(ភ្នំពេញ)៖ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានឲ្យដឹងថា ចិនទទួលយកសំណើរពីកម្ពុជា ថានឹងផ្ដល់ការបណ្ដុះបណ្ដាលផ្នែកច្បាប់ ប្រព័ន្ធយុត្តិធម៌ ដល់មន្ដ្រីក្រសួងយុត្តិធម៌កម្ពុជា និងផ្ដល់ជំនួយ ការគាំទ្រនានា ក្នុងការអភិវឌ្ឍលើវិស័យច្បាប់ និងយុត្តិធម៌។
ការទទួលយកសំណើររបស់កម្ពុជា ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្នុងឱកាសដែល លោក Lu Enguang អគ្គនាយកនយោបាយ (ឋានៈស្មើ អនុរដ្ឋមន្ដ្រី) និងគណប្រតិភូក្រសួងយុត្តិធម៌ចិន ចូលជួប សម្តែងការគួរសម ជាមួយ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ នៅទីស្តីការក្រសួងយុត្តិធម៌កម្ពុជា ដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរលើវិស័យច្បាប់ និងយុត្តិធម៌។
លោករដ្ឋមន្ដ្រី បានបញ្ជាក់ថា ក្រៅពីទទួលយកសំណើរខាងនេះ ក្រសួងយុត្តិធម៌ចិន បានទទួលយកនូវសំណើ ក្នុងការគាំទ្រលើ ទី១-ការផ្លាស់ប្តូរ និងការចែករំលែកបទពិសោធន៍ ក្នុងវិស័យកំណែទម្រង់ផ្នែកច្បាប់ និងប្រព័ន្ធយុត្តិធម៌ ទី២-ការគ្រប់គ្រងរដ្ឋបាលតុលាការ និងសេវាកម្មច្បាប់នៅមូលដ្ឋាន ទី២-ការពង្រឹងសមត្ថភាពមន្ត្រី និងស្ថាប័នច្បាប់ និងតុលាការ ការអប់រំ និងផ្សព្វផ្សាយច្បាប់ និងទី៤-ការបង្កើនការប្រើប្រាស់ភាពច្នៃប្រឌិត នៃបច្ចេកវិទ្យាព័ត៌មាននៅក្នុងផ្នែកច្បាប់ និងតុលាការ។
បន្ថែមពីនេះ លោករដ្ឋមន្ដ្រី អង្គ វង្សវឌ្ឍានា ក៏បានទទួលយកការអញ្ជើញ ពីលោក Lu Enguang ដើម្បីដឹកនាំគណៈ ប្រតិភូក្រសួងយុត្តិធម៌កម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន ក្នុងពេលវេលាសមស្របណាមួយ។
ជាមួយគ្នានោះដែរ ក្រសួងយុត្តិធម៌ទាំងពីរបានចុះហត្ថលេខា លើអនុស្សរណៈនៃ ការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យច្បាប់ និងយុត្តិធម៌ ផងដែរ៕