(ប៉ៃលិន)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦នេះ បានអញ្ជើញមកសំណេះសំណាល ជាមួយកងកម្លាំងយោធាជួរមុខ នៃភូមិភាគទី៥ នៅបញ្ជាការដ្ឋានការពារព្រំដែនគោកលេខ៥០៤ ខេត្តប៉ៃលិន និងបានពាំនាំយកគ្រឿង អាហារបរិភោគ សម្ភារ និងថវិកាចែកជូនដល់កងកម្លាំងជួរមុខ ។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានពាំនាំការសួរសុខទុក្ខជំនួសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងសម្តេចកតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែងតែគិតគូរបញ្ហា សុខទុក្ខ ជារៀងរាល់ឆ្នាំ ជាពិសេសនារដូវបុណ្យទានតែម្តង។
លោកក៏បានសំគាល់ធ្ងន់ថា ក្នុងនោះដែរកងកម្លាំងត្រូវការពាររដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ រាជរដ្ឋាភិបាល និងទប់ស្កាត់បដិវត្តពណ៌ ជាពិសេសជួយពង្រឹកការពារសណ្តាប់ធ្នាប់ សន្តិសុខជូនពលរដ្ឋនា ពេលបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។
លោកឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានសម្តែងរវកិច្ចស្វាគមន៍ និងថ្លែងអំណរអគុណ ចំពោះរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ និង លោក ម៉ក ពេជ្ជរិទ្ធ អគ្គនាយកកាំកុងត្រូល ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ដឹកនាំប្រតិភូ អញ្ជើញចុះ បំពេញបេសកកម្មសួរសុខទុក្ខ សំណេះសំណាល ពាំនាំយកគ្រឿងអាហារបរិភោគ សម្ភារ និងថវិកា។
អំណោយដែលត្រូវបានចែកជូនរួមមាន៖
- យោធាភូមិភាគទី៥ ទទួលបានអំណោយរួមមាន ៖ កុំព្យូទ័រ Desktop ចំនួន២គ្រឿង, ម៉ាស៉ីនព្រីន Epson Inkjet Printer L360 ចំនួន២គ្រឿង។ - ទីតាំងបាញ់គ្រាប់ពិត ទទួលបាន ស័ង្កសី ចំនួន១៧០០សន្លឹក ផ្ទាំងសូឡា 140w ចំនួន៣គ្រឿង ផ្ទាំងសូឡា 100w ចំនួន២គ្រឿង ផ្ទាំងសូឡា 80w ចំនួន៥គ្រឿង ។
- សំរាប់អង្គភាពចំណុះ យោធាភូមិភាគទី៥ ទាំង៣២អង្គភាព (លើកលែងកងការពារព្រំដែន គោកលេខ៥០៣) ទទួលបាន អង្ករ ចំនួន១៧តោន ទឹកស៊ីអ៊ីវ ចំនួន ៦៦កេសធំ ទឹកត្រី ១៣២កេសធំ ត្រីខ៨កេសធំ មីយើងចំនួន ៥៥កេសធំ នំស្រួយលីលី ចំនួន ២០កេសធំ ភេជ្ជៈគ្រប់មុខចំនួន ៣៣០កេស ទឹកសុទ្ធចំនួន ២៥០យួរ កាហ្វេចំនួន ២៤កញ្ចប់ធំ និងថវិកា ឧត្ថម្ភ ៣២អង្គភាព ចំនួន២លានរៀលក្នុង១អង្គភាព ថវិកា នងជូនកងទ័ពក្នុងកម្មវិធីបដិសណ្ឋារកិច្ច ចំនួន៦៥០នាក់ ម្នាក់ៗ ទទួល ២ម៉ឺនរៀល។
- យោធាភូមិភាគទី៥ តំបន់ប្រតិបត្តិការសឹករងខេត្តប៉ៃលិន ទទួលបាន ស៊ីម៉ងត៌ ចំនួន២០តោន ស័ង្កសី ចំនួន ៣០០សន្លឹក ។ កងការពារព្រំដែនលេខ ៥០៤ ទីបញ្ជាការទិសទី៣ប៉ៃលិន សំឡូត អធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ទទួលបាន កៅអីជ័រ ចំនួន១០០កៅអី ទ្វារ ៣ទ្វារ បង្អួច ៣បង្អួច ថវិកាជួសជុលរថយន្តអគ្គីភ័យ ២លានរៀល ។
ដោយឡែក លោក ម៉ក ពេជ្ជរិទ្ធ អគ្គនាយកកាំកុងត្រូល បានឧត្ថម្ភដល់កងការពារព្រំដែន គោកលេខ ៥០៣ នៃយោធាភូមិភាគទី៥ ទទួលបានសាងសង់ក្លោងទ្វារ និងប៉ុស្តិ៍យាមទីបញ្ជាការ សាងសង់ផ្ទះស្នាក់នៅក្រុមយាមប៉ុស្តិ៍ទីបញ្ជាការ ផ្ទាំងសូឡា 100w ១ កុំព្យូទ័រ Desktop ១គ្រឿង Epson Inkjet Printer L360 ១គ្រឿង អង្ករចំនួន ៥តោន មីចំនួន ២០កេសធំ ត្រីខចំនួន ២០០យួរ ទឹកត្រីចំនួន ២០០យួរ ទឹកស៊ីអ៊ីវចំនួន ២០០យួរ ថវិកាចំនួន ៤លានរៀល៕