(សៀមរាប)៖ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា កម្មវិធី «ដែនដី និងកសិ-ទេសចរណ៍» ដែលរៀចបំឡើងដោយអង្គការអាគ្រីស៊ុតប្រចាំកម្ពុជា ថានឹងជួយជំរុញលើកកម្ពស់កម្រិតជីវភាពប្រជាកសិករនៅតាមមូលដ្ឋាន ជាពិសេស ជួយផ្សព្វផ្សាយផលិតផលកសិកម្មរបស់ពួកគាត់ ឱ្យមានទីផ្សារកាន់តែទូលំទូលាយ។
លោក ង៉ូវ សេងកាក់ លើកឡើងយ៉ាងដូច្នេះនៅក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំឡើងដោយអង្គការ AgriSud និងក្លឹបទេសចរណ៍ខេត្តសៀមរាប នៅសណ្ឋាគារមេម័រ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤។ អង្គការ AgriSud ក៏បានដឹកនាំអ្នកសារព័ត៌មានធ្វើដំណើរទៅកាន់តំបន់ភ្នំគូលែន និងសង្កាត់ក្របីរៀលក្បែរក្រុងសៀមរាប ដើម្បីទស្សនាផលិតផលកសិកម្មរបស់ប្រជាកសិករផងដែរ។
លោកបន្តថា កម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានស្ដីពី «ដែនដី និងកសិ-ទេសចរណ៍» ធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់២៥ ខែសីហា ក្នុងន័យលើកកម្ពស់គុណភាព និងធានាសន្តិសុខស្បៀងនៃផលិតផលកសិកម្ម និងមានបំណងរួមចំណែកពង្រីកសកម្មភាពកសិ-ទេសចរណ៍នៅក្នុងតំបន់ជុំវិញទីក្រុងសៀមរាបអង្គរ។
លោក ង៉ូវ សេងកាក់ បានបន្តថា កម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានស្ដីពី «ដែនដី និងកសិ-ទេសចរណ៍»នេះ រៀបចំឡើងដោយអង្គការ AgriSud សហការដោយរដ្ឋបាលខេត្តសៀមរាប សមាគមក្លឹបទេសចរណ៍ខេត្តសៀមរាបខេត្ត និងគាំទ្រដោយសណ្ឋាគារ Memoir Resort & Spa និងភោជនីយដ្ឋានម៉ែឌី។
លោក សេង ពិចិត្រ ប្រធានអង្គការអាគ្រីស៊ុតប្រចាំកម្ពុជា បានលើកឡើងថា សន្ទុះនៃអ្នកគាំទ្រ ផលិតផលបន្លែ និងផ្លែឈើ ដែលដាំដុះតាមគោលការណ៍សុវត្ថិភាព មានការកើនឡើងគួរឱ្យកត់សម្គាល់។ លោកបន្តថា ការសង្កេតនេះ គឺតាមរយៈសន្ទុះការគាំទ្រ និងទិញផលិតផលនៅផ្សារចុងសប្ដាហ៍ ដែលអង្គការអាគ្រីស៊ុត បានផ្តល់ការគាំទ្រដល់មន្ទីរពាណិជ្ជកម្ម សម្រាប់រៀបចំផ្សារនេះ។
លោកបានបន្តថា អ្នកទិញកាន់តែច្រើន ហើយបន្លែ ផ្លែឈើ ដែលដាំដោយកសិករក្នុងគម្រោងរបស់អង្គការ លក់ដាច់ច្រើន ដែលនេះបង្ហាញពីការជឿទុកចិត្តមកលើ ផលិតផលបន្លែ និងផ្លែឈើ ដែលដាំដុះតាមគោលការណ៍សុវត្ថិភាព។
លោក សេង ពិចិត្រ បានបញ្ជាក់ថា កម្មវិធីនេះនឹងបន្តជួយលើកកម្ពស់ការផ្សព្វផ្សាយ ផលិតផលរបស់ប្រជាកសិករទៅកាន់ទីផ្សារកាន់តែទូលាយបន្ថែមទៀត ជាពិសេស ប្រតិបត្តិករទេសចរណ៍ នៅក្នុងខេត្តសៀមរាប។ លោក ពិចិត្រ យល់ថា ការរៀបចំកម្មវិធីឱ្យអ្នកបរិភោគចុះមើលសង្វាក់នៃការដាំដុះរបស់ប្រជាកសិករដោយផ្ទាល់នេះ នឹងជួយឱ្យភាគីទាំងពីរមានទំនុកចិត្តលើគ្នា និងដឹងពីប្រភពច្បាស់លាស់ផងដែរ៕