(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤នេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ «ឯកសារទស្សនាទានសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ (UYFC 2.0)» នៅសាលសន្និសីទសណ្ឋាគារសុខាភ្នំពេញ។
ក្នុងពិធីនេះ ក៏មានការចូលរួមពី អនុប្រធានស.ស.យ.ក. ឯកឧត្តម សមាជិកាគណៈអចិន្ត្រៃយ៍ សមាជិក សមាជិកា គណៈកម្មាធិការកណ្តាល ព្រមទាំងសមាជិកស.ស.យ.ក. ចំណុះនាយកដ្ឋាន អង្គភាពចំណុះគណៈកម្មាធិការកណ្តាលប្រមាណ៨០០នាក់។
លោកស្រី ដាំ ដារីនី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមដឹងនាំរៀបចំសេចក្តីព្រាងឯកសារទស្សនាទាន UYFC 2.0 បានគូសបញ្ជាក់ថា UYFC 2.0 ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយព្រមទាំងផ្តល់វេទិកា ដើម្បីចូលរួមជាផ្នែកមួយក្នុងការកែប្រែសហភាពសហព័ន្ធយុវជនកម្ពុជា ទៅជាស្ថាប័នដែលមានតែគុណតម្លៃស្របតាមបរិបទនៃការវិវត្តសេដ្ឋកិច្ច និងសង្គមកិច្ច ដើម្បីបន្តបេសកកម្មរបស់ខ្លួនក្នុងបុព្វហេតុដ៏ត្រឹមត្រូវនៃការប្រមូលផ្តុំធនធានយុវជនសម្រាប់ប្រទេសកម្ពុជា និងមានទិសដៅសម្រួច និងពង្រឹង ស.ស.យ.ក. ឲ្យក្លាយជាស្ថាប័នមួយដែលមានសក្តានុពល ស្របតាមបរិបទសង្គម។
ថ្លែងទៅកាន់អង្គពិធី លោក ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ក្រុមការងារ ដែលបានរៀបចំឯកសារទស្សនទានសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ នេះឡើង។
លោកបានបន្តថា សិក្ខាសាលានេះ នឹងផ្តល់ជាវេទិកា និងឱកាសសម្រាប់សមាជិក សមាជិកា ចូលរួមចែករំលែក និងទទួលបាននូវចំណេះដឹងតាមរយៈបទអន្តរាគមន៍លើប្រធានបទសំខាន់ៗនាពេលនេះ។
លោក ហ៊ុន ម៉ានី ជឿជាក់យ៉ាងមុតមាំថា តាមរយៈសិក្ខាសាលានេះ ថ្នាក់ដឹកនាំ សមាជិក សមាជិកា អាចយកចំណេះដឹងដែលទទួលបាន ទៅផ្សព្វផ្សាយឲ្យបានសុីជម្រៅ និងទូលំទូលាយទៅដល់រចនាសម្ព័ន្ធថ្នាក់ក្រោម និងបំពេញការងារស្ម័គ្រចិត្តប្រកបដោយមនសិការ និងការបេ្តជ្ញាចិត្តខ្ពស់ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិបន្ថែមទៀត៕