(ភ្នំពេញ)៖ គម្រោងជាច្រើនពាក់ព័ន្ធ នឹងការរៀបចំការអភិវឌ្ឍន៍ប្រទេស ការការពារបូរណភាពដែនដី និងចក្ខុវិស័យនាំប្រទេសកម្ពុជា ក្លាយជាប្រទេសមានចំណូលខ្ពស់ត្រូវបានដាក់ចេញដើម្បីការអនុវត្តជាបន្តបន្ទាប់ ខណៈដំណើរការ១ឆ្នាំទៅមុខរបស់រាជរដ្ឋាភិបាល បានកន្លងផុតឈានចូលឆ្នាំទី២។

ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ គឺជាខួបរយៈពេលមួយឆ្នាំគត់ នៃការកាច់ចង្កួតនាវាដឹកនាំកម្ពុជា នៃរាជរដ្ឋាភិបាលអាណ្ណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ សម្តេចធិបតី ក្នុងប្រសាសន៍រយៈពេលជាងមួយម៉ោងកន្លះនាយប់ថ្ងៃទី២២ ខែសីហា បានរៀបរាប់នូវកិច្ចប្រឹងប្រែងដឹកនាំប្រទេសជាតិលើគ្រប់វិស័យ តាំងពីវិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម វិស័យទេសចរណ៍ វិស័យអប់រំ យុត្តិធម៌ បរិស្ថាន វិស័យនគរូបនីយកម្ម និងសំណង់ វិស័យដីធ្លី វិស័យការពារជាតិ និងវិស័យជាច្រើនថែមទៀតជាមួយ នឹងចក្ខុវិស័យចំពោះអនាគតរបស់កម្ពុជាដើម្បីក្លាយជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។

ការអភិវឌ្ឍតំបន់ព្រំដែន
ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់តាមបណ្តោយព្រំដែន ជាពិសេសផ្លូវតាមខ្សែក្រវាត់ព្រំដែន គឺជាកិច្ចការមួយដ៏សំខាន់ក្នុងការជួយជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែនដាច់ស្រយាល។ សម្តេចធិបតីបានថ្លែងថា រាជរដ្ឋាភិបាលជាច្រើនអាណ្ណត្តិ តែងបានរៀបចំការជំរុញកសាងផ្លូវ តាមបណ្តោយខ្សែក្រវាត់ព្រំដែនកម្ពុជា ជាប់ព្រំដែនវៀតណាម ថៃ និងឡាវ តាំងពីឆ្នាំ១៩៩៤មក។ ការកសាងខ្សែក្រវាត់តាមបណ្តោយព្រំដែនរវាងកម្ពុជា វៀតណាម គិតរវាងពីឆ្នាំ២០១៧ មកដល់២០២២ គឺមានការកសាងផ្លូវប្រវែង៦៨៥.៩៦គីឡូម៉ែត្រ លើផែនការសរុប១,០៦៩គីឡូម៉ែត្រ ការកសាងផ្លូវតាមព្រំដែនជាប់ នឹងថៃចាប់ផ្តើមតាំងពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០២៣ បានប្រវែង៤៥៥.៥គីឡូម៉ែត្រ លើផែនការសារុប៥០៩គីឡូម៉ែត្រ និងការកសាងផ្លូវតាមខ្សែព្រំដែនកម្ពុជា ជាប់ នឹងប្រទេសឡាវរវាងពីឆ្នាំ២០១៥ ដល់២០២២ បានប្រវែង១៧៩.២ គីឡូម៉ែត្រ លើផែនការសារុប៣៧៧គីឡូម៉ែត្រ។

សម្តេចធិបតី បានថ្លែងបញ្ជាក់ត្រង់ចំណុចនេះបន្តថា កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ សម្តេចបានផ្តល់គោលការណ៍ឯកភាពលើបញ្ជាការដ្ឋានវិស្វកម្មអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ សម្រេចបញ្ចប់ជំហានមួយលើការបោះបង្គោលខណ្ឌសីមា និងការស្ថាបនាដែនគមនាគមន៍ តាមតំបន់ព្រំដែនកម្ពុជា ជាប់ប្រទេសថៃ ឡាវ និងវៀតណាម សម្រាប់រយៈពេល១០ ឆ្នាំ ២០២៤-២០៣៤ នៅលើដី ដែលបានឯកភាពគ្នារួចមកហើយ។

បញ្ហាការអភិវឌ្ឍន៍តាមតំបន់ព្រំដែន គឺជាបញ្ហាដ៏ចម្បងមួយសម្រាប់រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ ខណៈក្រុមធ្វើនយោបាយប្រឆាំងនៅក្រៅស្រុក បានបង្កើតនូវព័ត៌មានមិនពិតចោទថាមានខេត្តបួន នាភាគឦសានកម្ពុជា ដែលជាប់នឹងព្រំដែនប្រទេសវៀតណាម និងឡាវ ត្រូវបានរាជរដ្ឋាភិបាលកាត់ទៅឱ្យបរទេស។ ព័ត៌មានក្លែងក្លាយនេះ ត្រូវបានរាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋខ្មែរក្នុងស្រុក បានថ្កោលទោសដល់ក្រុមធ្វើនយោបាយប្រឆាំងក្រៅស្រុកយ៉ាងខ្លាំងក្លា។

