(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤, លោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យការធ្វើអាជីវកម្មជីនិងថ្នាំកសិកម្ម ក្នុងខេត្តស្វាយរៀង និងខេត្តព្រៃវែង។
នាឱកាសនេះ លោកបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃខេត្តទាំងពីរ ដើម្បីបង្កើននិងពង្រឹងកិច្ចសហការកាន់តែជិតស្និទ្ធ និងស្អិតរមួតថែមទៀតលើវិស័យកសិកម្ម ដោយផ្តោតលើការគ្រប់គ្រងអាជីវកម្មជីនិងថ្នាំកសិកម្ម សំដៅការពារផលប្រយោជន៍ប្រជាកសិករ និងគាំទ្រការធ្វើអាជីវកម្មជីនិងថ្នាំកសិកម្មស្របច្បាប់ ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្ម។
ជាការឆ្លើយតប ថ្នាក់ដឹកនាំខេត្តទាំងពីរបានស្វាគមន៍យ៉ាងកក់ក្តៅ និងរីករាយចូលរួមសហការយ៉ាងពេញលេញជាមួយក្រសួងកសិកម្មលើការងារគ្រប់គ្រង និងបង្កើនការទប់ស្កាត់ការនាំចូលនិងចរាចរណ៍ជីនិងថ្នាំកសិកម្មខុសច្បាប់ ដោយណែនាំដល់អង្គភាព និងអាជ្ញាធរពាក់ព័ន្ធក្នុងដែនសមត្ថកិច្ចខេត្ត ឱ្យចូលរួមអនុវត្តការងារនេះឱ្យកាន់តែសកម្មថែមទៀត។
ទន្ទឹមនេះ មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្មរូបនេះ បានណែនាំឱ្យមន្ទីរកសិកម្មនៃខេត្តទាំងពីរបន្តចុះពិនិត្យតាមដេប៉ូជីនិងថ្នាំកសិកម្ម និងណែនាំបងប្អូនអាជីវករឱ្យទៅចុះឈ្មោះចូលរៀនវគ្គអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការគ្រប់គ្រងជីនិងថ្នាំកសិកម្ម ដើម្បីទទួលបានចំណេះដឹងជាមូលដ្ឋានអាចជួយដល់ប្រជាកសិករ ក្នុងការប្រើប្រាស់និងទុកដាក់ជីនិងថ្នាំកសិកម្មឱ្យបានត្រឹមត្រូវ ទទួលបានទិន្នផលល្អ កាត់បន្ថយចំណាយថ្លៃដើម និងចូលរួមការពារបរិស្ថានបានល្អប្រសើរ។
ជាថ្មីម្ដងទៀត លោក គង់ ច័ន្ទវាសនា និងថ្នាក់ដឹកនាំខេត្ត រួមទាំងក្រុមការងារក៏បានចុះពិនិត្យដល់ច្រករបៀង និងដេប៉ូមួយចំនួនក្នុងខេត្តទាំងពីរ ដើម្បីស្វែងយល់ពីស្ថានភាពនៃការធ្វើអាជីវកម្ម និងផ្តល់ការណែនាំបន្ថែមដល់ភាគីពាក់ព័ន្ធអំពីការគ្រប់គ្រងអាជីវកម្មជី និងថ្នាំកសិកម្មស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានផងដែរ៕