(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា និស្សិតកម្ពុជា ដែលបានទៅសិក្សានៅប្រទេសចិន ក្រៅពីពួកគេបានចូលរួមចំណែកពង្រឹងចំណងមិត្តភាពកម្ពុជា-ចិនហើយនោះ ពួកគេក៏ចូលរួមចំណែកទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរចិនមកកម្ពុជា ក៏ដូចជាមកការអភិវឌ្ឍ នូវគម្រោងហេដ្ឋារចនាសម្ព័នសំខាន់ៗ ដូចជា ផ្លូវ ស្ពាន និងផ្លូវល្បឿនលឿនជាដើម។
លោកឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន ថ្លែងបែបនេះ ធ្វើឡើងនៅក្នុងពិធីអបអរសាទរ ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤ និងជូនដំណើរនិស្សិតអាហារូបករណ៍កម្ពុជា ទៅបន្តការសិក្សានៅប្រទេសចិន កាលពីល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤។
លោកបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តផ្តល់ឱកាសដល់យុវជនដែលបានទៅសិក្សានៅប្រទេស ក្នុងការបង្កើតក្រុមហ៊ុន ក៏ដូចជាបន្តទាក់ទាញ អ្នកវិនិយោគ និងទេសចរចិន ជាពិសេសគឺរក្សាពូនជ្រំនូវទំនាក់ទំនងមិត្តភាពកម្ពុជានិងចិននៅក្នុងយុគ្គសម័យថ្មី ខណៈរាជរដ្ឋាភិបាលកម្ពុជា បាននឹងជំរុញការបង្រៀនភាសាចិន ដើម្បីបំពេញតម្រូវការងារផងដែរ។
ទន្ទឹមគ្នានេះ លោកជំរុញនិស្សិតដែលទទួលអាហារូបករណ៍ ទៅសិក្សានៅប្រទេសចិន ត្រូវចេះស្វែងយល់ពីភាពខ្លាំងរបស់ចិន លើជំនាញដែលខ្លួនរៀន ដើម្បីយកចំណេះដឹងទាំងអស់នោះ មកចូលរួមអភិវឌ្ឍន៍កម្ពុជា ។
លោកបណ្ឌិតសភាចារ្យ មានប្រសាសន៍ថា ដំណើរជីវិតសិក្សានៅប្រទេសចិន នឹងក្លាយជាបទពិសោន៍មួយដ៏មានតម្លៃបំផុត នៅក្នុងឆាកជីវិតសិក្សាក្នុងនាមជានិស្សិត ដោយមិនត្រឹមតែសិក្សាលើជំនាញប៉ុណ្ណោះទេ អ្វីដែលសំខាន់ គឺអាចស្វែងយល់បានស៊ីជម្រៅ អំពីវប្បធម៌ប្រពៃណីរស់នៅ របស់ប្រជាជនចិនក្នុងយុគសម័យថ្មី។ មួយវិញទៀត ក៏បានសិក្សាពីសុភមង្គលដែលលេចចេញពីការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិយមចិន ឆ្ពោះទៅសម្រេចចក្ខុវិស័យក្លាយជាប្រទេស សង្គមនិយមទំនើបកម្រិតមូលដ្ឋាន នៅឆ្នាំ២០៣៥ និងកម្រិតខ្ពស់នៅឆ្នាំ២០៥០ ហើយទន្ទឹមនឹងការខិតខំរៀនសូត្រយកចំណេះដឹង មកចូលរួមអភិវឌ្ឍន៍ប្រទេសជាតិនេះ ក៏ត្រូវអនុវត្តន៍ និងគោរពឲ្យបានខ្ជាប់ខ្ជួន នូវច្បាប់នៃប្រទេសគេផងដែរ ។
លោក វ៉ាង វិនពិន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានថ្លែងថា ទំនាក់ទំនងរវាងកម្ពុជា-ចិន គឺផ្អែកលើប្រជាជន ហើយអនាគតចំណងមិត្តភាព រវាងប្រទេសទាំងពីរ គឺផ្អែកលើយុវជន ហើយយុវជននេះទៀតសោត ជាកម្លាំងយ៉ាងសំខាន់ សម្រាប់ការអភិវឌ្ឍ និងធ្វើឱ្យកាន់តែស៊ីជម្រៅ នៃចំណងមិត្តភាពរវាងចិន និងកម្ពុជា ។
លោក អ៊ុំ វុទ្ធទី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតអាហារូបណ៍កម្ពុជា-ចិន (ស.ន.ក.ច) និងជាជំនួយការសម្ដេចតេជោ ហ៊ុន ប្រធានព្រឹទ្ធសភាកម្ពុជាបានឲ្យដឹងថា មកដល់នឹងពេលនេះ មានរយៈពេល៧ឆ្នាំមកហើយ ដែលសមាគមនិស្សិតកម្ពុជា ប្រចាំប្រទេសចិន បានជួយទៅដល់សិស្សានុសិស្សចំនួន ១ ២០០នាក់ ទៅសិក្សានៅប្រទេសចិន (២៦ខេត្ត និងក្រុង) ហើយក្នុងពេលនេះដែរ ក្នុងចំណោមនិស្សិតចំនួន ជាង២០០នាក់ នៅក្នុងកម្មវិធីនេះមានចំនួន ១៧៤នាក់ ដែលទទួលបានអាហារូបករណ៍ ចេញទៅសិក្សានៅប្រទេសចិន ក្នុងពេលដ៏ខ្លីខាងមុខលើមុខជំនាញជាច្រើន៕