(ភ្នំពេញ)៖ ទស្សនវិជ្ជាព្រះពុទ្ធសាសនា និងគោលការណ៍លទ្ធិប្រជាធិបតេយ្យរបស់ប្រទេសលោកខាងលិច គឺមានផ្នែកខ្លះដូចគ្នា និងផ្នែកខ្លះទៀតផ្តោតទៅលើសេរីភាពនៃការជ្រើសរើស ឬចំណូលចិត្ត និងការលាយបញ្ចូលគ្នានៃសិទ្ធិការពារដោយរដ្ឋធម្មនុញ្ញរបស់ប្រជាជនរៀងៗខ្លួន។
ទស្សនវិជ្ជារបស់ព្រះពុទ្ធសាសនា គ្របដណ្ដប់លើមាគ៌ាដ៏ប្រពៃដែលហៅថា Eightfold Noble Path និងសិក្ខាបទប្រកបដោយគុណធម៌នៃអំពើល្អ ដែលរួមបញ្ចូលនូវការគោរពគ្នាទៅវិញទៅមក សេចក្តីស្រឡាញ់ ភាពសប្បុរស ភាពមេត្តាធម៌ សេចក្តីស្មោះត្រង់ សេចក្តីពិត ភាពអហិង្សា ការចុះសម្រុងទៅនឹងធម្មជាតិ និងសត្វមានជីវិតទាំងអស់ បូករួមនិងការរួមរស់ជាមួយគ្នាដោយសន្តិភាព។
ព្រះពុទ្ធទ្រង់បានសម្ដែងឱ្យឃើញថា សេចក្តីសុខ គឺជាគោលដៅតែមួយគត់នៃអត្ថិភាព ចំណែកការផ្តាច់ចេញពីសេចក្តីប៉ងប្រាថ្នាផ្សេងៗ គឺស្មើនឹងសន្តិភាពនៃផ្លូវចិត្ត និងភាពពេញលេញនៅក្នុងជីវិត។ ចំណែកលទ្ធិប្រជាធិបតេយ្យនាពេលបច្ចុប្បន្ននេះ ត្រូវបានបង្កើតឡើងនៅលើមូលដ្ឋានមួយដែលកំណត់ថាមនុស្សគ្រប់រូបមានភាពស្មើគ្នានៅក្នុងការរស់រានមានជីវិត សេរីភាព និងសុភមង្គល។ បំណងប្រាថ្នាសម្រាប់ឱ្យសង្គមមួយមានសន្តិភាព និងប្រជាធិបតេយ្យពេញលេញគឺមានសារៈសំខាន់ជាងពេលណាទាំងអស់នៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ។
ព្រះរាជាណាចក្រកម្ពុជា ចាប់ផ្ដើមទទួលនូវឥទ្ធិពលសាសនាព្រះពុទ្ធតាំងពីសតវត្សរ៍ទី៥ នៃគ្រិស្តសករាជមកម្ល៉េះ ដែលនៅពេលនោះសាសនានេះត្រូវបានប្រតិបត្តិ និងរួមបញ្ចូលទៅក្នុងវប្បធម៌ និងអរិយធម៌ខ្មែរ។ ជាច្រើនសតវត្សរ៍កន្លងមកទៀត ប្រទេសកម្ពុជាបានឃើញសម័យកាលនៃការទទួលយក និងការសម្របខ្លួន ដោយលាយបញ្ចូលព្រះពុទ្ធសាសនាជាមួយសាសនាហិណ្ឌូ និងជំនឿអរូបីក្នុងស្រុក ជាពិសេសក្នុងសម័យអង្គរក្រោមការគ្រប់គ្រងរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលរជ្ជកាលរបស់ព្រះអង្គត្រូវបានកត់សម្គាល់ដោយការរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនានៃសាសនា ហើយដែលសុខដុមនាយកម្មផ្នែកសាសនានេះ បានរួមចំណែកទៅដល់សុខសន្តិភាព និងស្ថេរភាពសង្គម។ នៅក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ននេះ ការកំណត់យកសាសនាព្រះពុទ្ធនិកាយថេរវាទជាសាសនារបស់រដ្ឋមានចាប់តាំងពីឆ្នាំ១៩៩៣មក។
នៅក្នុងការបោះឆ្នោតសកលជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី១ នាឆ្នាំ១៩៩៣ ប្រទេសកម្ពុជាបានរក្សាបាននូវសេរីភាព និងលទ្ធិប្រជាធិបតេយ្យពហុបក្សដែលស្របទៅតាមការចែងរបស់រដ្ឋធម្មនុញ្ញ។ ក្រោយមកទៀត ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តែងតែមានការរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ដែលរក្សាបាននូវនីតិរដ្ឋ និងបង្កើតបរិយាកាសនយោបាយដែលនាំមកនូវសុខសន្តិភាព និងស្ថិរភាពសង្គម បូករួមជាមួយនឹងសិទ្ធិ និងសេរីភាពបុគ្គលផងដែរ។
