(ឧត្តរមានជ័យ)៖ លោក ឌី រ៉ាដូ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាអនុប្រធានប្រចាំការក្រុមការងារយុវជនគណបក្សខេត្តឧត្តរមានជ័យ តំណាងលោក មាន ចាន់យ៉ាដា ប្រធានគណបក្សខេត្ត នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារ នាំយកថវិកាចំនួន២០លានរៀល របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល ជូនមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។
ក្នុងនាមយុវជនគណបក្សថ្នាក់កណ្តាល និងក្នុងនាមយុវជនគណបក្សខេត្តឧត្តរមានជ័យ លោក ឌី រ៉ាដូ បានកោតសរសើរថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ដែលកន្លងមកក៏ដូចជាបច្ចុប្បន្ននេះ បានយកចិត្តទុក្ខដាក់ ខិតខំប្រឹងប្រែងពិនិត្យ ព្យាបាលកុមារកម្ពុជារបស់យើង ដែលមានជំងឺផ្សេងៗ បានជាសះស្បើយយ៉ាងច្រើនគួរជាទីមោទនៈ។លោកប្តេជ្ញានិងធ្វើការគៀងគររកថវិកា ពីក្រុមយុវជន ក៏ដូចជាសប្បុរសជននានា មកជូនមន្ទីរពេទ្យកុមារអង្គរ នាឱកាសក្រោយៗទៀត៕