(ភ្នំពេញ)៖ គណៈកម្មការប្រឹក្សាការងារ (LAC) ដែលមានសមាសភាពមកពីសហជីព និយោជក និងក្រសួងការងារ គ្រោងធ្វើការបោះឆ្នោតកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា ជូនកម្មករ និយោជិតផ្នែកវាយនភ័ណកាត់ដេរ និងផលិតស្បែកជើង នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះ ខណៈកិច្ចប្រជុំគណៈកម្មការបច្ចេកទេសត្រីភាគី នៅថ្ងៃនេះមិនទាន់បានលទ្ធផលនៅឡើយ។
នៅក្នុងកិច្ចប្រជុំជាថ្មី នាថ្ងៃទី២៦ ខែកញ្ញានេះ ភាគីទាំងបីនៅតែមិនអាចស្វែងរកតួលេខមួយដែលមានលក្ខណៈប្រកៀកប្រកិតគ្នានៅឡើយទេ ដោយសារតែខាងសហជីព នៅតែប្រកាន់ជំហរ ១៧៧.៥៩ដុល្លារ ចំណែកឯខាងនិយោជក ប្រកាន់យក ១៤៦.៣៧ដុល្លារ។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា ក្រសួងការងារ នឹងជួបប្រជុំជាមួយភាគីនិយោជក និងជាមួយភាគីសហជីព ដាច់ដោយឡែកបន្តទៀត នៅល្ងាច ថ្ងៃទី២៦ ខែកញ្ញានេះ ដើម្បីឱ្យភាគីទាំងពីរធ្វើការបញ្ចុះ និងដំឡើងតួលេខឱ្យកាន់តែខិតជិតគ្នាបន្ថែមទៀត។
លោកថា «នៅថ្ងៃទី២៨ ខែកញ្ញាខាងមុខ យើងនឹងជួបគ្នាម្ដងទៀត ដើម្បីរើសយកតួលេខណាមួយ តែមុននឹងឈានទៅដល់ថ្ងៃទី២៨ ខែកញ្ញា ខ្ញុំនឹងជួបជាមួយភាគីនិយោជកបន្តទៀត ដើម្បីសម្របសម្រួលឱ្យភាគីទាំងសងខាង គាត់អាចកែសម្រួលគោលជំហរម្ដងទៀតទៅ ឱ្យគម្លាតកាន់តែគៀកគ្នា»។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរង សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានលើកឡើងថា អ្វីដែលមានការចាប់អារម្មណ៍ គឺភាគីទាំងអស់មានការយោគយល់គ្នាទៅវិញទៅមកជាងមុន ហើយការចរចានេះ ភាគីទាំងសងខាងមានមូលដ្ឋានលក្ខណៈវិនិច្ឆ័យរៀងៗខ្លួន ក្នុងយកមកពិភាក្សានេះ។ រីឯតួលេខដែលធ្វើឱ្យមានភាពខុសគ្នានេះ មកពីភាគីនិយោជកមានតួលេខពីវិទ្យាស្ថានជាតិស្ថិតិ ឯភាគីសហជីពយកតួលេខពី ការចំណាយមធ្យម និងចំណូលសរុបជាមធ្យមរបស់កម្មករ និយោជិត។
លោកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា បានលើកឡើងថា អ្វីដែលសហជីពទាមទារនេះ មិនមានការហួសហេតុនោះទេ ព្រោះតាមការសិក្សារបស់ភាគីសហជីព មានតួលេខខ្ពស់ជាងចំនួននេះទៅទៀត។ លោកស្រីថា «តួលេខ១៧៧.៥៩ដុល្លារហ្នឹង យើងគិតថាមិនអាចចុះទៀតបានទេ ហើយនៅថ្ងៃទី២៨ ខាងមុខ យើងសង្ឃឹមថា យើងនឹងអាចសម្រេចបានតួលេខមួយ ដើម្បីដាក់ទៅឱ្យគណៈកម្មការប្រឹក្សាការងារសម្រេច»។
ទោះយ៉ាងណា លោក ហេង សួរ នៅតែបញ្ជាក់ពីជំហរថា លោកនឹងសម្របសម្រួលជាមួយភាគីទាំងពីរបន្តទៀត ដើម្បីឱ្យតួលេខកាន់តែខិតជិតគ្នាទៀត មុននឹងឈានទៅដល់គណៈកម្មការក្រុមប្រឹក្សាការងារ បោះឆ្នោតសម្រេច។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់គោលនយោបាយដំឡើងប្រាក់ឈ្នួល ដល់កម្មករកាត់ដេរសំលៀកបំពាក់ និងផលិតស្បែកជើងរៀងរាល់ឆ្នាំ។ កាលពីឆ្នាំមុនបន្ទាប់ពីមានការចរចាដំឡើងប្រាក់ឈ្នួល ពីភាគីពាក់ព័ន្ធនោះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករកម្ពុជា នៅឆ្នាំ២០១៦នេះ បានកើនឡើងពី១២៧ដុល្លារ ដល់១៤០ដុល្លារ ក្នុងមួយខែដោយមិនរាប់បញ្ចូលប្រាក់ អត្ថប្រយោជន៍រួមទាំងប្រាក់បន្ថែមផ្សេងទៀត៕