សម្ដេចអតីតនាយករដ្ឋមន្រ្តីតែងរៀបចំបង្កើតនូវទម្រង់អភិបាលកិច្ចដែលរក្សាបានតុល្យភាពការគាំពារសង្គម និងសេដ្ឋកិច្ចទីផ្សារសេរី រួមទាំងធានាឱ្យមាននូវសមភាពនៅក្នុងការទទួលបាននូវផលប្រយោជន៍ដែលបានមកពីកំណើនសេដ្ឋកិច្ច។ ជាងនេះទៅទៀត ការដឹកនាំរបស់សម្តេចអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលបាននូវឥទ្ធិពលពីការបង្រៀនតាមបែបព្រះពុទ្ធសាសនា ដែលបានចូលរួមចំណែកដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតទិដ្ឋភាពសង្គមនយោបាយបច្ចុប្បន្នរបស់កម្ពុជា។
ដោយឆ្លងកាត់ជីវិតរស់នៅក្នុងទីវត្តអារាមតាំងពីកុមារភាពមក វិធីសាស្រ្តនៅក្នុងការដឹកនាំប្រទេសរបស់សម្ដេចត្រូវបានចាក់ឫសយ៉ាងជ្រៅនៅក្នុងគោលការណ៍ព្រះពុទ្ធសាសនាដែលឈរលើគោលការណ៍ដូចជាសមធម៌ បរិយាបន្ន និងកិច្ចសហប្រតិបត្តិការខាងសាសនា។ ជារួមសម្ដេចតេជោ បានផ្តល់អាទិភាពដល់សេរីភាពនៃជំនឿសាសនា ការអត់ឱន និងការរួមរស់ដោយសន្តិភាពសហវិជ្ជមាននៃជំនឿសាសនានានា ដែលធ្វើឱ្យតម្លៃទាំងនេះជាចំណុចកណ្តាលនៃអត្តសញ្ញាណជាតិរបស់កម្ពុជា។
ម្យ៉ាងវិញទៀត ការឆ្លើយតបរបស់សម្ដេច ហ៊ុន សែន ចំពោះវិបត្តិនានា ដូចជាជំងឺរាតត្បាតកូវីដ-១៩ បានឆ្លុះបញ្ចាំងពីការដឹកនាំដ៏ម៉ឺងម៉ាត់ និងប្រកបដោយមេត្តាធម៌របស់សម្ដេច។ តាមរយៈការជ្រើសរើសវ៉ាក់សាំងរបស់ប្រទេសចិនដែលជាជម្រើសយុទ្ធសាស្ត្រមួយសម្រាប់កម្ពុជា និងការអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស សម្ដេចបានកំណត់យកសុខុមាលភាពរបស់ប្រជាពលរដ្ឋជាអាទិភាព។ មួយវិញទៀត សម្ដេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលកាលនោះបានលោកបានដឹកនាំ និងផ្តួចផ្តើមគំនិតក្នុងការបង្កើតក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលជាកត្ដារួមចំណែកសំខាន់ដល់ការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ ដែលរាតត្បាតនៅពាសពេញប្រទេសកម្ពុជា។ ដូច្នេះហើយ បានជាមេដឹកនាំទាំងពីរត្រូវបានទទួលស្គាល់ជាអន្តរជាតិចំពោះការរួមចំណែកទៅដល់ការបង្កើត និងរក្សាសុខសន្តិភាព និងការលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា។
«លទ្ធិប្រជាធិបតេយ្យបែបព្រះពុទ្ធសាសនា» របស់កម្ពុជាមិនត្រឹមតែរក្សាបាននូវសុខដុមរមនាខាងសាសនាក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញនូវភាពជាគំរូនៃសន្តិភាព និងសមាហរណកម្មផ្នែកសាសនារបស់ប្រទេសកម្ពុជានៅក្នុងតំបន់ទៀតផង។ ការគាំទ្រដោយស្ថាប័ននានាដូចជាគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍សាសនា និងការប្តេជ្ញារក្សាឱ្យបាននូវសុខដុមនីយកម្មខាងសាសនានៅក្នុងប្រទេសកម្ពុជា បានជួយទប់ស្កាត់ជម្លោះសាសនាដែលជាទូទៅត្រូវបានប្រទះឃើញកើតមានឡើងនៅក្នុងប្រទេសជិតខាងកម្ពុជា ដូចជាមីយ៉ាន់ម៉ា និងថៃជាដើម។ ការប្តេជ្ញាចិត្តនេះបានជំរុញឱ្យមានសុខសន្តិភាពខាងសាសនា ដែលជំនឿផ្សេងគ្នាអាចរួមរស់ជាមួយគ្នា និងរួមចំណែកដល់ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិ។
