(កណ្តាល)៖ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ដឹកនាំដោយលោក ម៉ម ប៊ុននាង ប្រធានក្រុម នៅថ្ងៃទី២២​ និងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល នៅស្រុកលើកដែក ស្រុកអង្គស្នួល ស្រុកមុខកំពូល និងស្រុកពញាឮ សរុបចំនួន៣៧៧នាក់ និងដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់ថ្នាក់ដឹកនាំខេត្ត ក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំរដ្ឋបាលស្រុកទាំង៤ នៃខេត្តកណ្តាល។

មានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធី លោក ម៉ម ប៊ុននាង បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខ និងសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅពីសំណាក់ សម្តេចតីតេ​ជោ​ ហ៊ុន សែន ប្រធានព្រឹទ្ធសភាក្រកម្ពុជា ជូនចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងភូមិភាគទី៣ ជាពិសេសក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋទាំងអស់។

ក្នុងនាមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ លោក ម៉ម ប៊ុននាង បានថ្លែងអំណរគុណ ដល់​ក្រុមប្រឹក្សាឃុំទាំងអស់ ដែលបានចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នាពេលកន្លងមក ហើយពេលនេះ តំណាងដែលក្រុមប្រឹក្សាឃុំបានអញ្ជើញទៅបោះឆ្នោតគាំទ្រ បានមកជួបជាមួយម្ចាស់ឆ្នោត ដើម្បីថ្លែងអំណរគុណ ព្រមទាំងមកស្តាប់មតិយោបល់ សំណូមពរ និងបញ្ហាប្រឈមនានារបស់ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋ ហើយរិះរកមធ្យោបាយដោះស្រាយសំដៅជួយដល់ក្រុមប្រឹក្សាឃុំ សង្កាត់ទូទាំងភូមិភាគទី៣ អាចបំពេញតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ខ្លួនឱ្យបានកាន់តែល្អប្រសើរ ប្រជាពលរដ្ឋរស់នៅប្រកបដោយក្តីសុខ និងមានជីវភាពកាន់តែធូរធារ។

ក្នុងឱកាសនោះដែរ លោក ម៉ម ប៊ុននាង បានជម្រាបជូនក្រុមប្រឹក្សាឃុំ និងអង្គពិធីមូលអំពីតួនា​ទីភារកិច្ច និងមុខងារសំខាន់ៗរបស់ព្រឹទ្ធសភា និងសភាពការណ៍ថ្មីៗដែលបាននិងកំពុងកើតឡើងនាពេលបច្ចុប្បន្នថាៈ មកទល់នឹងពេលនេះ ព្រឹទ្ធសភាកម្ពុជា បានដំណើរការមកដល់នីតិកាលទី៥ ដែលបានបើកសម័យប្រជុំដំបូងនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិ​បតី​ភាពព្រះមហាក្សត្រកម្ពុជា និងបានបោះឆ្នោតជ្រើសរើស សម្តេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា, លោក ប្រាក់ សុខុន ជាអនុប្រធានទី១ព្រឹទ្ធសភា និងលោក អ៊ុច បូររិទ្ធ ជាអនុប្រធានទី២ព្រឹទ្ធសភា ព្រមទាំងបានបង្កើតគណៈកម្មាធិការអចិន្ត្រៃយ៍, គណៈកម្មការនានា, ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទាំង៨, ក្រុមសមាជិកាព្រឹទ្ធសភា, ក្រុមមិត្តភាពទ្វេភាគី និងពហុភា​គី។

ពាក់ព័ន្ធនឹងសភាពការថ្មីៗ លោក ម៉ម ប៊ុននាង បានគូសបញ្ជាក់ថា ថ្មីៗនេះមានក្រុមប្រឆាំងមួយចំនួនតូចនៅក្នុងប្រទេស ដែលមានការញុះញង់គាំទ្រពីក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស បាននិងកំពុងប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គម បំផុសឱ្យមានការបះបោរប្រឆាំងរាជរដ្ឋាភិបាល ក្រោមការប្រឌិតលេស​ចោទប្រកាន់ពាក់ព័ន្ធបញ្ហាបូរណភាពទឹកដីរបស់កម្ពុជា នៅតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម និងការកសាងព្រែកជីកហ្វូណនតេជោ ដែលគម្រោងទាំងពីនេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច សង្គមវប្បធម៌ កិច្ចការបរទេស ការការពារ និងសន្តិសុខសាធារណៈរបស់ប្រទេសជាតិយើង។​ក្រុមជនអគតិទាំងនោះ បានព្យាយាមបំបែកបំបាក់សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង បង្កភាពវឹកវរក្នុងសង្គម និងបន្សាបប្រសិទ្ធភាពការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដើម្បីបំពេញមហិច្ឆតារបស់ខ្លួន ដោយមិនគិតពីផលវិបាកធ្ងន់ធ្ងរចំពោះជាតិ និងប្រជាជន។

