(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធវេជ្ជសាស្ត្រឱសថសាស្ត្រ និងទន្តសាស្ត្រកម្ពុជា និងជាប្រធានសមាគមអ្នកលក់ឱសថកម្ពុជា បានទទួលជ័យលាភីសញ្ញាបត្របណ្ឌិតទស្សនវិជ្ជា ផ្នែកវិទ្យាសាស្ត្រសុខភាពសារធារណៈ និងផាសុកភាព ពីសាកលវិទ្យាល័យអន្តរជាតិពោធិសាស្ត្រា ហ្វ្លរីដា សនៃហរដ្ឋអាមេរិក (BODHISASTRA UNIVERCITY FLORIDA, USA.)។
ពិធីប្រគល់-ទទួលសញ្ញាបត្របណ្ឌិតទស្សនវិជ្ជានេះធ្វើឡើងនាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកសាស្ត្រាចារ្យបណ្ឌិត ស័ក្តិ ប្រាសានឌី អធិការបតីនៃសាកលវិទ្យាល័យអន្តរជាតិពោធិសាស្ត្រា រដ្ឋហ្វ្លរីដា សហរដ្ឋអាម៉េរិក។
គួរជម្រាបថា មុននឹងទទួលបានជ័យលាភីសញ្ញាបត្របណ្ឌិតទស្សនវិជ្ជា ផ្នែកវិទ្យាសាស្ត្រសុខភាពសារធារណៈ និងផាសុកភាព ពីសាកលវិទ្យាល័យអន្តរជាតិពោធិសាស្ត្រានេះ លោកសាស្ត្រាចារ្យបណ្ឌិតតែងតែខិតខំប្រឹងប្រែងចូលរួមអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យសុខាភិបាល តាមរយៈបណ្តុះបណ្តាលជំនាញជាច្រើន រួមមាន៖ អ្នកលក់ឱសថ ការទុកដាក់ឱសថ គោលការណ៍អនុវត្តល្អក្នុងឱសថស្ថាន ការថែទាំសុខភាព និងសម្រស់ សុខភាពបន្តពូជ ការថែទាំភ្នែក សុវត្ថិភាពចំណីអាហារ និងការគ្រប់គ្រងធនធានមនុស្ស ក្នុងគោលបំណងដើម្បីបុព្វហេតុបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការថែរក្សានូវសុខសន្តិភាព ស្ថិរភាពពេញលេញ ការពារបូរណភាពទឹកដី ការពារអធិបតេយ្យភាពជាតិ សម្បូរសប្បាយរុងរឿង និងការអភិវឌ្ឍលើគ្រប់វិស័យ។
លោកសាស្ត្រាចារ្យបណ្ឌិត ឡី សុភាព បានឱ្យដឹងថា និយមន័យសុខភាពសាធារណៈ (Publish Health) គឺជាវិទ្យាសាស្រ្ត និងសិល្បៈនៃការការពារជំងឺ ការពន្យារអាយុជីវិត និងការលើកកម្ពស់សុខភាព តាមរយៈកិច្ចខិតខំប្រឹងប្រែងដែលបានរៀបចំនិងការជ្រើសរើសព័ត៌មានរបស់សង្គម អង្គការសាធារណៈ និងឯកជន សហគមន៍ និងបុគ្គល។ សុខភាពរបស់ប្រជាជន និងការគំរាមកំហែងដែលវាប្រឈមមុខ គឺជាមូលដ្ឋានសម្រាប់សុខភាពសាធារណៈ។
លោកសាស្ត្រាចារ្យបណ្ឌិតបញ្ជាក់ថា ផាសុកភាព ( Wellness Service) ជាភាពទទួលសុខភាពផ្លូវកាយ ផ្លូវចិត្ត និងភាពសុខដុមក្នុងការរស់នៅក្នុងសង្គម នេះបើយោងតាមអង្គការ សុខភាពពិភពលោក (WHO)។ បើតាមវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត ពាក្សថា ផាសុកភាព ថ្នាក់ពាក្យជានាមសព្ទ មានន័យថា គ្រឿងនាំឱ្យសុខស្រួល ស្រួលខ្លួន។
លោកសាស្ត្រាចារ្យបណ្ឌិត ឡី សុភាព បានកោតសរសេរពីការខិតខំរបស់រាជរដ្ឋាភិបាល និងសមិទ្ធផលសម្រេចបានរបស់រាជរដ្ឋាភិបាល ពិសេសគឺការយកចិត្តទុកដាក់លើវិស័យសុខាភិបាល សុខុមាលភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងបានប្ដេជ្ញាចូលរួមអនុវត្តតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
នាឱកាសនោះ លោកសាស្ត្រាចារ្យបណ្ឌិត ជា ចំរើន សាកលវិទ្យាធិការប្រចាំកម្ពុជានៃសាកលវិទ្យាល័យអន្តរជាតិពោធិសាស្ត្រា ក៏បានលើកឡើងពីសារសំខាន់នៃការថែរក្សាសុខភាព ដែលជាទ្រព្យដ៏សំខាន់សម្រាប់មនុស្សគ្រប់គ្នា ដែលជាកម្លាំងកសាងប្រទេសជាតិ។ លោកក៏បានលើកឡើងពីកត្តាសន្តិភាព ស្ថិរភាពនយោបាយនៅកម្ពុជា ដែលបានជំរុញឱ្យប្រជាពលរដ្ឋបានរស់នៅសុខសាន្ត មានឱកាសសិក្សារៀនសូត្រ ប្រកបការងារ និងអភិវឌ្ឍជីវភាពឱ្យកាន់តែរីកចម្រើន។
លោកសាស្ត្រាចារ្យបណ្ឌិត ស័ក្តិ ប្រាសានឌី អធិការបតីនៃសាកលវិទ្យាល័យអន្តរជាតិពោធិសាស្ត្រា រដ្ឋហ្វ្លរីដា សហរដ្ឋអាម៉េរិក បានលើកឡើងពីការលើកទឹកចិត្តចង់ឱ្យប្រជាពលរដ្ឋកម្ពុជាបានចូលសិក្សាជាមួយសាកលវិទ្យាល័យអន្តរជាតិពោធិសាស្ត្រា។ លោកសាស្ត្រាចារ្យបណ្ឌិត ស័ក្តិ ប្រាសានឌី ដែលមានកំណើមដើមជាជនជាតិខ្មែរនៅភាគខាងលើដែរនោះ បានបង្ហាញក្ដីស្រឡាញ់រាប់អានយ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋនៅប្រទេសកម្ពុជា និងបានមើលឃើញពីសមត្ថភាព សក្ដានុពលដ៏ពិសេសរបស់លោកសាស្ត្រាចារ្យបណ្ឌិត ឡី សុភាព សាកលវិទ្យាល័យអន្តរជាតិពោធិសាស្ត្រា រដ្ឋហ្វ្លរីដា សម្រេចប្រគល់ជ័យលាភីសញ្ញាបត្របណ្ឌិតទស្សនវិជ្ជា ផ្នែកវិទ្យាសាស្ត្រសុខភាពសារធារណៈ និងផាសុកភាព ជូនដល់លោកសាស្ត្រាចារ្យបណ្ឌិត ឡី សុភាព។
ជាងនេះទៅទៀត លោកសាស្ត្រាចារ្យបណ្ឌិត ឡី សុភាព ក៏បានប្ដេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែងចូលរួមអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យសុខាភិបាល ដើម្បីពង្រឹងសុខុមាលភាពសាធារណៈជូនប្រជាពលរដ្ឋ ក៏ដូចជាចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលផងដែរ៕