(កំពង់ធំ)៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត តំណាង នួន ផារ័ត្ន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានជួសំណេះសំណាល ប្រគល់ភារកិច្ច និងប្រគល់ម៉ូតូ ប្រេងឥន្ធនៈដែលជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជូនកងកម្លាំងចម្រុះនៅទីបញ្ជាការស្រាលទាំង៧ ក្នុងចំណោមទីបញ្ជការស្រាលទាំង១៤គោលដៅ ដើម្បីបន្តធ្វើសកម្មភាពក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានផ្ដល់ប្រេងសាំង ១,០០០លីត្រ តាមរយៈនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោក និងម៉ូតូចំនួន១៤ គ្រឿងតាមរយៈលោក នួន ផារ័ត្ន ប្រគល់ជូនកងកម្លាំងចម្រុះនៅទីបញ្ជការស្រាលទាំង៧ នៅប៉ែកខាងលើភូមិសាស្ត្រខេត្ត ក្នុងចំណោមទីបញ្ជាការស្រាលទាំង១៤ ដែលមានភារកិច្ចគ្រប់គ្រងការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងខេត្តកំពង់ធំ ដើម្បីបន្តសកម្មភាពក្នុងភារកិច្ចរបស់ខ្លួនឲ្យទទួលលទ្ធផលល្អ និងមានប្រសិទ្ធភាព។
លោកបានប្រគល់ភារកិច្ចជូនដល់កងកម្លាំងចម្រុះទាំងអស់ ដែលរួមមានកងកម្លាំងប្រដាប់អាវុធទាំង៣ មន្ត្រីស្ថាប័នបរិស្ថាន និងរដ្ឋបាលព្រៃឈើ ត្រូវបន្តរួមគ្នាមិនដកថយឡើយ ដោយត្រូវការពារទប់ស្កាត់ មិនឲ្យមានការកាប់ទន្ទ្រាន ព្រៃឈើជាថ្មីជាដាច់ខាត។
ដោយឡែកផ្ទៃដីដែលក្រុមជនល្មើសលួចកាប់ទន្ទ្រាន និងត្រូវបានដកហូតកន្លងមក ត្រូវរក្សាការពារឲ្យបានល្អមិនឲ្យមានការបាត់បង់ ដើម្បីមានវិធានការដាំស្ដារព្រៃឈើឡើងវិញបន្ថែមទៀត បន្ទាប់ពីនៅពេលថ្មីៗនេះក្រោមការដឹកនាំរបស់លោក នួន ផារ័ត្ន អភិបាលខេត្ត យើងបានដាំកូនឈើជាង២ម៉ឺនដើម រួចមកហើយ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំកងកម្លាំងចម្រុះ និងស្ថាប័នជំនាញពាក់ព័ន្ធទាំងអស់ រួមជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវសាមគ្គីសហការគ្នាឲ្យបានល្អ ដោយត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់តាមលិខិតបទដ្ឋាននានា និងវិធានការច្បាប់ ជាធរមានចំពោះជនល្មើសទាំងឡាយណា ដែលនៅតែរឹងរូសក្នុងការបំផ្លិចបំផ្លាញធនធានធម្មជាតិ ដោយត្រូវអនុវត្តន៍តាមនិតិវធីច្បាប់ ដោយគ្មានការលើកលែងឡើយ៕