(ភ្នំពេញ)៖ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានថ្លែងថា គ្រូបង្រៀន និងឪពុកម្តាយ អាណាព្យាបាល គឺជាចំណែកមួយជួយឲ្យក្មេងចេះច្បាស់លាស់ ទាំងភាសាខ្មែរ និងបរទេស ក្រៅពីការខិតខំរបស់ក្មេងខ្លួនឯងផ្ទាល់។ ហេតុនេះហើយ លោកបានជំរុញដល់គ្រូបង្រៀន និងឪពុកម្តាយ យកចិត្តទុកដាក់ខ្ពស់ ចំពោះការប្រើប្រាស់ភាសារបស់ក្មេង។
ការថ្លែងរបស់លោក គួច ម៉េងលី បានធ្វើឡើងបន្ទាប់ពីមើលឃើញថា បច្ចុប្បន្ន និន្នាការនៃការប្រើប្រាស់ភាសាជាតិរបស់កូនខ្មែរ ជួបប្រទះការលំបាក។ មានកូនខ្មែរមួយចំនួន ប្រើប្រាស់ភាសាជាតិខុស នៅពេលពួកគេសរសេរអក្សរ ទម្លាប់និយាយភាសាបរទេសភ្ជាប់ជាមួយភាសាជាតិមិនច្បាស់លាស់ និងកូនខ្មែរមួយចំនួនទៀតនិយាយខ្មែរបាន តែមិនអាចសរសេរកើត ប៉ុន្តែរឿងដែលព្រួយបារម្ភនោះ មានខ្មែរមួយចំនួន មិនអាចប្រើប្រាស់ភាសាជាតិបានសោះតែម្តង។
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ថ្លែងបែបនេះ ក្នុងសន្និសីទនៃការបង្រៀនថ្នាក់ជាតិ (NTC) លើកទីមួយ របស់កម្ពុជា ដើម្បីពង្រឹងគុណភាពអប់រំប្រកបដោយបិរយាបន្ន និងនវានុវត្តន៍ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ជាទូទៅ យើងត្រូវចេះភាសាទាំងពីរ (ខ្មែរ និងអង់គ្លេស) ប៉ុន្តែធ្វើបានល្អ ឬអត់ វាអាស្រ័យទៅលើលោកគ្រូ អ្នកគ្រូ លោកឪពុកអ្នកម្តាយ ដែលស្នេហាជាតិ និងស្នេហាភាសាកម្រិតណា ដើម្បីប្រើប្រាស់ភាសាឲ្យបានល្អ។ អីចឹង ជាទំនួលខុសត្រូវរបស់បុគ្គលខ្លួន រួមទាំងឪពុកម្តាយ និងលោកគ្រូ អ្នកគ្រូផងដែរ ដែលដាក់ការងារជូនសិស្សហ្នឹង ដើម្បីប្រើប្រាស់ភាសាឲ្យបានច្រើន ហើយធ្វើម៉េចឲ្យក្លាយជា Bilingual ពិតប្រាកដ ចេះភាសាពីរឲ្យច្បាស់។ បើយើងអត់ប្រយ័ត្ន អត់ដាស់តឿនគាត់ទេ យើងនឹងក្លាយជាជនជាតិមួយ អត់ចេះភាសាជាតិខ្លួនឯង។ ហេតុនេះហើយ វាជាការព្រួយបារម្ភមួយដែរ»។
សន្និសីទនៃការបង្រៀនថ្នាក់ជាតិ គឺជាសន្និសីទដើម្បីពង្រឹងគុណភាពអប់រំនៅក្នុងប្រទេស បាននិងកំពុងរៀបចំឡើងចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ដោយប្រមូលផ្តុំអ្នកអប់រំ អ្នកគ្រប់គ្រង និងនិស្សិតសាកលវិទ្យាល័យជាង ១,៥០០ នាក់ និងអ្នកដឹកនាំគំនិតពីទូទាំងប្រទេស មកជុំនៅរាជធានីភ្នំពេញ។ សន្និសីទនេះ ធ្វើឡើងក៏ដើម្បីអភិវឌ្ឍវិជ្ជាជីវៈបង្រៀននៅកម្ពុជា ដោយផ្តល់នូវវេទិកាជូនអ្នកអប់រំសម្រាប់ភាពច្នៃប្រឌិត ការសហការ និងការផ្លាស់ប្តូរការអនុវត្តដែលល្អបំផុត។
ក្រោមមូលបទ៖ «ការរួមបញ្ចូលឌីជីថល និងបច្ចេកវិទ្យា៖ ឧបករណ៍ក្នុងការកែទម្រង់ការអប់រំ» សន្និសីទនៃការបង្រៀនថ្នាក់ជាតិ ផ្តល់ជូនអ្នកអប់រំនូវជំនាញ ចំណេះដឹង និងធនធានដែលត្រូវការ ដើម្បីណែនាំ និងដឹកនាំសិស្សានុសិស្សរបស់ពួកគេឆ្ពោះទៅរកភាពជោគជ័យ នៅក្នុងពិភពលោក ដែលពោរពេញទៅការប្រាស្រ័យទាក់ទងគ្នាយ៉ាងស្អិតរមួតជាមួយនឹងដោយបច្ចេកវិទ្យា ដោយផ្តោតលើការធ្វើឱ្យទំនើបកម្មនៃវិធីសាស្រ្តបង្រៀន ការបង្កើតបរិយាកាសសិក្សាប្រកបដោយបរិយាបន្នសម្រាប់សិស្សានុសិស្ស និងរួមបញ្ចូល និងដោះស្រាយបញ្ហាប្រឈម និងដំណោះស្រាយនៅក្នុងវិស័យអប់រំនៅកម្ពុជា។
នាឱកាសនោះ លោកបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងពីតួនាទីរបស់ឌីជីថល និងបច្ចេកវិទ្យានៅក្នុងថ្នាក់រៀនទំនើប ដើម្បីបង្កើនបទពិសោធន៍សិក្សារបស់សិស្សានុសិស្ស។
លោកក៏បានលើកឡើងថា ក្រសួងអប់រំ មានតួនាទីសំខាន់ ដែលទទួលពីរាជរដ្ឋាភិបាល ក្នុងការកែទម្រង់អំពីគុណភាពនៃការបណ្តុះបណ្តាល។ ការកែទម្រង់ ព្រោះចង់ឲ្យប្រទេសយើង មានធនធានជំនាញ ដើម្បីស្រូបយកការដាក់ទុនវិនិយោគរោងចក្រខ្នាតធំ ដែលជាឧបករណ៍សម្រាប់បង្កើនកំណើនសេដ្ឋកិច្ច ជាក់ស្តែង ក្រសួងបានដាក់បញ្ចូលបន្ថែមសាលាជំនាន់ថ្មី ចំនួន ៨ទៀត ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់៕