(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថាបើឈរលើបេសកកម្មជាប្រវត្តិសាស្រ្ដក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សរាជរដ្ឋាភិបាលអាណត្ដិទី៧របស់សម្ដេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋបន្រ្ដីនៃកម្ពុជា ដោយឈរលើស្មារតីរក្សាសមិទ្ធផលចាស់ និងបង្កើតសមិទ្ធផលថ្មីៗថែមទៀត ក្រោមយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី ១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព ចីរភាព តាមគោលនយោបាយជាអាទិភាពគន្លឹះចំនួន៥ គឺមនុស្ស, ផ្លូវ ,ទឹក ,ភ្លើង និងបច្ចេកវិទ្យា ក្នុងរយៈពេល១ឆ្នាំមកនេះ យើងឃើញថា រាជរដ្ឋាភិបាលរក្សាបានសុខសន្ដិភាព និងជំរុញបានការអភិវឌ្ឍលើគ្រប់វិស័យជូនជាតិ មាតុភូមិ និងប្រជាជន ស្របតាមចក្ខុវិស័យចំពោះអនាគតរបស់កម្ពុជាដើម្បីក្លាយជាអារ្យប្រទេសដូចបណ្ដាប្រទេសជឿនលឿនលើពិភពលោក។ ទន្ទឹមនឹងមានសុខសន្ដិភាព និងការរីកចម្រើននេះ រាជរដ្ឋាភិបាល សម្តេច ធិបតី ក្នុងរយៈពេល១ ឆ្នាំមកនេះ បានទប់ទល់នឹងបញ្ហាប្រឈមដ៏គ្រោះថ្នាក់ដល់ជាតិមានពីរធំៗគឺ៖
ទី១៖ បញ្ហាប្រឈមលើវិស័យអចលនទ្រព្យ ពីព្រោះក្នុងការប្រសូត្ររាជរដ្ឋាភិបាលអាណត្ដិទី៧របស់សម្ដេចធិបតី នៅថ្ងៃទី២២សីហា ២០២៣ គឺជាឆ្នាំដែលវិស័យអចលនទ្រព្យធ្លាក់ចុះខ្លាំងបំផុត គឺខ្លាំងជាងឆ្នាំ២០០៨ ទៅទៀត ដែលជះឥទ្ធិពលបណ្ដាលមកពីកត្ដាភូមិសាស្រ្តនយោបាយ ការប្រឈមមុខដាក់គ្នារវាងមហាអំណាចចិន និងអាមេរិក និងការបន្តបោកបក់ពីវិបត្តិជំងឺកូវីដ១៩ជាសកល។ បើទោះបីស្ថិតក្នុងស្ថានភាពលំបាកយ៉ាងនេះក្ដី រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចធិបតី មិនត្រឹមតែប្រយុទ្ធវិបត្ដិអចលនទ្រព្យប៉ុណ្ណោះទេ ប៉ុន្ដែត្រូវប្រយុទ្ធក្នុងសមរភូមិអប់រំសីលធម៌សង្គមលុបបំបាត់ក្មេងទំនើង ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ការគាំពារសុខមាលភាពសង្គម ហិរញ្ញវត្ថុ ក៏ដូចជាសេដ្ឋកិច្ច ដោយរួមបញ្ជូលការរក្សាលំនឹងអាជីវកម្ម លំនឹងជីវិភាពប្រជាពលរដ្ឋ សម្រាប់វិបុលភាពប្រកបដោយភាពធន់ និរន្តរភាព ដោយសម្រេចបានយ៉ាងជោគជ័យ ដោយពូនជ្រុំចលនានៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជាមូលដ្ឋានគ្រឹះ សម្រាប់ជំរុញសន្ទុះនៃការអភិវឌ្ឍប្រទេសជាតិ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យក្លាយជាអារ្យប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។
