(ភ្នំពេញ)៖ ក្រោមការយកចិត្តទុកដាក់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លើសុខទុក្ខ និងសុខមាលភាពប្រជាពលរដ្ឋ នាល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០២៤នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ចាត់ចែងក្រុមការងារចុះបាញ់ថ្នាំសម្លាប់មូសជាបន្ទាន់ ដោយប្រើប្រាស់ប្រភេទរថយន្តដឹកម៉ាស៉ីនបាញ់ថ្នាំសម្លាប់មូសខ្នាតធំ ដើម្បីលុបបំបាត់ជម្រកមូសខ្លាឲ្យបានទាន់ពេលវេលា ការពារសុខុមាភាពជូនប្រជាពលរដ្ឋ។

លោក ឃួង ស្រេង បានណែនាំឲ្យប្រធានមន្ទីរសុខាភិបាល ចាត់ចែងក្រុមការងារ បាញ់ថ្នាំសម្លាប់មូសខ្លានៅតំបន់ និងទីតាំងសំខាន់ៗ ជាច្រើនកន្លែងបន្ថែមទៀត ពិសេសនៅភាគខាងជើងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមានដូចជា នៅតំបន់អគ្គីសនីកម្ពុជាបឹងកក់ ស្ថិតក្នុងខណ្ឌទួលគោក ប្រឡាយអូបាក់ទូក ប្រឡាយអូវែង ប្រឡាយ១៩២៨ ដល់ទំនប់កប់ស្រូវ តំបន់សាកលវិទ្យាល័យអេស៉ីលីដា តំបន់ឡានទឹកនៃស្នងការនគរបាលរាជធានី ក្នុងខណ្ឌឬស្សីកែវ ប្រឡាយទួលសំពៅ និងប្រឡាយអូអាកុជ ស្ថិតនៅខណ្ឌសែនសុខជាដើម។

លោក ងី មានហេង បានបញ្ជាក់ថា យុទ្ធនាការបាញ់ថ្នាំសម្លាប់មូសខ្លា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានចាប់ផ្ដើមដំណើរការ កាលពីថ្ងៃទី១៧ ខែសីហា ដោយគ្រោងនឹងបញ្ចប់នៅទូទាំង១០៥សង្កាត់ នាថ្ងៃទី២៦ ឬថ្ងៃទី២៧ ខែសីហាខាងមុខនេះ។

លោកបញ្ជាក់ទៀតថា មកដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ យុទ្ធនាការបាញ់ថ្នាំសម្លាប់មូសខ្លានេះ បានបាញ់រួចរាល់នៅខណ្ឌចំនួន៨ហើយ ដោយក្រុមការងារនឹងបន្តបាញ់ចំនួន៦ខណ្ឌទៀត ឲ្យបានចប់រួចរាល់តាមផែនការដែលបានគ្រោងទុក។

សូមបញ្ជាក់ថា តាមរយៈយុទ្ធនាការបាញ់ថ្នាំមូសសម្លាប់មូសខ្លានៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រយៈពេលប៉ុន្មានថ្ងៃមកនេះ ទទួលបាននូវការគាំទ្រ និងអបអរសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ នេះពិតជាបានបង្ហាញឲ្យឃើញពីការគិតគូរពីសុខទុក្ខ និងសុខមាលភាពប្រជាពលរដ្ឋ របស់រាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការទប់ស្កាត់ការឆ្លងជំងឺគ្រុនឈាម៕