(ភ្នំពេញ)៖ ភាពយន្តឯកសារខ្នាតខ្លីទាក់ទងនឹងរឿងរ៉ាវសង្គមចំនួន ១២ ចំណងជើង របស់និស្សិតនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្ត នៅរោងភាពយន្ត ប្រាមស៊ីនេផ្លិច (Prime Cineplex) Samai Square នាព្រឹក ថ្ងៃសៅរ៍ ទី២៤ ខែសីហា ឆ្នាំ២០២៤ ដោយ មានអ្នកចូលរួមសុរបជិត ៣០០នាក់ ក្រោមអធិបតីភាពរបស់ ឯកឧត្តម រស់ ថាន់សន រដ្ឋលេខាធិការនៃក្រសួងព័ត៌មាននិងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីនៃក្រសួងព័ត៌មាន។
ភាពយន្តឯកសារខ្នាតខ្លីទាំង១២នេះ បានរៀបរាប់ពីរឿងរ៉ាវផ្សេងៗគ្នានៅក្នុងសង្គម ក្រោមប្រធានបទដូចជា សិប្បកម្ម សិល្បៈវប្បធម៌ ប្រវត្តិសាស្ត្រ ការអប់រំ បរិស្ថាន ការបង្កើនភាពអង់អាចដល់ស្ត្រី ជនមានពិការភាព ជនជាតិដើមភាគតិច ព្រមទាំងរឿងរ៉ាវក្នុងសង្គមដទៃទៀត។
ការចាក់បញ្ចាំងភាពយន្តទាំង ១២ នេះ គឺជាការបង្ហាញពីសមត្ថភាពនិងសមិទ្ធផលរបស់និស្សិតផ្នែកប្រព័ន្ធផ្សព្វផ្សាយ ក្រោយពីពួកគេបានសិក្សាថ្នាក់ប្រព័ន្ធផ្សព្វផ្សាយបែបសោតទស្សន៍ និងជំនាញផលិតវីដេអូ រយៈពេល ៦ខែ ដោយក្រុមនិស្សិតបានធ្វើការស្វែងរកប្រធានបទ ការស្រាវជ្រាវ ការចុះថតនៅទីតាំងផ្ទាល់ ការផ្ទៀងផ្ទាត់ទិន្នន័យនិងព័ត៌មាន ការកាត់ត និងការងារផ្សេងៗជាច្រើនទៀត។
លោក អ៊ុង ប៊ុនអ៊ី ប្រធានដេប៉ាតឺម៉ងប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ បានរៀបរាប់ពីលទ្ធផលនៃការសិក្សារបស់និស្សិតឆ្នាំទី៣ ថា៖ «គម្រោង Project Three 2024 នេះ ជាស្នាដៃមួយដែលនៅតែបន្តឆ្លុះបញ្ចាំងពីកម្មវិធីសិក្សានៅDMC ដែលជាទូទៅតែងតែផ្សារភ្ជាប់ទ្រឹស្តី ទៅនឹងការស្រាវជ្រាវ និងអនុវត្តផ្ទាល់ ក្នុងការពង្រឹងគុណភាពនៃការសិក្សារបស់និស្សិតយើង។ ទៅមុខទៀត DMC នៅតែបន្តសហការជាមួយស្ថាប័នដៃគូរបស់យើង ដើម្បីបន្តបេសកកម្មរបស់ខ្លួន ជាគ្រឹះស្ថានឈានមុខក្នុងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកប្រព័ន្ធផ្សព្វផ្សាយប្រកប ដោយវិជ្ជាជីវៈនៅកម្ពុជាយើងផងដែរ។»
ខណៈពេលជាមួយគ្នា លោកសាស្ត្រាចារ្យជំនួយ កៀន តាក់ សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានបង្កាញពីការគាំទ្រដល់សកម្មភាពរបស់និស្សិតថា «ក្នុងនាមថ្នាក់ដឹកនាំម្នាក់នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ការចូលរួមនេះជាការបង្ហាញនូវការលើកទឹកចិត្ត និងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យ(ចំពោះកិច្ចការងាររបស់និស្សិត)។ ចំណែកមួយដ៏សំខាន់នៅក្នុងដំណើរការសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញគឺ ការសិក្សាស្រាវជ្រាវ និងការចុះកម្មសិក្សាផ្ទាល់ជាក់ស្តែង នេះគឺជារឿងសំខាន់ដែលជាចំណេះក្រៅថ្នាក់។ យើងលើកទឹកចិត្ត ដល់ដេប៉ាតឺម៉ង់នានា មិនថាតែDMCទេ ឱ្យមានការផុសផុលក្នុងការចុះស្រាវជ្រាវជាក់ស្តែង នោះយើងនឹងបានរៀនអំពីសហគមន៍ រៀនពីអ្នកជុំវិញខ្លួន ដើម្បីបម្រើដល់ប្រយោជន៍សាធារណៈជនបានកាន់តែល្អប្រសើរ។ ភាពជាមនុស្សពេញលេញក្នុងជីវិតប្រចាំថ្ងៃ គឺមានន័យថា បុគ្គលម្នាក់ៗមិនត្រឹមតែត្រូវអភិវឌ្ឍខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែគួរត្រូវបន្តឱ្យជួយគាំទ្រការអភិវឌ្ឍអ្នកជុំវិញ និងសង្គម។»
គួរបញ្ជាក់ថា ការផលិតភាពយន្តឯកសារទាំង១២ របស់និស្សិត DMC បានទទួលការគាំទ្រ ផ្នែកថវិកាពីសំណាក់ដៃគូអភិវឌ្ឍន៍ដូចជា មូនិធិខុនរ៉ាដអាឌិនណៅអ៊ែរ សេវាសន្តិភាពស៊ីវិលនៃអង្គការGIZ និងអង្គការភ្លែនអន្តរជាតិកម្ពុជា ហើយទទួលបានការផ្តល់ទីតាំងចាក់បញ្ចាំងដោយរោងភាពយន្ត នៅរោងភាពយន្ត ប្រាមស៊ីនេផ្លិច (Prime Cineplex)។
លោក Jason Chumtong នាយកប្រចាំប្រទេសកម្ពុជានៃ មូលនិធិខុនរ៉ាដអាដិនណៅអ៊ែរ លើកថា «ខ្ញុំមានក្តីរីករាយណាស់ដែលបានចូលរួមក្នុងកម្មវិធីថ្ងៃនេះ។ នេះជាឱកាសដ៏ល្អមួយក្នុងការទស្សនាទេពកោសល្យរបស់យុវជនកម្ពុជា ក្នុងការរៀបរាប់ពីរឿងរ៉ាវនានាតាមរយៈទស្សនីយភាព។ មូលនិធិខុនរ៉ាដអាដិននៅអ៊ែរ ប្រចាំនៅកម្ពុជាពិតជាមានមោទនភាពណាស់ក្នុងការគាំទ្រគម្រោង Project Three របស់ DMC។ សម្រាប់និស្សិតDMC ខ្ញុំគិតថានេះជាឱកាសដ៏ល្អមួយ ហើយខ្ញុំមានក្តីរីករាយ និងមានមោទនភាព ក្នុងការទស្សនានូវទស្សនៈរបស់អ្នកទាំងអស់គ្នាលើផ្ទាំងអេក្រង់ក្នុងរោងភាពយន្ត។ នៅក្នុងវេលានេះ ខ្ញុំជឿជាក់ថា អ្នកទាំងអស់គ្នា រួមទាំងមិត្តភក្តិនិងក្រុមគ្រួសាររបស់អ្នក ពិតជារីករាយណាស់ក្នុងការទស្សនាទេពកោសល្យរបស់អ្នក។ »
លោក Manuel Erbenich អ្នកសម្របសម្រួលគម្រោង សេវាសន្តិភាពស៊ីវិលរបស់អង្គការ GIZ Cambodia បានប្រាប់ទៅកាន់និស្សិតជាផលិតករថា «ប្អូនៗនិស្សិតទាំងអស់គ្នា ភាពយន្តឯកសារនិងវីដេអូរបស់អ្នកគឺពិតជាមានសារសំខាន់ខ្លាំងណាស់។ តាមរយៈការចែករំលែកនូវរឿងរ៉ាវរបស់អ្នក យើងទាំងអស់គ្នានឹងចាប់ផ្តើមស្វែងយល់ និងយល់ពីគ្នាបានកាន់តែប្រសើរ។ យើងនឹងចាប់ផ្តើមស្តាប់ និងរៀនយល់ពីគ្នាទៅវិញទៅមក។ វានឹងធ្វើឱ្យយើងកាន់តែមានភាពស្និទ្ធស្នាល បង្កើតនូវមិត្តភាពរវាងគ្នានឹងគ្នា ដើម្បីសហការធ្វើការរួមគ្នា ឆ្ពោះទៅរកសង្គមមួយដែលកាន់តែមានសុខសន្តិភាព និងយុត្តិធម៌។»
