(សៀមរាប)៖ លោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ បានជំរុញឲ្យអគ្គិសនីជាតិរបស់អាស៊ានទាំង១០ ខិតខំរួមសហការគ្នាបង្កើតឲ្យបាននូវបណ្ដាញអគ្គិសនីរបស់អាស៊ាន ដើម្បីតភ្ជាប់ពីប្រទេសមួយ ទៅប្រទេសមួយទៀត ក្នុងការជំរុញការផលិត និងការប្រើប្រាស់ថាមពលបៃតង។
ការជំរុញបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក កែវ រតនៈ អញ្ជើញចូលរួមជាអធិបតីភាពក្នុងខួបលើកទី៤០ឆ្នាំ នៃកិច្ចប្រជុំប្រធានអគ្គិសនីជាតិរបស់អាស៊ាន (HAPUA) ដែលអគ្គិសនីជាតិកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះ។ កិច្ចប្រជុំនេះ បានរៀបចំធ្វើឡើងនៅខេត្ដសៀមរាប នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤។
លោក កែវ រតន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមជំរុញឲ្យអគ្គិសនីជាតិ របស់អាស៊ានទាំងអស់ ខិតខំរួមសហការគ្នា ដើម្បីជំរុញបង្កើតឲ្យបាននូវបណ្ដាញអគ្គិសនីរបស់អាស៊ាន ដើម្បីភ្ជាប់ពីប្រទេសមួយ ទៅប្រទេសមួយ ជំរុញការផលិត និងការប្រើប្រាស់ថាមពលបៃតង ដែលជាថាមពលស្អាត និងថាមពលកកើតឡើងវិញឲ្យបានអស់លទ្ធភាព»។
បន្ថែមពីនោះទៀត លោក កែវ រតនៈ ក៏សូមឲ្យអគ្គិសនីជាតិអាស៊ានទាំង១០ប្រទេស ដើរតួនាទីដើម្បីជួយជំរុញយ៉ាងណា ឲ្យការដាក់គោលដៅរបស់អាស៊ាន សម្រេចទៅបានជោគជ័យ។
សូមជម្រាបថា ការរើសយកខេត្ដសៀមរាប ជាម្ចាស់រៀបចំ នៃកិច្ចប្រជុំនេះ ក្នុងគោលបំណងដើម្បីជួយជំរុញវិស័យទេសចរណ៍ នៅក្នុងខេត្ដសៀមរាប៕