(ឧត្ដរមានជ័យ)៖ លោក ស ថាវី អភិបាលឧត្តរមានជ័យ លោក យឹម ធិន ប្រធានក្រុមព្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី២៦ ខែកញាឆ្នាំ២០១៦នេះ បានចូលរួមកាន់បិណ្ឌវេនទី១០ នៅវត្តជ័យឧត្តមចុងកាល ដែលស្ថិតក្នុងភូមិគោកវត្ត ឃុំចុងកាល ស្រុកចុងកាល។
ក្នុងនោះដែរ ក៏មានការចូលរួមពី លោកអភិបាលរងខេត្ត ប្រធានមន្ទីជុំវិញខេត្ត អភិបាល អភិបាលរង ស្រុកចុងកាល និងមន្ត្រីក្រោមឱវាទ ព្រមទាំងពុទ្ធបរិស័ទ ផងដែរ។ លោក ស ថាវី អភិបាលខេត្ត មន្ត្រីរាជការ មន្ត្រីពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋ បានបង្សុកូល រាប់បាត ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធបងប្អូន ជីដូនជីតា ញាតិកាទាំង៧សន្តាន ដែលបានចែកឋានទៅ ឧទ្ទិសដល់វិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារីដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិ និង ប្រជាពលរដ្ឋដែលបានបាត់បង់ ជីវិត ក្នុងរបប ប៉ុលពតនិង សូមអោយមន្រ្តីរាជការ និង ប្រជាពលរដ្ឋទាំងអស់ ជួបតែសេចក្តីសុខគ្រប់ៗគ្នា។
ជាមួយគ្នានោះដែរ លោក ស ថាវី ក៏បានសំណេះសំណាល សួរសុខទុក្ខ យាយជី តាជី និងពុទ្ធបរិស័ទ ហើយបានជម្រុញឲ្យ បងប្អូន លោកយាយ លោកតា ដែលមិនទាន់បានធ្វើអត្តសញ្ញាណប័ណ្ណ នៅសាលាឃុំ-សង្តាត់ ដែលខ្លួនរស់ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នា។
លោកអភិបាលខេត្ត បានផ្តល់ថវិកា ដល់យាយជីតាជី១ម៉ឺនរៀល ក្នុងម្នាក់ៗផងដែរ និងបានចុះទៅសួរសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ នៅភូមិស្រម៉ ឃុំចុងកាល់ ៥០គ្រួសារ ហើយ លោកអភិបាលខេត្តបានជូន ថវិកាដល់យាយតា៧នាក់ ម្នាក់ៗទទួលបាន ២ម៉ឺនរៀល និងកុមារកំព្រា៣នាក់ ទទួលបាន១០០ដុល្លារ ផងដែរ៕