កេរដំណែលរបស់សម្ដេច ហ៊ុន សែន ដែលប្រកែកមិនបានគឺការអនុវត្តប្រកបដោយជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ ដែលបាននាំមកនូវការបញ្ចប់សង្គ្រាមស៊ីវិល និងជម្លោះផ្ទៃក្នុងដែលបានញាំញីប្រទេសកម្ពុជាអស់ជាច្រើនទសវត្សរ៍។ គោលនយោបាយនេះ ក៏ផ្អែកទៅលើគុណតម្លៃនៃព្រះពុទ្ធសាសនាដែលអហិង្សា និងការផ្សះផ្សាជាតិ ដែលនៅទីបំផុតបានជួយសម្រួលដល់សមាហរណកម្មនៃកងកម្លាំងខ្មែរក្រហមជាមួយកងយុទ្ធពលខេមរភូមិន្ទជាតិ ថែមទាំងធានាបាននូវសុខសន្តិភាព និងការត្រួសត្រាយផ្លូវសម្រាប់ការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឡើងវិញ។ ការបង្កើតសាលាក្តីខ្មែរក្រហមក្នុងឆ្នាំ២០០៦ គាំទ្រដោយអង្គការសហប្រជាជាតិ ក៏បានពង្រឹងនៅការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះការរកយុត្តិធម៌ដល់ជនរងគ្រោះពីរបបវាលពិឃាត និងការផ្សះផ្សាជាតិ ដោយផ្តល់នូវគំរូមួយក្នុងការកសាងសន្តិភាពសម្រាប់ពិភពលោក។
ក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន សែន កម្ពុជាមិនត្រឹមតែទទួលបានសន្តិភាពជាតិប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាពអន្តរជាតិផងដែរ។ ការចូលរួមរបស់ព្រះរាជាណាចក្រកម្ពុជានៅក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងប្រតិបត្តិការដោះមីននៅទូទាំងពិភពលោក បានសបញ្ជាក់ពីតួនាទីរបស់ខ្លួនដែលជា «ប្រទេសតូចដែលមានបេះដូងធំ»។ កម្ពុជាក៏បានចែករំលែកបទពិសោធន៍នៃការកសាងសន្តិភាពរបស់ខ្លួនជាមួយអនុតំបន់មេគង្គ និងលើសពីនេះទៀត ដោយស្នើឱ្យមានការផ្តួចផ្តើមគំនិតដូចជា «រដ្ឋពីរឆ្ពោះទៅប្រទេសតែមួយ» ដើម្បីសន្តិភាពនៅលើឧបទ្វីបកូរ៉េ ដែលជាឫសគល់នៃតម្លៃព្រះពុទ្ធសាសនា និងមនុស្សធម៌។
សរុបមកលទ្ធិប្រជាធិបតេយ្យបែបព្រះពុទ្ធសាសនារបស់កម្ពុជាបានឆ្លុះបង្ហាញពីទិដ្ឋភាពសង្គម-វប្បធម៌ នយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសជាតិយ៉ាងជ្រាលជ្រៅ។ តាមរយៈការរួមបញ្ចូលគ្នានៃគោលការណ៍សាសនា និងអភិបាលកិច្ចជាក់ស្តែង កម្ពុជាទទួលបានសន្តិភាព ស្ថិរភាព និងវិបុលភាពយូរអង្វែង។ ទោះជាយ៉ាងណាក៏ដោយ សមិទ្ធិផលទាំងនេះមិនត្រូវបានគេមើលឃើញថាជាចំណុចបញ្ចប់នោះទេ ប៉ុន្តែជាមូលដ្ឋានគ្រឹះសម្រាប់ដំណើរបន្តឆ្ពោះទៅរកការធានានូវយុត្តិធម៌ ភាពសុខដុមរមនា និងសុខុមាលភាពសម្រាប់ប្រជាជនកម្ពុជា និងក្រៅប្រទេស។
លោក ថុង ម៉េងដាវិត គ្រូឧទ្ទេសនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាអ្នកសិក្សាស្រាវជ្រាវនៅវិទ្យាស្ថានចក្ខុវិស័យអាស៊ី៕