(ភ្នំពេញ)៖ សិស្សដែលភាគច្រើនជាកូនរបស់កងទ័ព និងនគរបាលការពារព្រំដែន ស្ថិតនៅព្រំដែនកម្ពុជា-ឡាវ ក្នុងភូមិសាស្ត្រស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង កំពុងខ្វះបន្ទប់សិក្សា ទទូចសុំរាជរដ្ឋាភិបាលផ្តល់អគារសិក្សា។
សាលារៀនដែលកំពុងខ្វះបន្ទប់ឱ្យសិស្សរៀននេះ គឺសាលាបឋមសិក្សាកោះទន្សាយសែនជ័យ ស្ថិតក្នុងឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
លោកគ្រូដែលកំពុងបង្រៀននៅទីនោះ បានឱ្យដឹងថា សាលានេះបច្ចុប្បន្នមានសិស្ស ១១១នាក់ ភាគច្រើនបំផុតជាកូនរបស់កងទ័ព និងនគរបាលការពារព្រំដែន ដែលរាជរដ្ឋាភិបាលបានផ្តល់ដី និងផ្ទះជូនពួកគាត់រស់នៅទីនោះ។
បច្ចុប្បន្នសាលានេះ មានអគារសិក្សាមួយខ្នង ស្មើនឹងពីរបន្ទប់ ដែលជាការផ្តល់ជូនដោយអង្គការក្រៅរដ្ឋាភិបាល។ លោកគ្រូ បានឱ្យដឹងថា សិស្សត្រូវបែងចែកគ្នារៀនពេលព្រឹក និងពេលល្ងាច ទើបមានបន្ទប់រៀន។ បែងចែកបែបនេះ សិស្សរៀនមិនគ្រប់នោះទេ ដូច្នេះគ្រូរៀបចំថ្នាក់រៀនមួយថ្នាក់ នៅក្រោមផ្ទះស្នាក់នៅរបស់គ្រូ ដើម្បីឱ្យសិស្សរៀន។
លោកគ្រូ បានឱ្យដឹងដែរថា បច្ចុប្បន្ននៅសាលាមានត្រឹមថ្នាក់ទី៦ប៉ុណ្ណោះ ពេលសិស្សឡើងដល់ថ្នាក់ទី៧ គឺមិនមានថ្នាក់រៀននោះឡើយ គឺត្រូវឡើងទៅរៀននៅស្រុកដែលមានចម្ងាយប្រមាណ៦០គីឡូម៉ែត្រពីតំបន់នោះ។
លោកគ្រូដែលកំពុងបង្រៀននៅទីនោះរយៈពេលប្រមាណ១០ឆ្នាំមកហើយនោះ បានស្នើសុំរាជរដ្ឋាភិបាលផ្តល់ជាអគារសិក្សា ដើម្បីបង្កភាពងាយស្រួលសម្រាប់បង្រៀន និងរៀន ព្រោះអគារសិក្សាបច្ចុប្បន្ន ក៏ជួបការលំបាកផងដែរ នៅពេលមានភ្លៀងខ្យល់៕