(ភ្នំពេញ)៖ ដោយបានការអនុញ្ញាតពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ លោកស្រី និន សាផុន តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា និងជាប្រធានគណៈកម្មការ សាធារណការ ដឹកជញ្ជូន អាកាសចរណ៍ ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា បានអញ្ជើញជាវាគ្មិនកិត្តិយស ចែករំលែកបទ ពិសោធន៍ស្តីពី «តួនាទី និងភារកិច្ច របស់រដ្ឋសភា» ជូនដល់សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ និងនិស្សិត សរុបចំនួន ៣,២០៦នាក់។
កម្មវិធីនេះរៀបចំឡើងដោយ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៅទីតាំងទី២ (ស្ពានអាកាសចោមចៅ) ដែលមាន អ្នកចូលរួមផ្ទាល់ជាង ២,០០០នាក់ និងចូលរួមតាមប្រព័ន្ធនិម្មិត (Zoom) នៅទីតាំងទី១ (ទួលស្លែង) ជាង ១,០០០នាក់។ កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈកម្មការទី៩ នៃរដ្ឋសភា និងថ្នាក់ដឹកនាំ ប៊ែលធី គ្រុប ផងដែរ។
លោក លី ណាវុឌ្ឍ សាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរាយការណ៍ជូនអង្គពិធីជ្រាបថា បច្ចុប្បន្នសាកលវិទ្យាល័យមាន ២ទីតាំងនៅក្នុងរាជធានីភ្នំពេញ បាននិងកំពុងបណ្តុះបណ្តាលលើកម្មវិធីសិក្សា ៥កម្រិតធំៗ ១-ថ្នាក់បំប៉នភាសាអង់គ្លេសនិងកុំព្យូរទ័រ ២-ថ្នាក់បរិញ្ញាបត្ររង ៣-ថ្នាក់បរិញ្ញាបត្រ ៤-ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង៥-ថ្នាក់បណ្ឌិត ដោយសិក្សាតាមកម្មវិធីសិក្សាជាភាសាជាតិ (National Program) បង្រៀនជាពីរភាសា៖ ខ្មែរ រួមជាមួយ អង់គ្លេស និងកម្មវិធីសិក្សាអន្តរជាតិ (International Program) បង្រៀនជាភាសាអង់គ្លេស១០០% និងមាន ១៣មហាវិទ្យាល័យ (៤៥ជំនាញ)។
ទន្ទឹមគ្នានេះ សាកលវិទ្យាល័យ ក៏បានបញ្ចូលកម្មវិធីចែករំលែក បទពិសោធន៍ទៅក្នុងកម្មវិធីសិក្សា របស់និស្សិត នៅរៀងរាល់ឆមាស នៅគ្រប់មហាវិទ្យាល័យ ដោយបានអញ្ជើញថ្នាក់ដឹកនាំ និងឥស្សរជនជាតិ-អន្តរជាតិ មកពីគ្រប់ស្ថាប័ន ជា វាគ្មិនកិត្តិយស ចែករំលែកបទពិសោធន៍ ដល់និស្សិតឱ្យមានឱកាសបានសិក្សារៀនសូត្របន្ថែម បង្កើនចំណេះដឹង ជំនាញ សមត្ថភាព ពង្រឹងវិន័យ និងវិជ្ជាជីវៈ ស្របតាមបាវចនារបស់ប៊ែលធីគឺ «គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌»។
ក្នុងឱកាសនោះ លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និង ជាអគ្គនាយក ប៊ែលធី គ្រុប បានមានប្រសាសន៍ គោរពថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ ចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា ដែលបានអនុញ្ញាតជូន លោកស្រី និន សាផុន ផ្តល់កិត្តិយសដ៏ឧត្តុង្គឧត្តមអញ្ជើញជាវាគ្មិន ចែករំលែកបទពិសោធន៍ការងារ ការដឹកនាំ និងចំណេះដឹងល្អៗពាក់ព័ន្ធនឹងតួនាទី និងភារកិច្ចរបស់រដ្ឋសភា ដែលជាស្ថាប័ន កំពូលរបស់ជាតិ ជូនដល់ ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ និងនិស្សិតប៊ែលធី។
