(ភ្នំពេញ)៖ សម្តេចព្រះពោធិវ័ង្ស អំ លីមហេង សម្ដេចព្រះសង្ឃនាយកស្ដីទី នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយសម្ដេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក និងសម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេង យៀត អនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក និងលោក សោម រតនា រដ្ឋលេខាធិការ តំណាងលោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា នារសៀលថ្ងៃទី២៤ ខែសីហាឆ្នាំ២០២៤ បាននិមន្តព្រះមន្រ្តីសង្ឃ និងព្រះសង្ឃដែលកំពុងគង់ចាំព្រះវស្សានៅខេត្តតាកែវ ដើម្បីសួរសុខទុក្ខព្រះមន្រ្តីសង្ឃនិងភិក្ខុសាមណេរ ដែលគង់នៅតាមបណ្ដារវត្តនានាក្នុងខេត្តទាំងមូល។
ក្នុងពិធីនេះមានការនិមន្តចូលរួមពីព្រះមន្រ្តីសង្ឃសាលាគណខេត្ត សាលាអនុគណក្រុង ស្រុក និងព្រះចៅអធិការសរុប ៣៤៧អង្គ។
នៅក្នុងឱកាសនោះ សម្តេចព្រះពោធិវ័ង្ស មានថេរដីការំលឹកដល់ព្រះមន្រ្តីសង្ឃគ្រប់ព្រះអង្គថា សូមព្រះមន្រ្តីសង្ឃគ្រប់ព្រះអង្គ ត្រូវប្រកាន់ខ្ជាប់នូវការបដិបត្តិវិន័យតាមសិក្ខាបទទាំង២២៧ របស់ព្រះភិក្ខុសង្ឃ។
សម្ដេចព្រះពោធិវ័ង្ស ក៏បានក្រើនរំលឹកដល់ព្រះសង្ឃគ្រប់អង្គ ជាពិសេសព្រះមន្រ្តីសង្ឃដែលជាថ្នាក់ដឹកនាំវត្តទាំងអស់ ឲ្យយកព្រះទ័យទុកដាក់ចំពោះ៖
១.ត្រូវពង្រឹងពុទ្ធិកសិក្សាឲ្យបានល្អ ពីព្រោះវាជាថ្នាលបណ្ដុះបណ្ដាលព្រះសង្ឃគ្រប់អង្គនៅក្នុងខេត្តទាំងមូល ហើយមិនត្រូវទុកភិក្ខុឬសាមណេរអង្គណាមួយចោល ដោយមិនបានទទួលបាននូវការអប់រំឡើយ។
២. ព្រះសង្ឃគ្រប់ព្រះអង្គត្រូវប្រឹងឲ្យអស់លទ្ធភាព ដើម្បីធ្វើកិច្ចការមនុស្សធម៌ ចេះជួយព្រះសង្ឃផងគ្នា ឬពុទ្ធបរិស័ទដែលជាចំណុះជើងវត្ត ដែលជួបគ្រោះធម្មជាតិ ឬវិបត្តិណាមួយដែលបានកើតឡើងជាយថាហេតុ។ ចំពោះព្រះសង្ឃណាដែលបានធ្វើកិច្ចការនេះមកហើយ សូមព្រះអង្គបន្តធ្វើកិច្ចការនេះបន្ថែមទៀត ដោយសហការជាមួយកាកបាទក្រហមឬអាជ្ញាធរតាមមូលដ្ឋានរបស់ខ្លួនឲ្យបានល្អ។
៣. ព្រះសង្ឃគ្រប់ព្រះអង្គ ដែលជាស្រែបុណ្យរបស់ពុទ្ធបរិស័ទ ត្រូវបដិបត្តិខ្លួនទៅតាមធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ឲ្យបានខ្ជាប់ខ្ជួន មិនត្រូវធ្វើខ្លួនឲ្យក្លាយជាអ្នកដែលគេប្រដៅក្រ ឬធ្វើសកម្មភាពណាមួយ ដែលអាចបង្កផលលំបាកដល់រាជរដ្ឋាភិបាល ឬបង្កហេតុភេទណាមួយ ដែលធ្វើឲ្យប៉ះពាល់នូវសន្តិសុខសង្គម ឬបង្កអរិយភាពណាមួយ ដែលនាំឲ្យពុទ្ធបរិស័ទបែកបាក់សាមគ្គីឡើយ។
៤. គ្រប់វត្តទាំងអស់ត្រូវធ្វើឧបោសថកម្ម ឲ្យបានទៀងទាត់ ពីព្រោះថាព្រះអាណាបាតិមោក្ខ គឺជាសិក្ខាបទសម្រាប់ភិក្ខុដែលត្រូវបដិបត្តិជាប្រចាំក្នុងភាវៈខ្លួនជាសមណៈនៅក្នុងពុទ្ធសាសនមណ្ឌលដោយខានមិនបាន។
៥. ព្រះគ្រូចៅអធិការ ត្រូវរៀបចំវត្តឲ្យមានរបៀបរៀបរយ ប្រកបដោយសោភ័ណភាព ឲ្យសមជាទីអារាម ដែលជាទីរីករាយរបស់ពុទ្ធបរិស័ទ។
