(ភ្នំពេញ)៖ ដឹកនាំដោយ លោកស្រី ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា (គណៈកម្មការទី៨) និងមានការចូលរួមដោយលោកស្រី មុំ សណ្តាប់ សមាជិកគណៈកម្មការទី៦ នៃព្រឹទ្ធសភា នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោកស្រី Dr Marianna Trias តំណាងឱ្យអង្គការ WHO ប្រចាំនៅកម្ពុជា និងលោក Dr Lluis Vinals Torres ប្រធានផ្នែកប្រព័ន្ធសុខាភិបាលនៃការិយាល័យ WHO ប្រចាំតំបន់ប៉ាសុីហ្វិកខាងលិច និងសហការីចូលជួបសំណេះសំណាលពិភាក្សាការងារ នៅវិមានរដ្ឋសភា។
ក្នុងជំនួបពិភាក្សានេះមានគោលបំណងស្តាប់បទបង្ហាញរបស់អង្គការ WHO សម្រាប់ជាគន្លឹះចូលរួមក្នុងកិច្ចប្រជុំនៃវេទិកាសមាជិកសភាអាសុី ប៉ាស៊ីហ្វិកលើកទី៨ស្តីពីសុខភាពជាសកល (Asia Pacific Parliamentarian Forum on Global Health) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ដល់ទី៦ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងព័រវីឡា នៃសាធារណរដ្ឋវ៉ាណូទូ(Vanuatu)។
ឆ្លៀតឱកាសនោះ លោកស្រី Dr Marianna Trias បានលើកឡើងនូវចំណុចសំខាន់ៗជាច្រើនទាក់ទងការបណ្តុះបណ្តាល និងពង្រឹងធនធានមនុស្សក្នុងវិស័យសុខាភិបាលនៅក្នុងវេទិកាសមាជិកសភាអាសុីប៉ាសុីហ្វិកស្តីពីសុខភាពសកល ដែលប្រព្រឹត្តនៅប្រទេសវ៉ាណូទូ(Vanuatu) នាខែកញ្ញាខាងមុខនេះ ព្រមទាំងបានស្នើសុំឱ្យព្រះរាជាណាចក្រកម្ពុជាធ្វេីជាម្ចាស់ផ្ទះសម្រាប់វេទិកាសមាជិកសភាអាសុីប៉ាសុីហ្វិកស្តីពីសុខភាពសកល (Asia Pacific Parliamentarian Forum on Global Health) លេីកទី៩ នៅឆ្នាំ២០២៦ខាងមុខនេះ។
ទន្ទឹមនឹងនោះដែរ លោកស្រី ឡោក ខេង បានថ្លែងអំណរ គុណដល់ភាគី WHO ដែលបានផ្តល់មតិយោបល់ជាច្រើន ដេីម្បីជាធាតុផ្សំមួយសម្រាប់ចូលរួមក្នុងកិច្ចប្រជុំនៅប្រទេសវ៉ាណូទូនាពេលខាងមុខនេះ និងផ្តល់ទំនុកចិត្ត ការជឿជាក់នៃសភាកម្ពុជា ក្នុងការធ្វេីជាម្ចាស់ផ្ទះនៃវេទិកានេះ នាឆ្នាំ២០២៦។ លោកស្រីប្រធាន បានលេីកឡេីងពីសមិទ្ធផលសម្រេចបាន នៃគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល គឺការគ្របដណ្តប់សុខភាពជាសកល និងបង្ហាញពីគោលដៅក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លង និងជំងឺផ្សេងៗទៀតពិសេសគណៈកម្មការបានយកចិត្តទុកដាក់ខ្លាំងលើជំងឺមិនឆ្លង។
ជាមួយគ្នានេះ លោកស្រីប្រធានបានបង្ហាញពីលទ្ធផលជាច្រើននៃកិច្ចសហការល្អរវាងគណៈកម្មការទី៨ ជាមួយ WHO ទាំងថ្នាក់តំបន់ និងប្រចាំកម្ពុជានាពេលកន្លងមក និងឱ្យWHO រក្សានូវកិច្ចសហការដ៏ល្អនេះបន្តទៅទៀតដេីម្បីលេីកកម្ពស់ការយល់ដឹងពីហានិភ័យនៃជំងឺមិនឆ្លងដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការបណ្តុះបណ្តាលជនបង្គោលនៅថ្នាក់ក្រោមជាតិ ពិសេសគឺតាមភូមិ ឃុំ សង្កាត់ ដែលនៅជិតប្រជាជន។
ចំពោះការរៀបចំធ្វើជាម្ចាស់ផ្ទះក្នុងវេទិកាសមាជិកសភាអាសុីប៉ាសុីហ្វិកស្តីពីសុខភាពសកល (Asia Pacific Parliamentarian Forum on Global Health) លោកស្រី ឡោក ខេង នឹងរាយការណ៍ស្នេីសុំការសម្រេចឯកភាពពីសម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា ជាមុនសិន ហេីយលោកស្រីក៏បានស្នេីសុំអោយភាគី WHO ជួយដល់កម្ពុជាលើផ្នែកថវិកា និងបច្ចេកទេស។
លោក Dr Lluis Vinals Torres បានបង្ហាញនូវក្តីសង្ឃឹមបន្ទាប់ពីលោកស្រីត្រលប់មកពីកិច្ចប្រជុំវិញ នឹងបន្តកិច្ចការជាច្រេីនទៀត ដែលត្រូវសហការគ្នាកាន់តែរឹងមាំ ជិតស្និទ្ធ ព្រមទាំងបានឯកភាពជួយជាថវិកា និងបច្ចេកទេសជាច្រើនបន្ថែមទៀត ក្នុងពេលកម្ពុជាធ្វេីជាម្ចាស់ផ្ទះនៃវេទិកាសមាជិកសភាអាសុីប៉ាសុីហ្វិកស្តីពីសុខភាព នៅឆ្នាំ២០២៦ ខាងមុខនេះ តាមការស្នេីសុំរបស់ លោកស្រី ឡោក ខេង ប្រធានគណៈកម្មការទី៨ ផងដែរ៕