(ព្រះសីហនុ)៖ លោក ហ៊ុយ ហានសុង រដ្ឋលេខាធិការ ប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀន នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា សហគ្រាស គ្រឹះស្ថានផ្នែកសេវាកម្សាន្តស្អាតស្អំ គ្មានគ្រឿងញៀន នឹងទទួលបានការលើកសរសើរ។

ការថ្លែងបែបនេះរបស់លោក ហ៊ុយ ហានសុង ក្នុងសិក្ខាសាលាស្តីពីលក្ខខណ្ឌ នៃការទទួលបានការលើកសរសើរ សម្រាប់សហគ្រាស គ្រឹះស្ថាន និងក្រុមហ៊ុនផ្នែកសេវាកម្សាន្ត ដែលអនុវត្តតាមប្រកាសលេខ០៨៦ ប្រកាសលេខ១៩៤ និងសេចក្តីណែនាំលេខ០០៨ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ ក្នុងគោលបំណងពង្រឹងសមត្ថភាពជនបង្គោលមិត្តអប់រំមិត្តចូលរួមផ្សព្វផ្សាយបន្តពីបញ្ហាគ្រឿងញៀន អេដស៍ ដល់កម្មករនិយោជិត នៅតាមសហគ្រាស គ្រឹះស្ថានផ្នែកសេវាកម្សាន្ត។

ក្នុងនាមថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី យិន យឿត អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ បានថ្លែងអំណរគុណ និងផ្តល់បទបង្ហាញផ្តល់ការយល់ដឹងពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន បារីអេឡិចត្រូនិក ច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន និងផលប្រយោជន៍ការប្រើប្រាស់ App Nodrug៖https://nodrugsnacd.com/download

ថ្លែងក្នុងនាមលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, លោក ហ៊ុយ ហានសុង បានលើកឡើងថា និយោជក និងនិយោជិកត្រូវតែរួមគ្នាធ្វើឲ្យមានសុខដុមនីយកម្មនៅក្នុងសហគ្រាស គ្រឹះស្ថាន ដោយនិយោជកត្រូវបន្តសហការជាមួយកម្មករនិយោជិត សហជីព ដើម្បីបង្ការទប់ស្កាត់កុំឲ្យមានការប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅតាមសហគ្រាស គ្រឹះស្ថាន បន្តរួមគ្នាផ្សព្វផ្សាយអប់រំឲ្យបានទូលំទូលាយពីបញ្ហាគ្រឿងញៀន អេដស៍។

ប្រសិនបើមានករណីជួញដូរគ្រឿងញៀនខុសច្បាប់ ត្រូវចាត់ទុកជាកំហុសធ្ងន់ និងត្រូវចាត់វិធានការតាមច្បាប់ស្តីពីការងារ និងត្រូវរាយការណ៍ជាបន្ទាន់ ទៅអាជ្ញាធរមានសមត្ថកិច្ច «សហគ្រាស គ្រឹះស្ថានស្អាតស្អំ គឺគ្មានគ្រឿងញៀន»។

លោកបានបន្តថា គណៈកម្មការសម្របសម្រួលត្រីភាគីប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀននៅកន្លែងធ្វើការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងធ្វើការត្រួតពិនិត្យលក្ខខណ្ឌវាយតម្លៃ និងលើកសរសើរដល់អង្គភាពស្អាតស្អំគ្មានបញ្ហាគ្រឿងញៀន ឬបុគ្គលណាដែលមានស្នាដៃក្នុងការអនុវត្តការងារ៕