សម្ដេចព្រះពោធិវ័ង្ស បានផ្ដាំផ្ញើដល់ព្រះសង្ឃគ្រប់ព្រះអង្គថា៖ រាជរដ្ឋាភិបាលកម្ពុជា តែងតែលើកតម្កើង និងឧបត្ថម្ភព្រះពុទ្ធសាសនាអស់រយៈកាល៤៥ឆ្នាំមកហើយ ដែលសម្ដេចតេជោ ហ៊ុន សែន និងឥស្សរជនជាច្រើនទៀត ជាពុទ្ធសាសនិក ដែលបានជួយព្រះពុទ្ធសាសនារបស់យើងតាំងពីមានព្រះសង្ឃតែ ៧ព្រះអង្គ មកដល់៧០០០០អង្គ។ សម្ដេចតេជោ និងសម្ដេចធិបតី តែងតែយកចិត្តទុកដាក់ឡើងតម្កើងជាតិ ព្រះពុទ្ធសាសនារបស់យើង និង អង្គព្រះមហាក្សត្ររបស់យើងជាដ៏រាប។ រាជរដ្ឋាភិបាលទុកដូចជាព្រៃទាំងមូល ក្រុមប្រឆាំង ទុកដូចឈើមួយដើម អាស្រ័យហេតុនេះ សូមព្រះសង្ឃគ្រប់អង្គនិមន្តជឿទុកចិត្ត និងត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីបន្តអភិវឌ្ឍប្រទេសរបស់យើងឲ្យបានរីកចម្រើនបន្តទៅមុខទៀត។
ព្រមជាមួយគ្នានោះ សម្ដេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន មានថេរដីកាថា វត្តអារាមមានការទំនាក់ទំនងជាមួយសង្គមច្រើនណាស់ហើយវត្តអារាមជាមួយការអប់រំ គឺបានបណ្ដុះបណ្ដាលធនធានមនុស្ស និងបញ្ញវ័ន្តជាច្រើនដល់សង្គម ដូចនេះសូមព្រះករុណាគ្រប់អង្គសិក្សារៀនសូត្រធម៌របស់ព្រះសម្មាសម្ពុទ្ធ ហើយប្រតិបត្តធម៌វិន័យតាមសមគួរដល់ធម៌វិន័យ ហើយត្រូវយកធម៌វិន័យទាំងនោះ ទៅអប់រំដល់ពុទ្ធបរិសទ្ធឱ្យបានល្អដូចខ្លួនផងដែរ។ សម្ដេចព្រះពុទ្ធជ័យមុនី ក៏បានបន្ថែមទៀតថា ព្រះករុណាគ្រប់អង្គត្រូវចូលរួមគាំទ្រជាមួយរាជរដ្ឋាភិបាល ដោយកុំងាករេនឹងចូរកុំធ្វើសកម្មភាពនាំឱ្យមានការលំបាកដល់រាជរដ្ឋាភិបាលកម្ពុជាឡើយ។
សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេង យៀត បានណែនាំដល់ព្រះសង្ឃឱ្យស្វែងយល់អំពីប្រយោជន៍នៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដើម្បីកាត់បន្ថយការប្រើប្រាស់ខុសគោលដៅដែលនាំឱ្យធ្លាក់ចុះនៅតម្លៃវត្តអារាម តម្លៃព្រះសង្ឃទូទៅ និងតម្លៃព្រះពុទ្ធសាសនាក្នុងសង្គមជាតិ។
លោក សោម រតនា បានពាំនាំនូវការផ្តាំសួរសុខទុក្ខនិងថ្វាយបង្គំពីលោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ប្រគេនដល់ព្រះមន្រ្តីសង្ឃគ្រប់ព្រះអង្គ។ សូមព្រះមន្រ្តីសង្ឃនិងព្រះចៅអធិការវត្តគ្រប់ព្រះអង្គត្រូវធ្វើការគ្រប់គ្រងវត្តឱ្យបានល្អស្របទៅតាមតួនាទីភារកិច្ចរបស់ព្រះមន្រ្តីសង្ឃវត្ត ពិសេសការគ្រប់គ្រងព្រះសង្ឃ គណៈកម្មការ ក្មេងវត្តឱ្យបានច្បាស់លាស់ជៀសវាងនូវអធិករណ៍ឬបញ្ហាផ្សេងៗ ដែលនាំឱ្យប៉ះពាល់តម្លៃព្រះពុទ្ធសាសនា។ ព្រមជាមួយគ្នានេះ សូមព្រះសង្ឃគ្រប់ព្រះអង្គប្រើប្រាស់បណ្តាញសង្គមនានាឱ្យបានត្រឹមត្រូវ ដើម្បីជាឧត្តមប្រយោជន៍ ព្រះពុទ្ធសាសនា ជៀសវាងការចែករំលែកនូវសកម្មភាពដែលនាំឱ្យប៉ះពាល់ដល់ សន្តិសុខសណ្តាប់ធ្នាប់និងស្ថិរភាពនយោបាយ៕