សម្តេចធិបតី បានអំពាវនាវឱ្យពលរដ្ឋនានាទាំងឡាយធ្វើដំណើរទៅកាន់ខេត្តភាគឦសាន ដើម្បីបានឃើញជាក់ស្តែងនូវការពិតកំពុងកើតឡើងក្នុងខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ក្រោមគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា វៀតណាម និងឡាវ។ ដើម្បីបន្សាបព័ត៌មានក្លែងក្លាយទាំងនេះផងដែរ សម្តេចធិបតី បានដាក់បញ្ជាឱ្យក្រសួងព័ត៌មានរៀបចំកម្មវិធី ធ្វើដំណើរកម្សាន្តរៀងរាល់ចុងសប្តាហ៍ដោយឥតគិតថ្លៃ ចាប់ផ្តើមពីខែកញ្ញា រហូតដល់ចុងឆ្នាំ២០២៤ ដើម្បីឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជន ធ្វើដំណើរទៅទស្សនា ក្នុងខេត្តទាំងបួននោះដើម្បីការឃើញនូវទិដ្ឋភាពជាក់ស្តែងតាមបណ្តោយព្រំដែន និងការអភិវឌ្ឍន៍ជាក់ស្តែងនៅខេត្តភាគឦសានកម្ពុជានោះ។

ពាក់ព័ន្ធនឹងគោលនយោបាយជំរុញការអភិវឌ្ឍនៅក្នុងខេត្តទាំងបួននោះទៀត សម្ដេចធិបតី នៅបានប្រគល់ភារកិច្ចដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក្នុងការរៀបចំកញ្ចប់លើកទឹកចិត្តជំរុញការវិនិយោគនៅភូមិភាគឦសានសម្រាប់ឆ្នាំ២០២៥។

ការដាក់ចេញគោលនយោបាយនេះ គឺដើម្បីលើកទឹកចិត្តដល់វិនិយោគិនទាំងអស់ ពិសេសវិនិយោគិនក្នុងស្រុក ដើម្បីឱ្យទៅអភិវឌ្ឍ នៅតំបន់នោះតែម្ដង។ គោលនយោបាយ និងសកម្មភាពទាំងអស់នេះ គឺជាការបង្ហាញតម្លារភាពនិងសុឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការធានាឱ្យបាននូវការមិនបាត់បង់ទឹកដី និងអធិបតេយ្យរបស់កម្ពុជាសូម្បីតែដីមួយចង្អាមក៏ដោយ។

វិស័យធនាគារ និងហិរញ្ញវត្ថុ ពន្ធដា និងអចលនទ្រព្យ
សម្តេចធិបតី នៅបានថ្លែងយកចិត្តទុកដាក់លើវិស័យធនាគារនិងហិរញ្ញវត្ថុនិងការជំរុញរំហូរសាច់ប្រាក់ចូលក្នុងទីផ្សារមិនឱ្យប៉ះពាល់អតិផរណាថែមទៀត។ ការរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់បានអតិផរណារក្សាបានកម្លាំងទិញនៃប្រាក់រៀលនេះ គឺជាចំណុចមួយក្នុងចំណោមចំណុចបួន ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងកត់សម្គាល់នូវចំណុចវិជ្ជមានជាគន្លឹះក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មី អាណ្ណត្តិទី៧។

សម្តេចតេជោបានថ្លែងថា៖ «ប្រាក់ចំណូលជាតិរក្សាបានល្អ ពិសេសសាច់ប្រាក់នៅរតនាគារជាតិ សម្រាប់ចំណាយចរន្តមិនមានការថយចុះទេ បើទោះជាការចំណាយកើនឡើង ដោយការដំឡើងបៀវត្សរ៍ ចំណាយលើការជួយប្រជាជនក៏ដោយ»

សម្តេចតេជោបានកោតសរសើរថា៖ «បទពិសោធន៍របស់ខ្ញុំ សាច់ប្រាក់សម្រាប់បើកបៀវត្សរ៍ និងចំណាយចរន្តផ្សេងទៀត វាសំខាន់ណាស់សម្រាប់រដ្ឋាភិបាលប្រទេសមួយ»

