(ភ្នំពេញ)៖ លោក ហ៊ុន ហើយ អតីតសកម្មជនគាំទ្រក្រុមឧទ្ទាមក្រៅច្បាប់បាននិយាយជាមួយនិងការឈឺចាប់ថា លោកឆ្អែតហើយចំពោះបទពិសោធន៍ដែលលោកបានជួប នៅក្នុងការចូលរួមគាំទ្រសកម្មភាពបក្សប្រឆាំងនាពេលកន្លងមក។ លោកថា លោកបានជឿហើយប្រព្រឹត្តិទង្វើប្រឆាំង និងរដ្ឋាភិបាលជាច្រើន នាពេលមួយដែលលោកត្រូវគេចខ្លួនពីអាជ្ញាធរទៅដល់ប្រទេសថៃ ទើបលោកដឹងថា «គណបក្សប្រឆាំងគឺជាគណបក្សមួយដែលកុម្មុយនីស្ត ហើយបក្សពួកនិយមខ្លាំង»។ ការលើកឡើងរបស់អតីសកម្មជនបក្សប្រឆាំងរូបនេះ បានធ្វើឡើងនៅក្នុងវីដេអូផ្ទាល់ និងបានផ្ញើជូនមកកាន់បណ្ដាញព័ត៌មាន Fresh News។
លោក ហ៊ុន ហើយ អតីតសកម្មជនគាំទ្រក្រុមឧទ្ទាមក្រៅច្បាប់ បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំឆ្អែតហើយចំពោះខ្ញុំ និយាយពីបទពិសោធន៍របស់ខ្ញុំ កន្លងមកកាលពីឆ្នាំ២០១៣, ២០១២ ខ្ញុំបានចូលរួមធ្វើបាតុកម្ម ជាមួយគណបក្សប្រឆាំងច្រើនណាស់ ដើម្បីការងារសង្គម ការងារប្រទេសជាតិ ទោះបីជាខ្ញុំមិនមានរចនាសម្ព័ន្ធ នៅក្នុងគណបក្សក៏ដោយ។ ខ្ញុំបានលះបង់គ្រប់យ៉ាង ដើម្បីចូលរួមជាមួយគណបក្សប្រឆាំង រហូតដល់ខ្ញុំមានដីការកោះហៅរត់ទៅថៃ ហើយពេលដែលខ្ញុំរត់ទៅថៃ ទើបខ្ញុំដឹងច្បាស់ពីគណបក្សប្រឆាំង ថ្នាក់ដឹកនាំគណបក្សប្រឆាំង ដែលខ្ញុំបានដឹងច្បាស់ទាំងអស់ ពេលហ្នុងគាត់បានមានបក្សពួកនិយម អីចឹងបានខ្ញុំថាគណបក្សប្រឆាំងគឺជាគណបក្សមួយដែលកុម្មុយនីស្ត មិនដូចអ្វីដែលរចនាសម្ព័ន្ធ ដែលគណបក្សបានលើកឡើងនោះទេ គឺបក្សពួកនិយមខ្លាំង។
ខ្ញុំនិយាយជាការពិត នៅឆ្នាំ២០១៧ បន្ទាប់ពីបោះឆ្នោតឃុំ/សង្កាត់ហើយ គាត់បានកៀងកក្រុមប្រឹក្សាឃុំ/សង្កាត់ឱ្យទៅថៃ ព្រមទាំងយុវជនពួកខ្ញុំផងដែរ ទៅដល់គាត់ទុកពួកខ្ញុំចោលដូចជាសម្រាម ខ្ញុំមិនកុហក់ ខ្ញុំនិយាយការពិតទាំងអស់ គាត់បក្សពួកនិយម ក្រុមពួកគាត់ដេកផ្ទះសំណាក់ ហូបស្រួល នៅអូតែល ហូបឆ្ងាញ់ ដេកស្រួល តែពួកខ្ញុំនៅដោយពឹងពាក់នៅលើសមត្ថភាពខ្លួនឯង អត់មានបានជួយអ្វីដល់ពួកខ្ញុំទាំងអស់។ ខ្ញុំមិនទាមទារអ្វីដល់ពួកខ្ញុំទេ ប៉ុន្តែខ្ញុំអាណិតដល់ក្រុមប្រឹក្សាឃុំ ដែលគាត់បានដើរតាមមាគ៌ារបស់គណបក្សប្រឆាំង ហេតុអីគាត់មិនយកចិត្តទុកដាក់ចំពោះពួកគាត់ ដែលពួកគាត់ខំពុះពាររត់ចេញទៅតាមដល់ទីក្រុងបាំងកកទៅដល់តាមព្រំដែន ទុកពួកគាត់ចោលអត់មានអើពើ រហូតដល់ពួកខ្ញុំបានកៀងកជំនួយយកទៅជួយពួកគាត់ ដើម្បីជួយផ្គត់ផ្គង់ទាំងផ្នែកសម្ភារៈស្នាក់នៅ និងម្ហូបអាហារជាដើម។
បើក្រឡេកទៅមើលថ្នាក់ដឹកនាំជាន់ខ្ពស់ដែលជាមន្រ្តីគណបក្សហ្នឹងគាត់បានដេកស្រួល ហូបឆ្ងាញ់ សួរថាលុយហ្នឹងបានមកពីណា? ហេតុអ្វីបានជាមិនជួយមើលដល់ថ្នាក់ក្រោមផង ដែលកៀងកយកទៅទុកចោល នេះខ្ញុំនិយាយមួយចំពោះគណបក្ស»។
ជាមួយគ្នានេះដែរ លោកបានអំពាវនាវទៅកាន់យុវជន និងប្រជាពលរដ្ឋទាំងអស់ឈប់ចាញ់បោកការញុះញង់របស់ក្រុមឧទ្ទាមក្រៅច្បាប់នេះតទៅ ដោយការដឹកនាំរបស់ក្រុមឆាំងនេះ មិនមានលក្ខណៈប្រជាធិបតេយ្យដូចអ្វីដែលខ្លួនបានអួតអាងនោះឡើយ ហើយផ្ទុយទៅវិញគឺបានប្រព្រឹត្តិនូវទង្វើពុករលួយ និងបក្សពួកនិយមទៅវិញ៕