(បាត់ដំបង)៖ លោក ផេង សិទ្ធី អភិបាលរងខេត្ត និងជាសមាជិកគណៈកម្មាធិការសាខាសាខា តំណាងលោក សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្តបាត់ដំបង និងជាអភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ បានដឹកនាំប្រារព្វពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់អគារអនុសាខាកាកបាទក្រហមកម្ពុជាស្រុករុក្ខគីរី ខេត្តបាត់ដំបង ដោយមានការចូលរួមពីលោក លោកស្រី គណៈគណៈកម្មាធិការសាខា គណៈកម្មាធិការសាខា អនុសាខា មន្ត្រីរាជការជាច្រើនរូប ។
យោងតាមរបាយការណ៍លោកស្រី ប៊ិន ប៊ូឡែន អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាស្រុករុក្ខគីរី បានឲ្យដឹងថា អគារទីស្នាក់ការ អនុសាខាដែលបានបញ្ចុះបឋមសិលានាពេលនេះ មានទំហំអគារ ៨ម៉ែត្រ×១២ម៉ែត្រ ប្រក់ក្បឿង មានបន្ទប់ការិយាល័យចំនួន១ សាលប្រជុំ១ និងឃ្លាំងដាក់សម្ភារចំនួន១ និងមានបន្ទប់ទឹកផង ដែលគ្រោងចំណាយថវិកាអស់ប្រមាណ ៣ម៉ឺនដុល្លារ ដែលជាអំណោយរបស់ លោក លោកស្រី ប្រធានអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកនិង សប្បុរសជនគ្រប់ទិសទី ដែលជាទឹកចិត្តមនុស្សធម៌មិនអាចកាត់ថ្លៃបាន។
ថ្លែងក្នុងឱកាសនោះលោក ផេង សិទ្ធី បានបញ្ជក់ថា សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានដើរតួនាទីយ៉ាងសំខាន់ជាជំនួយការឲ្យអាជ្ញាធរ សាធារណៈក្នុងការងារមនុស្សធម៍ ដោយផ្តល់ការជួយសង្គ្រោះបន្ទាន់ ដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះដូចជាៈ អ្នករងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ ,អគ្គិភ័យ ,អ្នកកំពុងរស់នៅជាមួយមេរោគអេដស៍ ,អ្នកផ្ទុកមេរោគអេដស៍ ,កុមារកំព្រា,ចាស់ជរាគ្មានទីពឹងបានទាន់ពេលវេលា ។
ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌឹត ប៊ុន រ៉ានី ហ៊ុន សែន កាកបាទក្រហមកម្ពុជា បាននិងកំពុងអនុវត្តការងាររបស់ខ្លួននៅទូទាំងប្រទេសនិយាយជារួម និងនិយាយដោយឡែកនៅខេត្តបាត់ដំបង និងអនុសាខាក្រុងស្រុកទាំង១៤ បានយ៉ាងសកម្មផុលផុសដោយប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ ប្រការរបស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ។
លោក ប្រធានគណៈកម្មាធិការសាខា ក៏បានឱ្យដឹងថា អគារទីសា្នក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុករុក្ខគីរី ដែលបានរៀបចំពិធីបញ្ចុះបឋមសិលានាពេលនេះគឺជាសមិទ្ធិផលទី៤ បន្ទាប់ពីអគារអនុសាខាស្រុកកំរៀង ស្រុកបាណន់ ស្រុកបវេល និងស្រុកឯកភ្នំដែលបានសាងសងរួច សម្រាប់អាណត្តិទី៥ នៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង។
លោកបានគូសបញ្ជាក់បន្ថែមថា សាខាខេត្ត មានអគាអនុសាខាចំនួន ១៣រួចមកហើយ សម្រាប់សាខា ក៏ដូចអនុសាខាស្រុក គឺដើម្បីប្រតិបត្តិការមនុស្សធម៌ជួយសង្គ្រោះ និងជួយសម្រាលទុក្ខលំបាករបស់ពលរដ្ឋរងគ្រោះ ម្យ៉ាងវិញទៀតដើម្បីចូលរួមអនុវត្តន៍យុទ្ធសាស្រ្តឆ្នាំ២០២១-២០៣០ សាខាខេត្តបាត់ដំបង បានចូលរួមបន្តអនុវត្តរាល់សកម្មភាពការងារវិស័យស្នូលទាំង៤ របស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឲ្យបានកាន់តែល្អប្រសើរ និងសកម្មផុសផុលហើយប្រមូលផ្តុំកម្លាំងមនុស្សធម៌ ដើម្បីចូលរួមលើកកម្ពស់ជីវភាពរបស់ជនងាយរងគ្រោះបំផុត និងជនរងគ្រោះតាមរយៈវិស័យអាទិភាពចំនួន៤។
វិស័យអាទិភាពចំនួន៤រួមមាន៖ ការគ្រប់គ្រងគ្រោះមហន្តរាយនិងការប្រែប្រួលអាកាសធាតុ, សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍, ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌, ការអភិវឌ្ឍស្ថាប័ន ម៉្យាងទៀត ត្រូវបន្តជួយដល់ជនរងគ្រោះដោយប្រការផ្សេងៗ ជនងាយរងគ្រោះនៅតាមមូលដ្ឋានដូចជា អ្នកផ្ទុកមេរោគអេដស៍ ចាស់ជរាគ្មានទីពឹង កុមារកំព្រា ធ្វើផ្ទះជូនជនទីទ័លក្រជាដើម ។
លោក ផេង សិទ្ធី បានបន្ថែមថា ប្រទេសជាតិយើងមានសុខសន្តិភាព និងកំពុងឈានឆ្ពោះទៅរកភាពរីកចម្រើនលើគ្រប់វិស័យតាមចក្ខុវិស័យ ឆ្នាំ២០៣០ និងឆ្នាំ២០៥០ នៃរាជរដ្ឋាភិបាលកម្ពុជា។ តែយ៉ាងណា យើងក៏នៅមានប្រជាជនមួយចំនួននៅតែប្រឈមនឹងភាពងាយរងគ្រោះ និងរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ ដែលចាំបាច់ត្រូវការជួយសង្រ្គោះភ្លាមៗឲ្យទាន់ពេលវេលា។ ហេតុនេះហើយទើបកាកបាទក្រហមកម្ពុជា បានបង្កើតឲ្យមានរចនាសម័្ពន្ធតាំងពីថ្នាក់ខេត្ត រហូតដល់ ក្រុងស្រុក ឃុំសង្កាត់ និងអ្នកស្ម័គ្រចិត្តគ្រប់ភូមិ ដើម្បីត្រៀមប្រមូលព័ត៌មានអំពីបញ្ហារបស់ប្រជាពលរដ្ឋ ដែលរងគ្រោះ និងងាយរងគ្រោះ សម្រាប់ជួយពួកគាត់ឲ្យបានទាន់ពេលវេលា និងគ្រប់ទីកន្លែង៕