្រសួងធម្មការនិងសាសនា សូមឯកភាពនិងគណៈសង្ឃនាយក និងសូមថ្វាយបង្គំស្នើរដល់គណៈសង្ឃនាយក ណែនាំដល់ព្រះចៅអធិការ ពង្រឹងនូវធម៌វិន័យ ដល់ភិក្ខុ សាមណេរ សមទៅនិងអភិក្រម ៥ របស់ព្រះពុទ្ធសាសនារួមមាន ៖
១. បព្វជ្ជា (ការបួស)
២. បរិយត្តិ (ការសិក្សា)
៣. បដិបត្តិ ( ការប្រតិបត្តិ)
៤. បដិវេធះ(លទ្ធផល)
៥. បព្វាជនីយកម្ម (ការដាក់ទោស ឬ បញ្ចប់ភារកិច្ច) ។
ជាពិសេសមិនត្រូវធ្វើអ្វីសកម្មភាពណាមួយដែលរាជរដ្ឋាភិបាលហាមឃាត់ និងបន្តថែរក្សាវត្តអារាម ឱ្យស្អាត ឱ្យស្វាង ឱ្យស្ងប់ ។
ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់បន្តថា ចំពោះព្រះសង្ឃដែលប្រើបណ្តាញសង្គមវិញនោះ សូមព្រះប្រើប្រកបដោយបញ្ញាដោយការចែករំលែកនិងបង្ហោះនូវសកម្មភាព ឬ ចំណេះដឹង ដែលបម្រើដល់ឧត្តមប្រយោជន៍ព្រះពុទ្ធសាសនា ដោយមិនគួរគប្បីប្រើប្រាស់បណ្តាញសង្គម បង្ហោះវីដេអូផ្សេងៗដែលប្រាស់ចាកពីវិន័យជាព្រះសង្ឃ ដែលធ្វើប៉ះពាល់ដល់តម្លៃន័យព្រះពុទ្ធសាសនា និងជៀសវាងការចែករំលែកនូវសកម្មភាពដែលនាំឱ្យប៉ះពាល់ដល់ សន្តិសុខសណ្តាប់ធ្នាប់និងស្ថិរភាពនយោបាយ។
នាឱកាសនេះលោក ចាយ បូរិន និងគណ:សង្ឃនាយក សូមលើកទឹកព្រះទ័យព្រះមន្រ្តីសង្ឃនិងព្រះចៅអធិការក្នុងរាជធានីភ្នំពេញទាំងអស់និមន្តដឹកនាំព្រះសង្ឃទៅទស្សន:កិច្ចនៅខេត្តភូមិឥសាន្ត ដើម្បីស្វែងយល់ពីគម្រោង អភិវឌ្ឍន៍ តំបន់ត្រីកោណ CLV និងការអភិវឌ្ឍនៅតំបន់នោះ ក្រោយពេលចេញព្រះវស្សា៕