(ភ្នំពេញ)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកបណ្ឌិតសាស្ត្រាចារ្យ Mohd Fauzan Norodin នាយកវិទ្យាស្ថានទស្សនៈឥស្លាមអន្តរជាតិប្រចាំតំបន់អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ (IIIT) នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។
វិទ្យាស្ថានទស្សនៈឥស្លាមអន្តរជាតិ ប្រចាំតំបន់អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ ត្រូវបានបង្កើតឡើងមិនរកប្រាក់ចំណេញ នៅប្រទេសសហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៨១ មានទីស្នាក់ការកណ្ដាលនៅ Virginia ជាយរដ្ឋធានី Washington DC ហើយបច្ចុប្បន្ន លោក Dato' Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី គឺជាប្រធានក្រុមប្រឹក្សាភិបាល។
ក្នុងជំនួបនោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានលើកឡើង ពីវឌ្ឍនៈភាពសហគមន៍ឥស្លាមកម្ពុជា ក៏ដូចជាវិស័យអប់រំ ដោយបច្ចុប្បន្នមានសិស្សនិស្សិតជាច្រើន កំពុងបន្តការសិក្សាទាំងក្នុង និងក្រៅប្រទេស ហើយពួកគេបានជ្រើសរើសមុខជំនាញទាំងផ្នែកវិទ្យាសាស្ត្រ និងសាសនា។
ទន្ទឹមគ្នានេះ លោកបណ្ឌិត បានស្នើឲ្យវិទ្យាស្ថានទស្សនៈឥស្លាមអន្តរជាតិប្រចាំតំបន់អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ ជួយសហគមន៍ឥស្លាម លើផ្នែកសិក្សាធិការ (Academic) ការស្រាវជ្រាវ អប់រំ និងផ្នែកផ្សេងៗទៀត តាមដែលអាចធ្វើបាន ដើម្បីចូលរួមអភិវឌ្ឍន៍សហគមន៍ឥស្លាមកម្ពុជា ក៏ដូចជាសង្គមជាតិទាំងមូល។
ចំណែកលោកបណ្ឌិតសាស្ត្រាចារ្យ Mohd Fauzan Norodin បានលើកឡើងថា ថ្នាក់ដឹកនាំម៉ាឡេស៊ីជាពិសេសលោក Dato' Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី តែងតែកោតសសើរមិនដាច់ពីមាត់ពីភាពដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចមហាបរវរធីបតី ហ៊ុន ម៉ាណែត ដែលបាននឹងកំពុងធ្វើឱ្យកម្ពុជាមាន សុខដុមរមនា និងការរីកចម្រើនលើគ្រប់វិស័យ យ៉ាងឆាប់រហ័ស។ ជាងនេះទៅទៀត លោកបណ្ឌិតសាស្ត្រាចារ្យលើកឡើងដែរថា កម្ពុជាជាប្រទេសគំរូផ្នែកសុខដុមនីយកម្មជាតិសាសន៍ និងសាសនា នៅតំបន់អាស៊ីអាគ្នេយ៍។
ក្នុងនាមជាអ្នករៀបចំគោលនយោបាយ Madani សម្រាប់លោក Dato' Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក៏បានចែករំលែកអំពីផែនការយុទ្ធសាស្ត្រ Madani ក្នុងការអភិវឌ្ឍប្រទេសម៉ាឡេស៊ី។ ដោយគោលនយោបាយ Madani មកពីពាក្យ និរន្តភាព សុភមង្គល នវានិវត្តន៍ ការគោរព ជំនឿទុកចិត្ត និងការអាណិតអាសូរ។
លោកបណ្ឌិតសាស្ត្រាចារ្យ ក៏បានលើកឡើងពីសារៈសំខាន់នៃប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងជម្រុញឱ្យចងក្រងប្រព័ន្ធទន្និន័យសម្រាប់សហគមន៍ឥស្លាមកម្ពុជា។ ចំណែកទាក់ទងនឹងការស្នើសុំរបស់លោកបណ្ឌិត អូស្មាន ហាស្សាន់ ខាងលើលោកបណ្ឌិតសាស្ត្រាចារ្យ រីករាយក្នុងការសហការជាមួយគ្នា ដើម្បីអភិវឌ្ឍសហគមន៍ឥស្លាមកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា វិទ្យាស្ថានអន្តរជាតិខាងលើ គឺជាអង្គការអន្តរជាតិឈានមុខគេដែលផ្តោតលើការផ្តល់ ផ្លេតហ្វម សម្រាប់បញ្ញវន្ត អ្នកប្រាជ្ញ និងអ្នកស្រាវជ្រាវ ផ្នែកមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម។ ជាមួយគ្នានេះ វិទ្យាស្ថានបានបង្កើតកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ន និងអង្គការមួយចំនួន នៅទូទាំងពិភពលោកដើម្បីអនុវត្តសកម្មភាព និងកម្មវិធីរបស់ខ្លួន។
អស់រយៈពេល៤០ឆ្នាំមកហើយ វិទ្យាស្ថានទស្សនៈឥស្លាមអន្តរជាតិប្រចាំតំបន់អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ គឺជាសំឡេងសម្រាប់ការនិយមកណ្ដាល ភាពចម្រុះ និងភាពទំនើបនៅក្នុងទស្សនៈឥស្លាម ដោយសង្កត់ធ្ងន់លើគោលគំនិត ដូចជាការអត់ឱន ការរួមរស់ជាមួយគ្នា និងការកសាងសមត្ថភាពរបស់សហគមន៍ ដើម្បីដោះស្រាយបញ្ហាប្រឈមសកល៕