លោកបណ្ឌិតក៏បានគោរព ថ្លែងអំណរគុណចំពោះលោក លោកស្រី សមាជិក សមាជិកា គណៈកម្មការទី៩ នៃរដ្ឋសភា ដែលបានចំណាយ ពេលវេលាដ៏មានតម្លៃ និងមមាញឹកផ្តល់កិត្តិយស អញ្ជើញចូលរួមជាគណៈអធិបតី ព្រមទាំងបានផ្តាំផ្ញើអង្គសិក្ខាសាលា ទាំងអស់ ត្រូវត្រងត្រាប់ស្តាប់ដោយយកចិត្តទុកដាក់ និងកត់ត្រានូវបទពិសោធន៍ និងចំណេះដឹងល្អៗ សម្រាប់ទុកប្រើប្រាស់ ជាទុន ដើម្បីអភិវឌ្ឍសមត្ថភាពតទៅអនាគត។
ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនោះ លោកស្រី និន សាផុន ប្រធានគណៈអធិបតី និងជាវាគ្មិនកិត្តិយសបាន អញ្ជើញចែករំលែកបទពិសោធន៍ដ៏មានតម្លៃ ជូនដល់ ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ និង និស្សិត ដោយផ្តោត សំខាន់លើ តួនាទីនិងភារកិច្ចរបស់រដ្ឋសភា រចនាសម្ព័ន្ធដឹកនាំរដ្ឋសភា នីតិវិធីពិនិត្យនិង ការអនុម័តសេចក្តីព្រាងច្បាប់ ឬ សេចក្តីស្នើច្បាប់ តួនាទីស្នូលសំខាន់ៗ ទាំងបីរបស់គណៈកម្មការជំនាញនៃរដ្ឋសភា ជាអាទិ៍ តួនាទីនីតិកម្ម តួនាទីតាមដាន ការអនុវត្តច្បាប់ និងតួនាទីភាពជាតំណាង។
ដោយឡែក ការទូតសភាក៏ជាការងារសំខាន់មួយ របស់រដ្ឋសភានៅក្នុងការ នាំនូវផលប្រយោជន៍រួម ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ បន្ថែមលើតួនាទីស្នូល ទំាងបី តាមរយៈការចូលជាសមាជិកវេទិកា អន្តរសភាសំខាន់ៗ ព្រមទាំងបានបង្កើត ក្រុមមិត្តភាពរដ្ឋសភា ជាមួយរដ្ឋសភា នៃបណ្តាប្រទេសជាមិត្តក្នុងតំបន់ និងពិភពលោក បានចំនួនជាច្រើនប្រទេសថែមទៀត។
លោកស្រីប្រធានក៏បានរម្លឹកជូនអំពីប្រវត្តិរដ្ឋសភា តាមសម័យកាលនីមួយៗ និងព្រឹត្តិការណ៍សំខាន់ៗ ជាពិសេសស្នាដៃជាប្រវត្តិសាស្ត្រ ដែលពលរដ្ឋខ្មែរ បានចងចាំ និងដឹងគុណដល់វីរៈភាពឥស្សរជន ខ្មែរគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ព្រមទាំងឥស្សរជនជាន់ខ្ពស់ ជាច្រើនរូបទៀត ដែលបានតស៊ូនិងលះបង់ខ្ពស់បំផុត ដើម្បីរំដោះប្រទេស ស្វែងរកសុខ សន្តិភាព ហើយបន្តកសាង និង អភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនជឿន លឿនដូចសព្វថ្ងៃនេះ។
ជាទីបញ្ចប់លោកស្រីប្រធាន បានផ្តល់កិត្តិយសអញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំសាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ និងនិស្សិត ដែលបានអញ្ជើញចូលរួមនាពេលនោះ ក្រោមបរិយាសរីករាយ និងស្និទ្ធស្នាលយ៉ាងក្រៃលែង៕