(កាលីហ្វរញ៉ា)៖ យោងតាមប្រភពព័ត៌មានផ្នែកវិទ្យាសាស្រ្ត របស់ទីភ្នាក់ងារអវកាសណាសា NASA ដែលបានចុះផ្សាយនៅថ្ងៃចន្ទ ទី ២៦ ខែកញ្ញា ឆ្នាំ ២០១៦ បានឲ្យដឹងថា ក្រុមអ្នកស្រាវជ្រាវអន្តរជាតិ ជនជាតិអាមេរិក បានធ្វើសេចក្តីរាយការណ៍ថា ពួកគេបានធ្វើការវាស់ស្ទង់យ៉ាងជាក់លាក់អំពី អត្រានៃបង្វិលរបស់ប្រហោងខ្មៅដ៏ធំសម្បើមមួយជាលើកដំបូង។
យោងទៅតាមទិន្នន័យដែលបានមកពីមន្ទីរពិសោធន៍លំហអាកាស X-ray ចំនួន២កន្លែង ដែលក្នុងនោះ រួមមាន កែវយឺត Array របស់ភ្នាក់ងារអវកាស NASA និង មន្ទីរពិសោធន៍ XMM-Newton របស់ភ្នាក់ងារ លំហរអាកាសអឺរ៉ុបបានឲ្យដឹងថា ការរកឃើញទាំងអស់នេះ នឹងធ្វើឲ្យក្រុមអ្នកវិទ្យាសាស្រ្ត បានដឹងកាន់តែប្រសើរអំពីការទំនាក់ទំនងគ្នារវាង ប្រហោងខ្មៅ និង កាឡាក់ស៊ី។
លោក Fiona Harrison ដែលជាអ្នកអង្កេតលំហរមួយរូប នៅវិទ្យាស្ថានបច្ចេកវិទ្យានៃរដ្ខកាលីហ្វរញ៉ា បាននិយាយថា៖ «ពួកយើងអាចធ្វើការតាមដានការបង្វិលរបស់វា ដោយប្រើប្រាស់កាំរស្មី ដែលត្រូវបានបញ្ចេញពីតំបន់ដែលស្ថិតនៅជិតប្រហោងខ្មៅនោះ»។
ជាមួយគ្នានេះដែរ ក្រុមអាកាសយានិក ត្រូវបានធ្វើឲ្យមានចំណាប់អារម្មណ៍ជាខ្លាំង ទៅលើការវាស់ស្ទង់អំពី អត្រានៃការបង្វិលរបស់ប្រហោងខ្មៅ ដែលមានទីតាំងស្ថិតនៅចំកណ្តាលកាឡាក់ស៊ីនេះ ដោយសារតែ ការកើតឡើងនៃប្រហោងខ្មៅនេះ ត្រូវបានគិតថា វាអាចធ្វើការឆ្លុះបញ្ចាំងអំពីការកើតឡើងនៃការឡាក់ស៊ី នោះផងដែរ។ ម្យ៉ាងវិញទៀត វាក៏ត្រូវបានដឹងថា វាមានទំនាក់ទំនងយ៉ាងខ្លាំងក្លាជាមួយនឹង កាឡាក់ស៊ីរបស់វា។
ដោយឡែក ក្រុមអ្នកស្រាវជ្រាវបាននិយាយថា លទ្ធផលរបស់ពួកគេបានបង្ហាញឲ្យឃើញថា ប្រហោងខ្មៅ កំពុងតែវិល ជិតទៅដល់ល្បឿនកម្រិតកំពូល ដោយស្មើនឹងទ្រឹស្តីទំនាញរបស់លោក Albert Einstein។ ប្រហោងខ្មៅ ត្រូវគេដឹងថា ជាជ្រោះមរណៈសម្រាប់កាឡាកស៊ីនីមួយៗ ដែលវាអាចលេបត្របាក់ ប្រព័ន្ធព្រះអាទិត្យ និង វត្ថុអវកាសដែលវាចល័តទៅក្បែរ។ នៅក្នុងកាឡាក់ស៊ី មាលគីវេយ៍ របស់យើង មានប្រយោងខ្មៅទាំងតូចទាំងធំ យ៉ាងហោចណាស់ក៏ជាង ១០០លានដែរ៕