(សៀមរាប)៖ លោក សេង ពិចិត្រ ប្រធានគម្រោងរបស់អង្គការអាគ្រីស៊ុត ប្រចាំប្រទេសកម្ពុជា បានជំរុញដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមដាំដំណាំ និងបន្លែសុវត្ថិភាពឱ្យបានច្រើន ដើម្បីចូលរួមការពារបរិស្ថាន និងបានចំណូលសម្រាប់ផ្គត់ផ្គងជីវភាពនៅក្នុងគ្រួសារផងដែរ។
លោកបានបន្តថា ការចូលរួមបែបនេះ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការការពារព្រៃឈើ ដូច្នេះពាក់ព័ន្ធទាំងអស់ត្រូវចូលរួមលើកទឹកចិត្តឱ្យគាត់ដាំបន្លែផ្លែឈើឱ្យបានច្រើន ជៀសវាងកាប់បំផ្លាញព្រៃឈើដោយខុសច្បាប់។
ការជំរុញយ៉ាងដូច្នេះរបស់លោក សេង ពិចិត្រ បានធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មាននៅភ្នំគូលែន ដែលរៀបចំឡើងដោយអង្គការ AgriSud សហការដោយអាជ្ញាធរខេត្តសៀមរាប សមាគមក្លិបទេសចរណ៍ខេត្តសៀមរាប នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤នេះ ក្នុងគោលបំណងដើម្បីលើកកម្ពស់គុណភាព និងធានាសន្តិសុខស្បៀងនៃផលិតផលកសិកម្ម និងមានបំណងរួមចំណែកពង្រីកសកម្មភាពកសិ-ទេសចរណ៍ នៅក្នុងតំបន់ជុំវិញទីក្រុងសៀមរាប។
ប្រធានអង្គការរូបនេះ បានបន្ថែមថា ជាពិសេស ដើម្បីស្វែងយល់អំពីដំណាំខ្ជាយខ្មៅ ម្រេច ដូងកប៉ាល់ កសិផលកែច្នៃ ផលិតផលសិប្បកម្ម និងទីតាំងលក់ផលិតផលរបស់ប្រជាកសិករ ដែលរស់នៅលើខ្នងភ្នំគូលែន ដែលភាគច្រើនពួកគាត់ គឺជាសមាជិករបស់សមាគមអ្នកដាំបន្លែសុវត្ថិភាពសៀមរាប។
លោក សាំង វ៉ន ជាកសិករដាំម្រេចនៅលើភ្នំគូលែន បានឱ្យដឹងថា ពូជម្រេចនេះគឺជាពូជនៅលើភ្នំគូលែននេះតែម្តង ដែលលោកបានយកមកពីទួលបុរាណមួយនៅលើភ្នំគូលែន ដែលវាបានដុះតាមដើមគូលែន ហើយលោកក៏បានយកផ្សាំ និងបន្តថែរក្សាពូជនេះរហូតមកបច្ចុប្បន្ន ព្រមទាំងបានចែកដល់អ្នកជិតខាងមួយចំនួនផងដែរ។
លោកបន្តថា៖ «លោកបានកាត់ត្រួយវាយកមកដាំរហូតមកដល់បច្ចុប្បន្ន ពូជម្រេចប្រភេទនេះដាំបានជាង ១០០ជន្លង់ហើយ ដោយសារមានការជួយឱបត្ថម្ភពីអង្គការ AgriSud ទើបដាំបានច្រើន ហើយម្រេចនេះ ហឹរ និងឈ្ងុយទៀត ដូច្នេះ ទើបមានតម្រូវការច្រើននៅលើទិផ្សារ ក្នុង១ឆ្នាំយើងប្រមូលផលបានតែ១ដងប៉ុណ្ណោះ»។
លោក សាំង វ៉ន បានបន្តថា នៅពេលវាចេញផ្កាត្រូវស្រោចទឹកជារៀងរាល់ថ្ងៃ កាលណាយើងមិនស្រោចទឹកទេ វាទៅជាម្រេចស្បែក ដោយវាមិនមានសាច់នៅក្នុងនោះទេ ដូច្នេះគឺទាមទារស្រោចទឹកឱ្យបានច្រើន តើបវាមានសាច់នៅខាងក្នុងច្រើន ហើយម្រេចរបស់លោកគឺមិនបានប្រើប្រាស់ជីគីមីនោះទេ ដោយគ្រាន់តែស្រោចទឹក និងដាក់ជីអាចម៌មាន់តិចៗតែប៉ុណ្ណោះ។
លោកបានបន្តទៀតថា ចំពោះការប្រមូលផលវិញនៅពេលម្រេចទុំបានល្អ ទើបយើងអាចបេះយកមកហាល បើកាលណាបេះម្រេចខ្ចីយកមកហាលនោះវាមិនគុណភាពទេ ក្នុងមួយឆ្នាំប្រមូលផលបានជិត២រយគីឡូក្រាម ក្នុងនោះដែរ ម្រេចក្រៀមលក់បានជាង១គីឡូក្រាម និងម្រេចខ្ចីបានជាង៥០គីឡូក្រាម ហើយអង្គការ AgriSud ជួយរកទីផ្សារឱ្យផងដែរ ចំពោះតម្លៃវិញកាលមុនកូវីដលក់បានពី៦ម៉ឺនទៅ៨ម៉ឺនរៀលក្នុងមួយគីឡូក្រាម (ហាលរួច) បច្ចុប្បន្ននេះបានតែ៣ម៉ឺនទៅ៦ម៉ឺនរៀល និងម្រេចខ្ចីវិញលក់បាន ១៥,០០០រៀល។
ជាមួយនេះដែរ លោក សេង ពិចិត្រ បញ្ជាក់ថា បច្ចុប្បន្ននេះ ប្រជាកសិករនៅលើភ្នំគូលែនដាំម្រេចបានចំនួន ១៥គ្រួសារហើយ និងសង្ឃឹមមានការកើនឡើងទៀត ព្រោះតម្រូវការទីផ្សារមានកាន់តែច្រើន ព្រោះមានខាងជប៉ុនគាត់ទិញយកទៅកែច្នៃនៃ ប៉ុន្តែ គាត់យកម្រេចខ្ចីព្រោះយកទៅធ្វើជ្រក់ និងសមាគមគាត់ទិញចាស់យកទៅសម្ងួតព្រោះគេមានកន្លែងរបស់គេសម្រាប់ធ្វើផងដែរ៕