(ភ្នំពេញ)៖ ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការបន្តសេវាផ្ដល់លិខិតឆ្លងដែនជូនពលរដ្ឋនិងពលករខ្មែរ ដែលកំពុងស្នាក់នៅនិងធ្វើការនៅសាធារណរដ្ឋកូរ៉េ ចំនួន៦០ថ្ងៃទៀត គិតចាប់ពីថ្ងៃទី៤ ខែកញ្ញា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ (ចាប់ពីថ្ងៃទីពុធ ដល់ថ្ងៃអាទិត្យ ជារៀងរាល់សប្ដាហ៍)។

ការអនុវត្តនូវការបន្តសេវាផ្ដល់លិខិតឆ្លងដែនជូនពលរដ្ឋខ្មែរនៅសាធារណរដ្ឋកូរ៉េនេះ គឺស្របតាមគោការណ៍សម្រេចពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈការថ្លែងសារពិសេសនាថ្ងៃទី២២ ខែសីហា ម្សិលមិញ។

គួរជម្រាបថា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េបានចេញសេចក្តីជូនដំណឹងថា ការផ្តល់សេវាលិខិតឆ្លងដែនធម្មតាជូនប្រជាពលរដ្ឋ និងពលករកម្ពុជានៅសាធារណរដ្ឋកូរ៉េ នឹងត្រូវបិទបញ្ចប់ចាប់ពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ តទៅ។ អ្នកដែលមានបំណងស្នើសុំបន្ទាប់ពីការបិទបញ្ចប់នេះ សាមីខ្លួនត្រូវទៅស្នើសុំដោយផ្ទាល់នៅប្រទេសកម្ពុជា។

ប៉ុន្តែដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ និងពលករខ្មែរដែលកំពុងស្នាក់នៅ និងបម្រើការនៅសាធារណរដ្ឋកូរ៉េនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានប្រកាសអនុញ្ញាតឱ្យបន្តការស្នើសុំសេវាលិខិតឆ្លងដែនធម្មតានៅសាធារណរដ្ឋកូរ៉េ វគ្គ៣ ចំនួន៦០ថ្ងៃទៀត ដែលនឹងបន្តរហូតដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤។ នេះបើតាមលោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ថ្លែងក្នុងវីដេអូមួយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ។

ចំពោះសាវតាកិច្ចការងារនេះ ដើមឡើយ ពោលគឺកាលពីដើមខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធរៀបចំទីតាំងធ្វើលិខិតឆ្លងដែនកម្ពុជានៅក្រៅប្រទេស ដែលចាប់ផ្ដើមពីសាធារណរដ្ឋកូរ៉េមុនគេ ព្រមទាំងបង្កើតកុងស៊ុលបន្ថែមនៅភាគខាងត្បូងប្រទេសថៃ ដើម្បីសម្រួលដល់ពលករ ឬប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេសក្នុងការទទួលសេវាផ្សេង។ ក្រោយមានការណែនាំនេះ ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានចាប់ផ្តើមបើកដំណើរការនូវសេវាដាក់ពាក្យស្នើសុំធ្វើលិខិតឆ្លងដែនធម្មតាច្បាប់ថ្មីជូនប្រជាពលរដ្ឋខ្មែរដែលរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ ដោយចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។ ការផ្តល់សេវានេះ មិនមែនជាការធ្វើអចិន្ត្រៃយ៍នោះឡើយ ដំបូងឡើយ គ្រោងធ្វើត្រឹមរយៈពេល៤ខែប៉ុណ្ណោះ ដោយចាប់ផ្តើមពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។ ប៉ុន្តែក្រោយពេលការផ្តល់សេវា៤ខែរួចទៅ នៅមានប្រជាពលរដ្ឋខ្មែរជាច្រើនទៀតមិនទាន់បានធ្វើនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងជំនួបសំណេះសំណាលជាពលរដ្ឋខ្មែរនៅកូរ៉េ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ក៏បានសម្រេចពន្យារពេលផ្តល់សេវានេះរយៈពេល៣ខែបន្ថែមទៀត។ ក្រោយការណែនាំស្ថានទូត ក៏បានពន្យារពេលផ្តល់សេវា៣ខែទៀត ដោយចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤៕