(ភ្នំពេញ)៖ វគ្គសិក្សាអំពីរបៀបសរសេរព័ត៌មានលើកទី៧ របស់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលព័ត៌មាន Fresh News (FTC) បានប្រឡងបញ្ចប់ការសិក្សារបស់ខ្លួនហើយ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤នេះ។ ការប្រឡងនេះ ធ្វើឡើងដើម្បីវាស់ស្ទង់សមត្ថភាពរបស់សិស្ស ក្រោយពីបានសិក្សាអំពីការសរសេរព័ត៌មានអស់រយៈពេល៣ខែកន្លងមក។
នៅក្នុងការប្រឡង ក្រៅពីមាន ៨សំណួរនិយាយអំពីទ្រឹស្ដី លោក ម៉ារ យ៉ារិទ្ធិ ជាគ្រូបង្គោល និងជាប្រធានមជ្ឈមណ្ឌលបណ្ដាលផងនោះ បានដាក់នូវលំហាត់អនុវត្តន៍ក្នុងការសរសេរព័ត៌មានថែមទៀត។ សិស្សបានប្រឡងប្រកបដោយការយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីអាចប្រឡងជាប់ និងអាចទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាពីមជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC)។
បើទោះបីជា FTC ជាថ្នាក់បង់ថ្លៃសិក្សាក៏ពិតមែន ប៉ុន្តែគោលបំណងសំខាន់របស់មជ្ឈមណ្ឌល គឺផ្ដល់ជូនដល់សិក្ខាកាម នូវមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន ក្រមសីលធម៌អ្នកសារព័ត៌មាន ដើម្បីអាចមានសមត្ថភាពក្នុងការប្រកបអាជីព អ្នកសារព័ត៌មានដែលមានតម្លៃមួយរូប។
សូមបញ្ជាក់ផងដែរថា FTC គឺជាផ្នែកមួយនៃអង្គភាពព័ត៌មាន Fresh News ហើយត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News។ FTC ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មានក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយក្នុងវិស័យព័ត៌មានជាដើម។
Fresh News Training Center (FTC) មានលោក ម៉ារ យ៉ារិទ្ធិ ជាគ្រូបង្គោល និងជាប្រធានមជ្ឈមណ្ឌលផ្ទាល់តែម្ដង ដោយលោក គឺជាអ្នកសារព័ត៌មានចាស់វស្សាមានបទពិសោធន៍ ជិត៤០ឆ្នាំហើយ។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ លោកក៏ជាអតីតនិស្សិតខ្មែរ ដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក៕