(ព្រះសីហនុ)៖ ស្ដ្រីវ័យ៥៣ឆ្នាំម្នាក់ ត្រូវបានជនសង្ស័យម្នាក់ ចាប់រំលោភ ហើយមិនអស់ចិត្ត ថែមទាំងប្លន់យកទ្រព្យសម្បត្តិទៀត នៅយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦នេះ ស្ថិតនៅចំណុចខាងត្បូងជើងភ្នំ (វត្តភ្នំពេជ្រ) ភូមិអូរចំណារ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា មុនពេលកើតហេតុ ស្ដ្រីជនរងគ្រោះ ឃើញជនសង្ស័យឈ្មោះ ម៉ៅ រដ្ឋា អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ បានធ្វើសកម្មភាព លួចចាប់មាន់របស់ខ្លួន។ ពេលនោះជនរងគ្រោះក៏ចេញមកមើល ហើយត្រូវបានជនសង្ស័យចាប់ចង និងវាយធ្វើបាប រួចរំលោភបានសំរេច ហើយបានប្លន់យក កាបូបស្ពាយ១ ក្នុងនោះមាន ទូរស័ព្ទដៃ១គ្រឿង លុយប្រហែល៣លានរៀល និងខ្សែរកមាស១ខ្សែ ទម្ងន់២ជី។
ក្រោយពេលកើតហេតុ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ស្នងការ បានចុះទៅដល់កន្លែងកើតហេតុ ហើយបានធ្វើការស្រាវជ្រាវរកឃើញជនសង្ស័យ និងធ្វើការឃាត់ខ្លួនភា្លមៗ នៅយប់កើតហេតុនោះ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនគរបាលស្រុក កសាងសំណុំរឿង ដើម្បីចាត់ការបន្ដ៕