(កណ្តាល)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) នៅព្រឹកថ្ងៃទី២៤ ខែសីហានេះ បានដឹកនាំសហការី និងរដ្ឋបាលស្រុកខ្សាច់កណ្តាល សហភាពសហព័ន្ធយុវជនដាំកូនឈើលើកទី២ ចំនួន ១៥០០ដើម ប្រធានបទ «កូនឈើមួយ ក្តីស្រឡាញ់មួយ»។
កម្មវិធីនេះរៀបចំឡើងនៅ ឃុំតាឯក និងឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលមានអ្នកចូលរួមសរុបជិត ១ពាន់នាក់មកពីក្រុមប្រឹក្សាស្រុក និងសហភាពសហព័ន្ធយុវជន ។
បណ្ឌិត កៅ ថាច បានដឹកនាំដាំដើមឈើដោយផ្ទាល់ ដើម្បីជំរុញ ការដាំដើមឈើឡើងវិញ ឲ្យបានច្រើន ដាំហើយ បើមិនជួយថែទាំ គឺមិនអាចរស់បានទេ រុក្ខជា តិទាំងនោះមានជីវិតដូចយើងដែរសំខាន់ ដើម្បីការពារភពផែនដី។
«រុក្ខទិវា» ឬ «ទិវាដាំដើមឈើ» ត្រូវបានបង្កើតឡើងនៅតាំងពីឆ្នាំ ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ក្នុងគោល បំណងបំផុសចលនាដាំដើមឈើឡើងវិញ និងអោយប្រជាពលរដ្ឋចូលរួមថែរក្សាសម្បត្ដិព្រៃឈើ ជាពិសេស ដើម្បីបណ្តុះគំនិតថែរក្សា ការពារ និងគំនិតស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិ របស់ប្រទេស៕