(ព្រះសីហនុ)៖ នាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលំអសមុទ្រ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦នេះ បានចូលរួមក្នុងពិធីបើកវគ្គហ្វឹកហ្វឺនពលនាវិក ដែលទើបជ្រើសរើសថ្មីចំនួន ២០០នាក់ នៅសាលាទ័ពជើងទឹក ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ នាយឧត្តមនាវីក៏បាននាំយកអំណោយ និងថវិការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនចំពោះពលនាវិកថ្មី ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នាពេលខាងមុខ។
នាយឧត្តមនាវី ទៀ វិញ បានថ្លែងទៅកាន់សិក្ខាកាមទាំង ២០០នាក់ថា ក្នុងបរិបទដែលប្រទេសជាតិមានសន្តិសុខ សុវត្ថិភាព និងសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាឱកាសសម្រាប់ផ្តល់ោ្យកងយោធពលខេមរភូមិន្ទ ធ្វើការបណ្តុះបណ្តាល ហ្វឹកហ្វឺន បំប៉នចំណេះដឹង ចំណេះធ្វើ និងខិតខំដុសខាត់នូវសមត្ថភាពជំនាញវិជ្ជាជីវៈ ដើម្បីបង្កើននូវសក្តានុពលកងទ័ពជើងទឹក ក្នុងបុព្វហេតុនៃការបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួន ឱ្យប្រកបដោយជោគជ័យ ជាពិសេសក្នុងកិច្ចការការពារ បូរណភាពទឹកដី ការពារខ្សែបន្ទាត់ព្រំដែន តាមបណ្តាតំបន់ដែលស្ថិតនៅជាប់ព្រំដែនទឹកនៃមាតុភូមិកម្ពុជា។
នាយឧត្តមនាវីក៏បានណែនាំចំពោះសិក្ខាកាមថា ពួកគាត់ធ្លាប់មានជីវភាពជាសិស្ស ជានិស្សិត ពេលមករស់នៅ ក្នុងជីវភាពជាយោធា ពិតជាមានការខុសប្លែកពីជីវភាពស៊ីវិល ទាំងខាងវិន័យ សីលធម៌ និងការរស់នៅ។ ហេតុនេះត្រូវមានភាពម៉ឺងម៉ាត់ តស៊ូពុះពារ ហាត់ពុតលត់ដំកាយសម្បទា សតិអារម្មណ៍ វិន័យនិង ការសិក្សារៀនសូត្រ ដើម្បីប្រែក្លាយជាពលទាហានមួយរូប ក្នុងកងយោធពលខេមរភូមិន្ទ ជាក្តីសង្ឃឹមរបស់ប្រទេសជាតិមាតុភូមិ។ ម្យ៉ាងទៀត ត្រូវប្តូរទម្លាប់ពីការរស់នៅជាលក្ខណៈឯកជន រស់នៅជាលក្ខណៈប្រមូលផ្តុំ រស់នៅជាសមូហភាព ក្នុងសាលា ចេះសាមគ្គី សហការគ្នា ជួយគ្នាទៅវិញទៅមកផងដែរ៕