(កំពង់ធំ)៖ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការអន្តរក្រសួងស្ថាប័ន អាជ្ញាធរមូលដ្ឋាន អាជ្ញាធរមានសមត្ថកិច្ច និងមន្ទីរជំនាញជុំវិញខេត្តកំពង់ធំ រួមជាមួយប្រជានេសាទតំបន់អភិរក្ស២ស្ទួន (បាយក្អែក) តំបន់បឹងទន្លេសាប បានប្រកាសគាំទ្រយ៉ាងពេញទំហឹង និងចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាពនូវប្រសាសន៍ដឹកនាំ និងសេចក្តីអំពាវនាវរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី ចំពោះវិធានការចូលរួមទប់ស្កាត់ការទន្រ្ទានដីព្រៃលិចទឹក ចូលរួមថែរក្សានិងការពារបឹងទន្លេសាប គឺជាការចូលរួមរក្សាធនធានជលផល និងសន្តិសុខស្បៀងសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាសន្តិសុខទឹកសម្រាប់ការប្រើប្រាស់ និងស្រោចស្រព ព្រមទាំងរក្សាបាននូវតុល្យភាពប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប។
សូមជម្រាបថា តាមរយៈសេចក្ដីថ្លែងការណ៍ពិសេសនៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ដើម្បីបង្ហាញអំពីសមិទ្ធផលរយៈពេល១ឆ្នាំ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវឲ្យមន្ដ្រី និងប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ការទន្ទ្រានដីព្រៃរបស់រដ្ឋ នៅតំបន់បឹងទន្លេសាបបន្តទៀត។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលបាននិងកំពុងចាត់វិធានការចំពោះការទន្ទ្រានយកដីរដ្ឋ ជាពិសេសនៅតំបន់បឹងទន្លេសាប៕