(សៀមរាប)៖ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក ក្រុងសៀមរាប នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ បាននាំយកអំណោយមនុស្សធម៌ពីសប្បុរសជនរបស់នៅប្រទេសអូស្ត្រាលី និងកម្ពុជា ជូនដល់ពលរដ្ឋមានជីវភាពខ្វះខាតចំនួន២៥គ្រួសារ នៅក្នុងឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប។
លោក ហ៊ុន រិទ្ឋិ អភិបាលស្រុកស្រីស្នំ បានថ្លែងអំណរព្រះគុណដល់ព្រះមន្ត្រីសង្ឃខេត្ត ព្រះថេរានុត្ថេរៈ ដែលបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា មកជូនដល់ប្រជាពលរដ្ឋចំនួន២៥គ្រួសារ ក្នុងឃុំមោងនាពេលនេះ នេះជាការងារមនុស្សធម៌ និងរួមចំណែកជួយសម្រាលជីវភាពដល់គ្រួសារដែលមានជីវភាពខ្វះខាតបានមួយរយ:ពេលផងដែរ។
លោកក៏បានអំពាវនាវដល់សប្បុរសជនដទៃទៀត មេត្តាបន្តផ្តល់អំណោយជាមនុស្សធម៌ ឲ្យបានច្រើនបន្តទៀត ដើម្បីអាជ្ញាធរស្រុកមានលទ្ធភាពផ្គត់ផ្គង់ និងចែកជូនដល់ប្រជាពលរដ្ឋ ដែលមានការខ្វះខាតជីវភាព ព្រោះថាភាពទីទ័លលំបាករមែងតែងតែកើតមានគ្រប់ទីតំបន់មិនថាតែប្រទេសជឿនលឿន ឬប្រទេសកំពុងអភិវឌ្ឍដូចជាកម្ពុជាជាដើម។
ព្រះបវរវិជ្ជា ទេព ភឿន ព្រះរាជាគណៈកិត្តិយស ព្រះវិន័យធរគណខេត្ត ជាព្រះអនុគណស្រុកជីក្រែង និងជាព្រះចៅអធិការវត្ត បុព្វទិសារាមហៅវត្តកំពង់ក្តីស្រុកជីក្រែង មានសង្ឃដីកាថា ព្រះពុទ្ធសាសនា ផ្សារភ្ជាប់នឹងសង្គម ហើយអ្វីដែលព្រះសង្ឃដែលអាចជួយបាន គឺនៅពេលដែលមើលឃើញអំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ ជាទុក្ខលំបាករបស់ព្រះសង្ឃដែរ ពីព្រោះព្រះសង្ឃរស់នៅបាន គឺអាស្រ័យនឹងពុទ្ធបរិស័ទផងដែរ។
ព្រះបវរវិជ្ជា ទេព ភឿន សង្ឃដីកាបន្តថា អំណោយដែលបានប្រគល់ជូនដល់ប្រជាពលរដ្ឋនាពេលនេះ គ្រាន់តែជាចំណែកតូចមួយជួយរំលែកការលំបាកមួយគ្រាៗតែប៉ុណ្ណោះ ដួច្នេះសូមឲ្យប្រជាពលធ្វើការដាំបន្លែគ្រប់មុខក្នុងដីរបស់ខ្លួន ព្រោះអាចជួយសម្រាលជីវភាពបានមួយគ្រាផងដែរ។
ព្រះវិន័យធរគណខេត្ត បានបន្ថែមថា ស្ថិតនៅក្នុងកាលៈទេសៈនេះ សូមបងប្អូនប្រជាពលរដ្ឋត្រូវមានសេចក្តីអត់ធ្មត់ ត្រូវជឿជាក់លើរាជរដ្ឋាភិបាល ដែលធ្វើឲ្យប្រទេសយើងមានសុខសន្តិភាព ដូច្នេះសូមកុំជឿលើការឃោសនាអកុសលផ្សេងៗ ក្រៅពីរាជរដ្ឋាភិបាល។
អំណោយមនុស្សដែលប្រគល់ដល់ប្រជាពលរដ្ឋរួមមាន៖ ក្នុង១គ្រួសារៗទទួលបាន អង្ករ២៥ គីឡូក្រាម ទឹកស៊ីអ៉ីវ១យួរ ទឹកត្រី១យួរ ស្ករស១គីឡូក្រាម មី១កេស សារ៉ុង១ ក្រម៉ា១ ច្រាស និងថ្មដុសធ្មេញ ប្រេងកូឡា ទឹកបរិសុទ្ធ១កេស អំបិល១ថង់ ត្រីខ១យួរ និងថវិកា២៥.០០០រៀលផងដែរ៕