(ភ្នំពេញ)៖ ក្នុងរយៈពេលមួយឆ្នាំដើមអាណត្ដិទី៧ នៃរដ្ឋសភា ក្នុងវិស័យសុខាភិបាល ចាប់តំាងពីលោកសាស្ដ្រាចារ្យ ឈាង រ៉ា ទទួលបានសេចក្ដីទុកចិត្ដពីរាជរដ្ឋាភិបាលកម្ពុជា តែងតាំងជារដ្ឋមន្ដ្រីក្រសួងសុខាភិបាល, លោកសាស្ដ្រាចារ្យ ឈាង រ៉ា បានដាក់ចេញនូវផែនការយុទ្ធសាស្ដ្រជាច្រើន ដើម្បីកំណែទម្រង់វិស័យសុខាភិបាល ឱ្យកាន់តែប្រសើរ ក្នុងនោះក៏មានបេសកកម្ម ចុះពិនិត្យតាមមូលដ្ឋានសុខាភិបាលទូទាំងប្រទេសផងដែរ ចាប់ពីមណ្ឌលសុខភាព ដល់មន្ទីរពេទ្យបង្អែកខេត្ដទាំង២៥ រាជធានី-ខេត្ដ។
តាមរយៈកិច្ចសម្ភាសជាង៨នាទី ជាមួយបណ្ដាញព័ត៌មាន Fresh News កំលុងធ្វើដំណើរទស្សនកិច្ច ចុះពិនិត្យនៅតាមមូលដ្ឋានសុខាភិបាល នៅខេត្ដចំនួន ៤ រួមមាន ខេត្ដកំពង់ស្ពឺ ព្រះសីហនុ កោះកុង និងខេត្ដប៉ៃលិន ដែលមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៨ ខែសីហា ឆ្នាំ២០២៤ លោកសាស្ដ្រាចារ្យ ឈាង រ៉ា បានថ្លែងថា ការដែលក្រសួងសុខាភិបាល ការចុះពិនិត្យនៅតាមមូលដ្ឋានសុខាភិបាលដោយផ្ទាល់នេះ គឺដើម្បីត្រួតពិនិត្យតាមដាននូវគុណភាពសេវា ដែលមន្ដ្រីសុខាភិបាលនៃក្រសួងសុខាភិបាល របស់រាជរដ្ឋាភិបាលកម្ពុជា បានបម្រើជូនប្រជាពលរដ្ឋ ថាបានកម្រិតគុណភាពយ៉ាងណា។
លោកសាស្ដ្រាចារ្យបន្ដថា «ក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺចង់លើកស្ទួយនូវគុណភាព ផ្ដល់សេវាសុខាភិបាល ឱ្យបានល្អប្រសើរទាំងនៅក្នុងទីប្រជុំជន និងក្នុងតំបន់ដាច់ស្រយាល ដើម្បីឱ្យប្រជាពលរដ្ឋ ទទួលបានសេវាសុខាភិបាល ដែលមានគុណភាព ជឿទុកចិត្ដ និងទាន់ពេលវេលា។ ហើយការចុះមកនេះ គឺស្របទៅតាមយុទ្ធសាស្ដ្រនៃវិធានគន្លឹះរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់គុណភាពសេវាថែទាំសុខភាពបឋមនេះ ឱ្យកាន់តែកៀរជូនប្រជាពលរដ្ឋយើង»។
ដើម្បីជ្រាបកាន់តែច្បាស់ពីវត្ថុបំណង និងលទ្ធផលនៃការចុះត្រួតពិនិត្យមូលដ្ឋានសុខាភិបាលទូទាំង២៥ រាជធានី-ខេត្ដនេះ សូមទស្សនានូវកិច្ចសម្ភាសរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ឈាង រ៉ា ជាមួយបណ្ដាញព័ត៌មាន Fresh News ដូចតទៅ៖