(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសអនុញ្ញាតឲ្យបន្តការស្នើសុំសេវាលិខិតឆ្លងដែនធម្មតា នៅសាធារណរដ្ឋកូរ៉េ វគ្គ៣ ចំនួន ៦០ថ្ងៃទៀត ដែលនឹងបន្តរហូតដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤។ នេះបើតាមលោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ថ្លែងក្នុងវិដេអូមួយ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤។

ការអនុញ្ញាតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងបន្ទាប់ពីការស្នើសុំសេវាលិខិតឆ្លងដែនធម្មតា នៅសាធារណរដ្ឋកូរ៉េ វគ្គ២ នឹងត្រូវបិទបញ្ចប់ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។

បើតាមលោកស្រី ជ្រឹង បុទុមរង្សី, ស្ថានទូតកម្ពុជានៅសាធារណរដ្ឋកូរ៉េ នឹងបន្តទទួលពាក្យស្នើសុំសេវាលិខិតឆ្លងដែន វគ្គ៣ ជូនដល់ប្រជាពលរដ្ឋ នៅសាធារណរដ្ឋកូរ៉េ បន្ទាប់ពីមានគោលការណ៍ឯកភាព របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលនឹងចាប់ផ្តើមនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤។

សូមជម្រាបថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹងថា ការផ្តល់សេវាលិខិតឆ្លងដែន ធម្មតាជូនប្រជាពលរដ្ឋ និងពលករកម្ពុជា នៅសាធារណរដ្ឋកូរ៉េ នឹងត្រូវបិទបញ្ចប់ចាប់ពី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ តទៅ។ អ្នកដែលមានបំណងស្នើសុំ បន្ទាប់ពីការបិទបញ្ចប់នេះ សាមីខ្លួនត្រូវទៅស្នើសុំ ដោយផ្ទាល់នៅកម្ពុជា។

ក្រោយការជូនដំណឹងនេះ ស្រាប់តែមានការវិភាគថា ការជូនដំណឹងខាងលើ​ដោយសារតែរាជរដ្ឋាភិបាល ខឹងសម្បារនឹងអ្នកធ្វើការ និងរស់នៅសាធារណរដ្ឋកូរ៉េ ធ្វើចលនាប្រឆាំងនឹងរាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម។

គួរបញ្ជាក់ដែរថា សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ បានណែនាំឱ្យមន្ត្រីទៅធ្វើលិខិតឆ្លងដែន ជូន​ពលរដ្ឋ​ដល់ស្ថានទូតខ្មែរនៅសាធារណរដ្ឋកូរ៉េ ដោយផ្ទាល់តែម្តង។ ការធ្វើបែបនេះ ដើម្បីសម្រួលប្រជាពលរដ្ឋ និស្សិត និងពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូង កុំឱ្យលំបាកមកកម្ពុជា ធ្វើលិខិតឆ្លងដែនថ្មី ឬពន្យារសុពលភាពលិខិតឆ្លងដែននាំឱ្យអស់លុយ និងខាតពេលវេលា។

ការផ្តល់សេវានេះ មិនមែនជាការធ្វើអចិន្ត្រៃយ៍នោះឡើយ។ ដំបូងឡើយគ្រោងធ្វើត្រឹមរយៈពេល ៤ខែប៉ុណ្ណោះ ដោយចាប់ផ្តើមពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។ ប៉ុន្តែក្រោយពេលការផ្តល់សេវា​ ៤ខែរួចទៅ នៅមានប្រជាពលរដ្ឋខ្មែរជាច្រើនទៀតមិនទាន់បានធ្វើនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងជំនួបសំណេះសំណាលជាពលរដ្ឋខ្មែរនៅកូរ៉េ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ក៏បានសម្រេចពន្យារពេលផ្តល់សេវានេះរយៈពេល ៣ខែបន្ថែមទៀត។

ក្រោយការណែនាំនោះ ស្ថានទូតក៏បានពន្យារពេលផ្តល់សេវា ៣ខែទៀត ដោយចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤៕