(ភ្នំពេញ)៖ លោក ម៉ី សំបូរ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល បានធ្វើការវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារដែលសម្រេចបានរបស់គណៈឱសថការីអាណាត្តិទី២ និងជំរុញឲ្យប្រធានគណៈឱសថការីអាណត្តិថ្មីបន្តពង្រឹងក្រមសីលធម៌ឱសថការីកម្ពុជា។
ការជំរុញយ៉ាងដូច្នេះរបស់ លោក ម៉ី សំបូរ បានធ្វើឡើងក្នុងឱកាសអញ្ចើញជាអធិបតី បើកមហាសន្និបាតបូកសរុបលទ្ធផលការងារ លើកទិសដៅបន្ត និងបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាគណៈឱសថការីអាណត្តិទី៣ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ នៅសណ្ឋាគាភ្នំពេញ។
រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល បានបញ្ជាក់ថា គណៈឱសថការីអាណត្តិទី២នេះ បានអនុវត្តន៍តាមអនុសាសន៍របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ឈាង រ៉ា ក៏ដូចជាតួនាទីភារកិច្ចរបស់ខ្លួន ខណៈសមិទ្ធផលការងារដែលសម្រេចបានគួរឲ្យកត់សម្គាល់នោះមានដូចជា ការរៀបចំលិខិតបទដ្ឋានគតិយុត្តនានារបស់គណៈឱសថការី ការគ្រប់គ្រងថវិកា និងទ្រព្យសម្បត្តិរបស់គណៈឱសថការីកម្ពុជាឲ្យមានតម្លាភាព ការសហការជាមួយគណៈវិជ្ជាជីវៈដទៃទៀតនៅក្នុងអាជីពជាគណៈវិជ្ជាជីវៈសុខាភិបាល ព្រមទាំងការចូលរួមការងារសង្គម។
ជាមួយគ្នានេះលោក បាន បុត្តា អតីតប្រធានគណៈឱសថការីអាណត្តិទី២ និងត្រូវបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជាប្រធានអាណត្តិទី៣នោះ ពង្រឹងការអនុវត្តក្រមសីលធម៌គណៈឱសថការី ព្រោះគណៈឱសថការីនេះ គ្របដណ្តប់លើទិដ្ឋភាពច្រើនដូចជា ការផលិតឱសថ ឧស្សាហកម្ម ការស្រាវពិនិត្យវេជ្ជបញ្ជា មន្ទីរពិសោធន៍ វ៉ាក់សាំង ប្រតិបត្តិករ គ្រឿងកែសម្ផស្ស និងកិច្ចការងាររដ្ឋបាលជាដើម។
ឆ្លើយតបនឹងការជំរុញនេះ លោក បាន បុត្តា បានប្តេជ្ញាបន្តពង្រឹងការអនុវត្តក្រមសីលធម៌គណៈឱសថការីកម្ពុជាឲ្យកាន់តែប្រសើរឡើងថែមទៀត និងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួនផងដែរ។
ប្រធានគណៈឱសថការីអាណត្តិទី៣ បានសំណូមពរដល់ក្រុមហ៊ុននាំចេញ នាំចូលឱសថ មន្ទីរពិសោធន៍ សមាគមនាំចេញ នាំចូលឱសថ ម្ចាស់ឱសថស្ថាន សូមបន្តការចូលរួមទាំងអស់គ្នាបន្តទៀត ក្នុងការគោរពច្បាប់ ស្ដីពីការគ្រប់គ្រង ឱសថ និងលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីបានចូលរួមចំណែកយ៉ាងសកម្មជាមួយក្រសួងសុខាភិបាល រាជរដ្ឋភិបាល ក្នុងការអភិវឌ្ឍវិស័យឱសថសាស្ត្រ អមវេជ្ជសាស្ត្រនៅព្រះរាជាណាចក្រកម្ពុជាប្រកបដោយ គុណភាព ប្រសិទ្ធភាព សុវត្ថិភាព សក្ដិសិទ្ធភាព និងការអនុវត្តល្អ៕