លោក យី គីមថាន នាយករងប្រចាំប្រទេស ទទួលបន្ទុកផ្នែកកម្មវិធីរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា បានលើកថា «វីដេអូដែលប្អូនៗបានធ្វើនេះ ឆ្លុះបញ្ចាំងពីតថភាពពិតដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាយើង។ សម្រាប់អង្គការផ្លែនអន្តរជាតិកម្ពុជា មានក្តីសប្បាយរីករាយណាស់ដែលបានសហការជាមួយនឹង DMC ជាពិសេសក្នុងការផ្តល់ជាជំនួយផ្សេងៗ ដើម្បីឱ្យប្អូនៗអាចធ្វើការអនុវត្តនូវអ្វី ដែលបានរៀននៅក្នុងសាលា ហើយយើងនឹងបន្ត កិច្ចសហប្រតិបត្តិការនេះបន្ថែមទៀត។»
ឯកឧត្តម រស់ ថាន់សន រដ្ឋលេខាធិការនៃក្រសួងព័ត៌មាន បានផ្តាំផ្ញើរដល់និស្សិតថា «ក្រសួងព័ត៌មានសូមលើកទឹកចិត្តដល់ក្មួយៗនិស្សិត គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល ជាពិសេសខាងផ្នែកផ្សព្វផ្សាយ ព្រមទាំងតួអង្គទាំងអស់ក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ឱ្យបន្តអភិវឌ្ឍសមត្ថភាព ដុសខាត់ជំនាញវិជ្ជាជីវៈរបស់ខ្លួន នឹងប្រើប្រាស់ឲ្យអស់លទ្ធភាពនូវសក្ដានុពលរីកចម្រើននៃបច្ចេកវិទ្យា ដើម្បីចូលរួមក្នុងការលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានប្រកបដោយគុណភាព រក្សាបាននូវការប្រកួតប្រជែង និងរក្សាបាននូវអត្តសញ្ញាណរបស់ខ្លួន។ កិច្ចការដ៏សំខាន់នេះ ចាំបាច់ទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តអភិវឌ្ឍធនធានមនុស្សរបស់ខ្លួន បង្កើនជំនាញបច្ចេកទេស ចំណេះដឹង ចំណេះធ្វើ ប្រកបដោយគុណភាព និងបណ្ដុះមនសិការការពារ និងលើកកម្ពស់ឧត្តមប្រយោជន៍ជាតិ ក្នុងការផ្សព្វផ្សាយស្ថានភាពពិត និងព័ត៌មានគ្រប់ជ្រុងជ្រោយអំពីកម្ពុជា។ »
ចំណងជើងភាពយន្តទាំង ១២ រួមមាន៖ ១. កូដជីវិត ២. ខែលធម្មជាតិ ៣. ចំណងដៃវ័យក្មេង ៤. ច្រើនជាងនេះ ៥. ឆន្ទៈខ្ញុំ សហគមន៍ខ្ញុំ ៦. ទឹកដោះម្តាយថ្លៃ ៧. ទុកសម្រាប់ការចងចាំ ៨. ផ្ទេរភាពងងឹតតាមផ្ទាំងពណ៌ស ៩. ល្ខោននិយាយ ១០. សំឡេងខ្វះមិនបាន ១១. សិប្បកម្មនៃក្តីស្រមៃ ១២. អ្នកធ្វើស្បៃ
គួរបញ្ជាក់ផងដែរថា នេះជាឆ្នាំទី២ហើយ ដែលដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានសហការជាមួយនឹងរោងភាពយន្ត ប្រ៉ាមស៊ីនេផ្លិច (Prime Cineplex) ក្នុងការចាក់បញ្ចាំងភាពយន្តឯកសាររបស់និស្សិតជូនដល់តំណាងស្ថាប័នអង្គការជាតិនិងអន្តរជាតិ ស្ថាប័នឯកជននិងសាធារណជនទស្សនា។
ទស្សនាកម្មវិធី Project Three កាលពីឆ្នាំកន្លងទៅតាមរយៈ https://dmc-cci.edu.kh/production/
ឬតាមរយៈ YouTube Channel: https://www.youtube.com/@dmccci/playlists ៕