(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា នៃប្រទេសកម្ពុជានិងឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានប្រាប់ដល់និស្សិត ដែលត្រូវទៅបន្តការសិក្សានៅប្រទេសចិន ត្រូវធ្វើជាសសរទ្រូងដ៏រឹងមាំសម្រាប់ចំណងមិត្តភាព នៃប្រទេសយើងទាំងពីរ ខណៈដែលចំណងមិត្តភាពនេះ ត្រូវបានពូនជ្រុំតាំងពីថ្នាក់ដឹកនាំមុនៗ រហូតមកដល់បច្ចុប្បន្ន។

ថ្លែងក្នុងពិធីអរសាទរឆ្នាំ នៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន2024 និងជូនដំណើរនិស្សិតអាហារូបករណ៍កម្ពុជា ទៅបន្តការសិក្សានៅប្រទេសចិន កាលពីល្ងាចថ្ងៃទី 23 ខែសីហាឆ្នាំ 2024នៅសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានមានប្រសាសន៍ថា និស្សិតកម្ពុជាដែលទៅសិក្សា នៅប្រទេសចិន មិនត្រឹមតែបានសិក្សាជំនាញប៉ុណ្ណោះទេ តែអាចស្វែងយល់ស៊ីជម្រៅវប្បធម៌ និងការរស់នៅរបស់ប្រជាជនចិន ក្នុងយុគសម័យថ្មីផងដែរ។

សំឡេង៖ «ខ្ញុំសូមផ្តាំផ្ញើដល់និស្សិតទាំងអស់ត្រូវខិតខំរៀនសូត្រ ធ្វើជានិស្សិតល្អ គោរពច្បាប់ និងវិន័យសាលាចេះសាមគ្គីគ្នា ចេះបង្កើតមិត្តភាពជាមួយ និស្សិតមកពីបណ្តាប្រទេសដទៃ ដើម្បីលើកស្ទួយកិត្តិយសដល់ សាលារបស់ខ្លួន នាំមកនូវមោទនភាព ជូនគ្រួសារ និងប្រទេសជាតិ ក្លាយជាធនធានមនុស្សសម្រាប់អភិវឌ្ឍន៍ជាតិ ជាពិសេសជាសសរទ្រូងដ៏រឹងមាំសម្រាប់ពង្រឹង ចំណងមិត្តភាពកម្ពុជា-ចិនឱ្យគង់វង្សឋិតថេរជាអមតៈ។»

នៅក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានអបអរសាទរដល់និស្សិតកម្ពុជា ដែលទទួលបានអាហារូបករណ៍ទៅសិក្សាប្រទេសចិន ដើម្បីទទួលបានចំណេះដឹងថ្មីៗបទពិសោធន៍ យកមកចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ឱ្យកាន់តែរីកចម្រើន។ មិនត្រឹមតែប៉ុណ្ណោះទេ និស្សិតដែលទៅរៀនប្រទេសចិននេះ នឹងក្លាយជាអ្នកបន្តវេនពូនជ្រុំចំណងមិត្តភាព រវាងប្រទេសកម្ពុជា និងកាន់ឱ្យកាន់តែរឹងមាំថែមទៀត ព្រោះបច្ចុប្បន្ននេះ ប្រទេសយើងទាំងពីរបានសម្រេចបានជា មិត្តដែកថែបមិនអាចបំបែកបាន។ ទំនាក់ទំនងប្រទេសកម្ពុជា និងចិនបានឈានដល់ដំណាក់កាលថ្មីមួយក្នុងការកសាងសហគមន៍វាសនារួម ដែលមាន គុណភាពខ្ពស់ ស្ដង់ដារខ្ពស់ និងកម្រិតខ្ពស់។ ជាមួយគ្នានេះ រដ្ឋាភិបាលចិន នឹងបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ឱ្យបានទៅសិក្សានៅប្រទេសចិនឱ្យបានច្រើនបន្ថែមទៀត។

ប្រធានសមាគមនិស្សិតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន អាណត្តិទី៨និងនិស្សិតកម្ពុជាដែលប្រឡងជាប់ អាហារូបករណ៍ទៅសិក្សានៅប្រទេសចិន បានបង្ហាញការដឹងគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិនដែលបានផ្តល់ អាហារូបករណ៍ដល់និស្សិតកម្ពុជា បានទៅបន្តការសិក្សានៅប្រទេសចិន ទាំងថ្នាក់បរិញ្ញាប័ត្រ អនុបណ្ឌិត និងថ្នាក់បណ្ឌិតជាដើម។
ក្រុមនិស្សិតបានប្តេជ្ញាខិតខំរៀនសូត្រ ឱ្យទទួលបានជោគជ័យ ដើម្បីជាកិត្តិយសជាតិ ហើយសន្យាយកចំណេះជំនាញទាំងអស់នោះ មកចូលរួមអភិវឌ្ឍន៍ប្រទេសជាតិនៅថ្ងៃអនាគត។

លោក អ៊ុំវុទ្ធទីស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមនិស្សិតកម្ពុជាប្រចាំនៅប្រទេសចិនហៅកាត់ថា ស.ន.ក.ច បានឱ្យដឹងថា មានរយៈពេល១២ឆ្នាំមកហើយ ដែលសមាគមនិស្សិតកម្ពុជា ប្រចាំប្រទេសចិន បានជួយទៅដល់សិស្សានុសិស្ស ចំនួន ១២០០នាក់ ទៅសិក្សានៅប្រទេសចិន រួមមាន២៦ខេត្តនិងក្រុង ។ ចំណោមសិស្ស-និស្សិតចំនួន១៧៤នាក់ នៅក្នុងកម្មវិធីនេះ មានចំនួន ១៤៨នាក់ ដែលទទួលបានអាហារូបករណ៍ ចេញទៅសិក្សានៅប្រទេសចិន ក្នុងពេលដ៏ខ្លីខាងមុខ៕

អត្ថបទដោយវិទ្យុមិត្តភាពកម្ពុជាចិន