ទី២៖ បញ្ហាប្រឈមចលនាកុបកម្មរដ្ឋប្រហារថ្ងៃទី១៨ សីហា ព្រោះថ្មីៗនេះទង្វើរបស់មេក្រុមប្រឆាំង និងគូកនមួយដំបរស្វា ពីក្រៅប្រទេស ដោយស្ថិតក្រោមលេសចោទប្រកាន់មកលើរាជរដ្ឋាភិបាលថា គម្រោងកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍត្រីកោណ CLV ដែលរួមមានខេត្ដចំនួនបួនគឺ៖ ខេត្ដរតនគិរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែង គឺជាការកាត់ដីឲ្យទៅវៀតណាម ឬយកលេសនេះឬលេសនោះ មានគោលដៅតែមួយគត់គឺផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដោយពួកគេបានបំផុស ញុះញង់ឲ្យយុវជនជាសកម្មជនខ្លួន ធ្វើការអូសទាញយុវជនក្មេងៗ ឲ្យចុះថ្នល់ធ្វើកុបកម្មរដ្ឋប្រហារ ឲ្យដុតអាគារសាធារណៈរបស់រដ្ឋ ឬទៅដុតវាយកំទេចសំណង់អាគារ ផ្ទះសម្បែងទំនើបៗរបស់ប្រជាជនក្នុងរាជធានីភ្នំពេញ ដើម្បីឆក់ប្លន់ទ្រព្យសម្បត្ដិរបស់ប្រជាជនរស់ក្នុងរាជធានីភ្នំពេញ ដោយយកគម្រូតាមចលនាកុបកម្មរដ្ឋប្រហារពីប្រទេសបង់ក្លាដេស។
អ្វីជាការកត់សម្គាល់ថែមទៀតនោះ ក្នុងទង្វើបំផុសចលនាកុបកម្មរដ្ឋប្រហារថ្ងៃទី១៨ សីហា ឆ្នាំ២០២៤នេះ មិនខុសពីថ្ងៃទី៩វិច្ឆិកា ឆ្នាំ២០១៩នោះទេ ដោយគ្រាន់តែថ្ងៃទី៩វិច្ឆិកា គឺមេក្រុមប្រឆាំងពីក្រៅប្រទេសចេញមុខដឹកនាំផ្ទាល់ រីឯថ្ងៃទី១៨សីហានេះ មេក្រុមប្រឆាំងបានលាក់មុខ ដោយឲ្យយុវជនជាសកម្មជនខ្លួនដឹកនាំ និងធ្វើការអូសទាញយុវជនក្មេងៗ ប៉ុណ្ណោះ។ ស្ថិតក្នុងស្ថានការណ៍គ្រោះមហន្ដរាយដ៏គ្រោះថ្នាក់ដល់ជាតិដែលធ្លាប់រងទទួលគ្រោះដ៏អភ័ព្វកាលពីអតីតកាលរាជរដ្ឋាភិបាលរបស់សម្ដេចធិបតី បានចាត់វិធានការទប់ស្កាត់យ៉ាងម៉ឺងម៉ាត់ និងទាន់ពេលវេលាដើម្បីរក្សាសុខសន្ដិភាពជូនជាតិ មាតុភូមិ និងប្រជាជនប្រកបដោយភាពទន់ភ្លន់បត់បែន និងរស់រវើក រហូតធ្វើឲ្យយុវជនជាសកម្មជនរបស់មេក្រុមប្រឆាំងចេញសារភាពកំហុស និងប្រកាសលះបង់ចោលឈប់ដើរតាមមេក្រុមប្រឆាំងពីក្រៅប្រទេស ដើម្បីភាពសុខដុមរមនាជូនដល់ប្រជាជាតិខ្មែរ។
ជាសរុបលោក រ័ត្ន សណ្ដាប់ បានបញ្ជាក់ថាដូច្នេះចំពោះរាជរដ្ឋាភិបាលអាណត្ដិទី៧របស់សម្ដេចធិបតី ដែលបានទប់ស្កាត់ចលនាកុបកម្មរដ្ឋប្រហារ ប្រកបដោយប្រសិទ្ធិភាពខ្ពស់នេះ គឺពិតជាបានឆ្លុះបញ្ចាំងអំពីប្រពៃណីការផ្ដល់គោរមងារ "សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត" ដ៏ឧត្ដុង្គឧត្ដមខ្ពង់ខ្ពស់បំផុត កាលពីសម័យចក្រភពអង្គរ សំដៅលើអ្នកដែលមានលក្ខណះសម្បត្ដិនិងសមត្ថភាពគ្រប់គ្រាន់លើការគ្រប់គ្រងសង្រា្គមបាន ទៅលើវិសាលភាពគ្រប់ច្រកល្ហកទូទាំងប្រទេស ដើម្បីរក្សាការពារសន្ដិភាពដ៏មហាប្រសើរ ក្នុងការការពារនិងកសាងជាតិឲ្យរុងរឿង ដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយតរៀងទៅ៕