(កំពង់ធំ)៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ លោក ឡង គីសឹង អភិបាលស្រុកសន្ទុក បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ចុះទៅដល់គោលដៅទីតាំងដែលសង្ស័យបើកល្បែងជល់មាន់ និងលេងអាប៉ោងខុសច្បាប់ ស្ថិតនៅតំបន់អូរកូត និងតំបន់ភ្នំក្រហម ស្ថិតក្នុងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។

លោក ឡង គីសឹង បានបញ្ជាក់ថា ដោយមានការចង្អុលបង្ហាញពីលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ឲ្យពិនិត្យមើលនូវល្បែងស៊ីសងខុសច្បាប់ ត្រូវបង្ក្រាបឲ្យខានតែបាន។ ក្រោយពីក្រុមការងារបានចុះពិនិត្យជាក់ស្ដែងជាលទ្ធផល ទីតាំង២កន្លែង គឺមានសភាពចាស់ ដែលបានបោះបង់ចោលជាយូរមកហើយ ពុំមានស្លាកស្នាមណាមូយ មានការបើកថ្មីនោះឡើយ។

លោកបន្តទៀតថា ក្រុមការងារបានលុកចូលតាមចំការចន្ទីរ និងចំការកៅស៊ូ និងបានបង្ហោះដ្រូន ចំនួន២គ្រឿង ដើម្បីពិនិត្យស្ថានភាពនៅតំបន់នោះ ពុំឃើញមានអ្វីគួរកត់សំគាល់ឡើយ៕