(ភ្នំពេញ)៖ ចៅក្រមស៉ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជាបណ្តោះអាសន្ន បុរសម្នាក់ដែលប្រើប្រាស់គ្រឿងញៀន និងប្រមាថថ្នាក់ដឹកនាំ បង្ហោះតាមបណ្តាញសង្គម Facebook និង TikTok នៅមណ្ឌលអប់រំកែប្រែទី១ (ពន្ធនាគារព្រៃស)។
សូមជម្រាបថា ជនសង្ស័យឈ្មោះ អោ ស៉ីនួន ភេទប្រុស អាយុ៤១ឆ្នាំ ស្នាក់នៅបន្ទប់ជួលលេខ៤០Z ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវចាប់ខ្លួន ក្រោយបង្ហោះវីដេអូប្រើប្រាស់គ្រឿងញៀន និងប្រមាថថ្នាក់ដឹកនាំ តាមបណ្ដាញសង្គម នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤។
ការឃាត់ខ្លួននោះ សមត្ថកិច្ចដកហូតបាន ទុយោកែឆ្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន ០២ដើម, ដបទឹកសុទ្ធចំនួន០១, កន្ដ្រៃដែកចំនួន០១, ដែកកេះ០៧ដើម, កន្សែងពោះគោចំនួន០១, ទូរស័ព្ទចំនួន០២, ម៉ូតូមួយគ្រឿង ម៉ាក C125 ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ1AC 5785។
ជាមួយគ្នានេះ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានរាយការណ៍ករណីនេះ ដើម្បីឲ្យសមត្ថកិច្ចជំនាញ បានចាត់ការភ្លាមៗ ហើយក៏សូមអំពាវនាវឲ្យបងប្អូន ដែលបានឃើញការបង្ហោះសកម្មភាពជក់ និងចែកចាយគ្រឿងញៀននៅតាមបណ្តាញសង្គម និងឃើញជាក់ស្តែងនោះ សូមរាយការណ៍មកមន្ទីរ ដើម្បីចាត់កម្លាំងចុះទៅបង្ក្រាបភ្លាមៗតែម្តង។
លេខ Hotline របស់មន្ទីរប្រឆាំងគ្រឿងញៀនចំនួន៥ខ្សែ៖
- 670 ប្រព័ន្ធ Cellcard អាចហៅទូរស័ព្ទចូលដោយឥតគិតថ្លៃ,
- 093 456 888 (Smart)
- 011 248 888 (Cellcard)
- 015 222 226 (Smart)
- 066 661 661 (Metfone