(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ លោកស្រីបណ្ឌិត បាន ស្រីមុំអភិបាល នៃគណៈអភិបាលខេត្ត ប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំសន្តិសុខសណ្តាប់ធ្នាប់ ជូនព្រះដំណើរនិមន្តទស្សនកិច្ច និងជួបប្រជាពុទ្ធបរិស័ទតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃរបស់ព្រះធម្មវនវាសី ចន្ទ មុនី នៅខេត្តប៉ៃលិន។
លោកស្រីបណ្ឌិត បាន ស្រីមុំ បានលើកឡើងថា «ដើម្បីទទួលបដិសណ្ឋារកិច្ច និងរក្សាបាននូវសន្តិសុខសុវត្ថិភាព ចំពោះព្រះដំណើរនិមន្តទស្សនកិច្ច នៅលើទឹកដី ខេត្តប៉ៃលិន របស់ព្រះធម្មវនវាសី ចន្ទ មុនី, សូមឱ្យមន្ទីរអង្គភាព និងអាជ្ញាធរក្រុង ស្រុក ដែលពាក់ព័ន្ធ ត្រូវត្រៀមលក្ខណៈ ក្នុងការទទួលព្រះអង្គឱ្យបានល្អ ទាំងការរៀបចំចង្ហាន់, ទីកន្លែងគង់នៅ, ការការពារសន្តិសុខសណ្តាប់ធ្នាប់, ការត្រៀម រថយន្តសង្រ្គោះ ជាដើម ធ្វើយ៉ាងណាឱ្យព្រះដំណើរទស្សនកិច្ចរបស់ព្រះអង្គ ប្រព្រឹត្តិទៅដោយរលូន»។
សូមជម្រាបថា ព្រះធម្មវនវាសី ចន្ទ មុនី នឹងនិមន្តមកកាន់ខេត្តប៉ៃលិន នៅថ្ងៃទី២៥-២៦ ខែសីហា ឆ្នាំ២០២៤ ដោយនៅវេលា នៅវេលាម៉ោង ៥៖០០នាទីរសៀល ព្រះអង្គនិមន្តមកដល់ខេត្តប៉ៃលិន តាមដងផ្លូវជាតិលេខ ៥៩ និង ផ្លូវជាតិ លេខ៥៧ កាត់តាម ស្រុកកំរៀង ចូលមកស្រុកសាលាក្រៅ និងក្រុងប៉ៃលិន ហើយព្រះអង្គគង់នៅក្នុងវត្ត រតនសោណ្ឌ ហៅវត្តកោងកាង។
នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៦៖០០នាទីព្រឹក ព្រះអង្គឆាន់ចង្ហាន់ ពេល ព្រឹកនៅវត្តកោងកាង, វេលាម៉ោង ៧៖០០នាទីព្រឹក ព្រះអង្គផ្តល់ឱវាទធម្មទេសនា និងវេលាម៉ោង ៨៖០០នាទីព្រឹកព្រះអង្គនិមន្ដពិនិត្យបង្គោលព្រំដែន នៅ ឡាក់៦៥ ឡាក់៦៤ និងឡាក់៦៣ (ច្រកទ្វារព្រំដែនអន្តរជាតិព្រំ) រួចបន្តដំណើរ ទៅថ្មដា ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិសាត់ ដោយកាត់ តាមស្រុកសំឡូត ខេត្តបាត់ដំបង៕