ក្រុមសាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានអំពាវនាវដល់អាជ្ញាធរដែនដី និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ សូមជួយផ្សព្វផ្សាយដល់ប្រជាជននៅមូលដ្ឋានរបស់ខ្លួន កុំឱ្យចាញ់ល្បិចកលញុះញង់របស់ក្រុមជនអគតិជ្រុលនិយម។ ឯកឧត្តម គាំទ្រដល់រាជរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច ក្នុងការប្រើវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីបង្ការ និងទប់ស្កាត់ឱ្យបានជាដាច់ខាតរាល់ចេតនាប៉ុនប៉ងបង្កអសន្តិសុខ និងអស្ថិរភាព​​ជាតិ ដើម្បីធានាដល់សុខសន្តិភាព និរន្តរភាពជាតិ និងការអភិវឌ្ឍប្រកបដោយ​ចីរភាព។ ក្នុងឱកាសនោះផងដែរ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានធ្វើបទឧទ្ទេសនាមដើម្បីចែករំលែកបទពិសោធន៍ និងវិធីសាស្ត្រក្នុងការកៀរគរការចូលរួមអភិវឌ្ឍមូលដ្ឋាន និងការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

ក្នុងនោះ លោក ម៉ម ប៊ុននាង បានឧទ្ទេសនាមអំពីការគ្រប់គ្រង និងការប្រើប្រាស់មូលនិធិឃុំ សង្កាត់ និងបច្ចេកទេសនៃការរៀបចំគម្រោងថវិកា សំដៅធ្វើឱ្យការប្រើប្រាស់ថវិកាចំគោលដៅ និងឆ្លើយតបនិងតម្រូវការរបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព។

លោក ប្រាក់ ចំរើន បានឧទេ្ទសនាមអំពីគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។ លោក បានគូសបញ្ជាក់ថា ទោះបីប្រទេសជាតិយើងមានសន្តិភាព ស្ថិរភាពយ៉ាងរឹងមាំ ប៉ុន្តែសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ និងការផ្តល់សេវាចាំបាច់នានា នៅតែជាបញ្ហាអាទិភាពដែលត្រូវយកចិត្តទុកដាក់ជាប្រចាំ ដើម្បីធានាឱ្យជនគ្រប់រូប និងសង្គមទាំងមូល មានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា។

​លោកស្រី ចាន់ សុទ្ធាវី លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានឧទ្ទេសនាមអំពី ការងារអត្រានុកូលដ្ឋាន ដោយបានឆ្លុះបញ្ចាំងអំពីក្របខណ្ឌច្បាប់ និងយន្តការនៃការអនុវត្តប្រកបដោយប្រសិទ្ធភាព ។

លោកស្រី សួស សារ៉ាម សមាជិកាក្រុមសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ឧទ្ទេសនាមអំពីតួនាទីភារកិច្ច និងសមត្ថកិច្ចរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ព្រមទាំងសមិទ្ធផលការងាររបស់ ក្រុមសមាជិកាព្រឹទ្ធសភា ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សមត្ថភាពសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់។

បន្ថែមពីលើនោះ លោក ម៉ម ប៊ុននាង ក្នុងនាមជាប្រធានក្រុម បានលើកទឹកចិត្តដល់រដ្ឋបាលស្រុក និងក្រុមប្រឹក្សាឃុំទាំងអស់ ឱ្យបន្តខិតខំ ប្រាស្រ័យទាក់ទងដោយផ្ទាល់ ជាមួយប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ និងគ្រប់មជ្ឈដ្ឋាន និងចូលរួមដោះស្រាយរាល់សំណើ សំណូមពរ និងទុក្ខកង្វល់នានារបស់ប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