ពាក់ព័ន្ធ នឹងវិស័យអចលទ្រព្យ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ការសម្រេចផ្ដល់គោលការណ៍លើកទឹកចិត្តពន្ធដារ ក្នុងវិស័យអចលនទ្រព្យ ដែលបានកាត់បន្ថយបន្ទុកចំពោះការចំណាយរបស់ប្រជាពលរដ្ឋ។ សម្តេចធិបតី បានបញ្ជាក់ការលើកលែងពន្ធចំណេញមូលធនលើអចលនទ្រព្យ ការអនុញ្ញាតការបង់ពន្ធជាកញ្ចប់ តាមគម្រោងដល់ក្រុមហ៊ុនអភិវឌ្ឍន៍សំណង់ និងការលើកលែងពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬ សិទ្ធិកាន់កាប់លំនៅដ្ឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី ដែលមានតម្លៃថ្លៃក្រោម ឬ ស្មើ ប្រាំពីរម៉ឺនដុល្លារអាមេរិក ដែលគោលការណ៍លើកទឹកចិត្តនេះ នឹងសម្រេចបន្តរហូតដល់ដំណាច់ឆ្នាំ២០២៥។

សម្តេចធិបតី ក្នុងប្រសាសន៍ជាងមួយម៉ោងកន្លះ នៅបានលើកឡើងលើការយកចិត្តទុកដាក់លើវិស័យពន្ធដាដើម្បីជួយសម្រួលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋថែមទៀត។ សម្តេចធិបតី នៅបានមានប្រសាសន៍ បន្តជួយសម្រាលបន្ទុកចំណាយរបស់ប្រតិបត្តិករនៅក្នុងវិស័យទេសចរណ៍ និងស្តារវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប។

សម្តេចធិបតី បានបញ្ជាក់ត្រង់ចំណុចនេះថា ដើម្បីបន្តជួយសម្រាលបន្ទុកចំណាយរបស់ប្រតិបត្តិករនៅក្នុងវិស័យទេសចរណ៍ និងស្តារវិស័យទេសចរណ៍នៅខេត្តសៀមរាបឡើងវិញ សម្តេចបានសម្រេចបន្តសុពលភាពនៃការលើកលែងដដែលនេះមួយឆ្នាំបន្ថែមទៀតរហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥។ បន្ថែមលើការងារការលើកលែងពន្ធនេះផងដែរ សម្តេចធិបតីបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏បានផ្តល់ថវិកាចំនួន ៥០លានដុល្លារ តាមរយៈធនាគារ SME សម្រាប់ត្រៀមផ្តល់ឥណទាន ជាពិសេសជូនប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាបផងដែរ។ នៅក្នុងខេត្តសៀមរាបនោះផងទៀត សម្តេចធិបតីបានលើកឡើង នូវការបន្ធូរបន្ថយលក្ខខណ្ឌនៃការថតរូប និងសម្រួលនីតិវិធីការចូលទស្សនា នៅតំបន់រមណីយដ្ឋានអង្គរថែមទៀត។

ប្រសាសន៍ថ្លែងរយៈពេលជាងមួយម៉ោងកន្លះ នៅចំថ្ងៃគំរប់ខួបមួយឆ្នាំនៃការកាច់ចង្កូតដឹកនាំ នាវានៃប្រទេសកម្ពុជា នៅបានផ្តោតលើបញ្ហាជាច្រើនថែមទៀតរួមមាន បញ្ហាយកចិត្តទុកដាក់លើវិស័យកសិកម្ម ដែលមានការបង្កើនមន្ត្រីបច្ចេកទេសនៅតាមបណ្តាខេត្តនានា ដើម្បីជួយផ្សព្វផ្សាយ និងបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម ជូនដល់ប្រជាកសិករនៅទូទាំងប្រទេស ជាពិសេសនៅខេត្តប៉ែកឦសានទាំង៤ ការបំបាត់ក្តីព្រួយបារម្ភលើបញ្ហាទំនាស់ដីធ្លី ដោយសម្តេចបញ្ជាក់ថាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នាពេលខាងមុខ»។

គួរបញ្ជាក់ថា គិតចាប់ឆ្នាំ២០១៦ ដល់ខែសីហា២០២៤ រដ្ឋទទួលបានបណ្តឹង១,៦០០០ករណី ពាក់ព័ន្ធនឹងបញ្ហាដីធ្លី ក្នុងនោះដោះស្រាយបានចំនួន១,៤០០០ករណី។

សម្តេចបានថ្លែងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននឹងកំពុងខិតខំសម្របសម្រួលដោះស្រាយគម្រោង អភិវឌ្ឍន៍អចលនទ្រព្យ ដែលកំពុងមានបញ្ហា ដោយឈរលើគោលការណ៍សម្របសម្រួល និងច្បាប់ ដើម្បីស្វែងរកច្រកចេញក្នុងគ្រាលំបាក និងស្របសម្តេចបានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធ ដែលមានម្ចាស់បុរី ម្ចាស់បំណុល និងអតិថិជនទាំងអស់ដែលបានយោគយល់ និងផ្ដល់កិច្ចសហប្រតិបត្តិការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីព្យាយាមសម្របសម្រួលដោះស្រាយបញ្ហាដីធ្លីនេះ និងសូមឱ្យគ្រប់ភាគីទាំងអស់ បន្តចូលរួមដើម្បីឈានទៅរកដំណោះស្រាយបញ្ចប់បញ្ហានេះនៅពេលខាងមុខ៕