(សៀមរាប)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកប្រជុំថ្នាក់ដឹកនាំក្រុមហ៊ុនអគ្គិសនីរដ្ឋនៃប្រទេសអាស៊ាន Heads of ASEAN Power Utilities/Authorities (HAPUA) លើកទី៤០ នៅកម្ពុជា ដើម្បីពង្រឹងសមាហរណកម្ម ថាមពលកកើតឡើងវិញ និងការតភ្ជាប់បណ្តាញអន្តរថាមពលក្នុងតំបន់។
កិច្ចប្រជុំនេះ ផ្តោតលើការលើកកម្ពស់ការ ប្រើប្រាស់ថាមពលកកើតឡើងវិញ ពង្រឹងសន្តិសុខថាមពល និងនិរន្តរភាពនៃការផ្គត់ផ្គង់អគ្គិសនីតាមរយៈ ការតភ្ជាប់អន្តរកម្ម និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធក្នុងចំណោមរដ្ឋសមាជិកអាស៊ាន។
លោក កែវ រតនៈ បានលើកឡើងពីភាពបន្ទាន់នៃការដោះស្រាយតម្រូវការថាមពល ដែលកំពុងកើនឡើងនៅក្នុងតំបន់ តាមរយៈសមាហរណកម្មថាមពលកកើតឡើងវិញ។ ឯកឧត្តម បន្តថា «វិបត្តិអាកាសធាតុគឺជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរបំផុតរបស់យើងទាំងអស់គ្នា ហើយបណ្តាញថាមពលអាស៊ាន (APG) គឺជាជម្រើសជាក់ស្តែងមួយ សម្រាប់កាត់បន្ថយការបញ្ចេញកាបូនរបស់អាស៊ាន»។
ឯកឧត្តមបណ្ឌិត ប្រាំង ជលសា ប្រតិភូ រាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយកអគ្គិសនីកម្ពុជា បានលើកឡើងថា ក្នុងនាមជាម្ចាស់ផ្ទះ និងប្រធានប្តូរវេន បានចាប់ផ្តើមដឹកនាំកិច្ចប្រជុំ ដោយបានសង្កត់ធ្ងន់ពីតួនាទីដ៏សំខាន់របស់បណ្តាអគ្គិសនីជាតិក្នុងការផ្តល់ការផ្គត់ផ្គង់ថាមពល ដែលអាចទុកចិត្តបាន សម្រាប់បំពេញតម្រូវការរបស់ប្រជាជន បង្កើតការងារ និងលើកកម្ពស់ជីវភាពរស់នៅរបស់មនុស្សរាប់លាននាក់ ក៏ដូចជាការអភិវឌ្ឍន៍ សេដ្ឋកិច្ច។
ឯកឧត្តមបណ្ឌិត បន្តថា ចាប់ពីថ្ងៃនេះតទៅ យើងចូលដល់បរិបទថ្មីត្រូវកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនពីវិស័យអគ្គិសនី ដើម្បីចូលរួមចំណែកក្នុងការជួយថែរក្សាបរិយាកាសសកល និងភពផែនដីដ៏ស្រស់ បំព្រងរបស់យើង។ ដូច្នេះ អន្តរកាលថាមពលចាំបាច់ត្រូវដាក់បញ្ចូលថាមពលកកើតឡើងវិញកាន់តែច្រើន ជាពិសេសប្រភពថាមពលកកើតឡើងវិញអថេរ សម្រាប់ចែករំលែកនៅក្នុងតំបន់ប្រជាជាតិអាស៊ាន ទាំងមូល។
ឯកឧត្តមបណ្ឌិត បានបន្តថា បន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីថាមពលអាស៊ាន (AMEM) លើកទី៤១ ក្នុងឆ្នាំ ២០២៣ នៅប្រទេសឥណ្ឌូនេស៊ី ក្រុមការងារតាមផ្នែកនីមួយៗ បានអនុវត្តបន្តសកម្មភាពតាមការណែនាំ និងសម្រេចរបស់កិច្ចប្រជុំ។ នៅឆ្នាំនេះ មានសកម្មភាពចំនួន ៥០បានបញ្ចប់ទាំងស្រុង និងសកម្មភាព ចំនួន ១០កំពុងបន្តអនុវត្ត ព្រមទាំងគម្រោងសរុបចំនួន ១៥ ត្រូវបានបញ្ចប់ជាមួយនឹងការបន្តបន្ថែម គម្រោងថ្មីចំនួន ១០ទៀត។
ឯកឧត្តមបណ្ឌិត ប្រាំង ជលសា បានបន្ថែមថា លទ្ធផលនៃក្រុមការងារតាមផ្នែកនីមួយៗ បញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តក្នុងការពន្លឿនអន្តរកាល ថាមពលនៅទូទាំងតំបន់អាស៊ាន ដោយធ្វើការបង្កើនប្រភពថាមពលកកើតឡើងវិញឲ្យមានភាគរយខ្ពស់ឡើងៗទៅក្នុងបណ្តាញថាមពលអគ្គិសនី ដោយធ្វើនវានុវត្តន៍លើបច្ចេកវិទ្យាស្អាត និងការលើកកម្ពស់ទំនើបកម្មបណ្តាញអគ្គិសនី។
ឯកឧត្តមបណ្ឌិត ក៏បានជំរុញពាណិជ្ជកម្មថាមពលពហុភាគី ត្រូវបានផ្តោតសំខាន់ តាមរយៈក្របខណ្ឌ ដូចជា៖ ការសិក្សាផែនការមេអន្តរទំនាក់ទំនងអាស៊ាន III (AIMS III) រួមជាមួយនឹងការគាំទ្រសម្រាប់គំនិតផ្តួចផ្តើម ដូចជា៖ គម្រោងសមាហរណកម្មថាមពលឡាវ-ថៃ-ម៉ាឡេស៊ី-សិង្ហបុរី (LTMS-PIP), គម្រោងសមាហរណកម្មថាមពល ប៊្រុយណេ-ឥណ្ឌូណេស៊ី-ម៉ាឡេស៊ី-ហ្វីលីពីន (BIMP-PIP) និងគម្រោងនានានៃការតភ្ជាប់អន្តរតំបន់។
ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា ការងារទាំងនេះនៅតែផ្តោតលើកិច្ច សហប្រតិបត្តិការបន្តតាមរយៈកម្មវិធីបណ្តុះបណ្តាល និងការចែករំលែកជំនាញលើការគ្រប់គ្រងថាមពល សមាហរណកម្មថាមពលកកើតឡើងវិញ និងការធ្វើទំនើបកម្មបណ្តាញអគ្គិសនី រួមទាំងការតភ្ជាប់ អន្តរតំបន់តាមខ្សែបាតសមុទ្រផងដែរ។ លទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ HAPUA នឹងត្រូវបានពិនិត្យ ឡើងវិញនៅឯ AMEM លើកទី៤១នៅប្រទេសឡាវក្នុងខែកញ្ញា ឆ្នាំ២០២៤ និងចុងក្រោយនឹងត្រូវបញ្ជូនទៅប្រមុខរដ្ឋ៕